សមត្ថកិច្ច​បិទ​ការដ្ឋាន​ជីករណ្តៅ​ដី​ពុំមាន​អាជ្ញាប័ណ្ណ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​

512
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​ក្រុមការងារ​ចម្រុះ​នៃ​ខេត្តសៀមរាប​បាន​ចុះ​ពិនិត្យ​និង​បិទ​ការដ្ឋាន​ជីករណ្តៅ​ដី​ទាំងអស់​នៅក្នុង​ខេត្ត​ដែល​គ្មាន​អាជ្ញាប័ណ្ណ​នៅ​ភូមិ​តា​ចក​(​ក្បែរ​ទំនប់​៧៨)​សង្កាត់​ស្រ​ង៉ែ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។

​ដឹកនាំ​ដោយ​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ក្រោម​បញ្ជា​របស់លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប​និង​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញារង​សំរិទ្ធ​សុខុន​។​មានការ​ចូលរួម​ពី​ប្រធានការិយាល័យ​កិច្ចការ​សង្គមកិច្ច​និង​សេដ្ឋកិច្ច​តំណាង​មន្ទីរ​បរិស្ថាន​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ប៉ូលិស​សេដ្ឋកិច្ច រដ្ឋបាល​ក្រុង​សៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​។​

​សមត្ថកិច្ច​ក្រុមមន្ត្រី​ចម្រុះ​បាន​និយាយថា​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ការ​រដ្ឋា​ន​ជីករណ្តៅ​ដី​ក្រុមការងារ​ជំនាញ​ពិនិត្យឃើញថា​ការដ្ឋាន​ជីករណ្តៅ​ដី​ពុំមាន​អាជ្ញាប័ណ្ណ​មួយកន្លែង​នៅ​ភូមិ​តា​ចក​(​ក្បែរ​ទំនប់​៧៨)​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​ការដ្ឋាន​នេះ​បាន​ជីករណ្ដៅ​ដី​បាន​ចំនួន​៥​រណ្តៅ​ជម្រៅ​ពី​០.៣​ទៅ​៥​ម៉ែត្រ​។​

មាន​គ្រឿងចក្រ​អេ​ស្ការ​ចំនួន​៧​គ្រឿង ឡាន​ដឹក​ដី​កង់​៦ ចំនួន ១២​គ្រឿង កង់ ១០ ចំនួន ០១​គ្រឿង កង់ ១២ ចំនួន ០១​គ្រឿង និង​ពុំបាន​ព័ទ្ធរបង​ជុំវិញ​រណ្តៅ​ដី នៃ​ការដ្ឋាន​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​ប៉ះពាល់​ព្រៃ​លិច​ទឹក​ទៀតផង​។​

​សមត្ថកិច្ច​បាន​បន្តថា ការដ្ឋាន​ខាងលើ​មានការ​ដឹកជញ្ជូន​ដី ដោយ​មិន​គ្រប​តង់​កៅស៊ូ​ឱ្យបាន​ត្រឹមត្រូវ រីឯ​ច្រកចេញចូល​ការដ្ឋាន​ក៏​ពុំ​មានការ​ស្រោច​ទឹកជា​ប្រចាំ​ដែលជា​ហេតុ​បង្កឱ្យមាន​ការរំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីតាំង​ការដ្ឋាន និង​តាម​បណ្ដោយ​ផ្លូវ​ដែល​រថយន្ត​ទាំងនេះ​បាន​ចរាចរណ៍​។

សមត្ថកិច្ច​បាន​បន្តទៀត​ថា​ដោយ​ពិនិត្យឃើញ​ដូច្នេះ​ក្រុមការងារ​បានសម្រេច​បិទ​ការដ្ឋាន​ជីករណ្តៅ​ដី​ខាងលើ និង​បាន​បិទ​លិខិត​បញ្ឈប់​នៅ​នឹង​គ្រឿងចក្រ ក្នុងករណី​ម្ចាស់​ការដ្ឋាន​មិន​អនុវត្តតាម​សេចក្តីសម្រេច​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​សូមបញ្ជាក់ថា​អាជ្ញាធរ​ចម្រុះ​រដ្ឋបាលខេត្ត​នឹង​បន្ត​តាមដាន​និង​អនុវត្ត​កិច្ចការ​នេះ​គ្រប់​ការដ្ឋាន​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​ខេត្តសៀមរាប​៕S/

រូបភាពៈ ក្រុមការងារ​ចម្រុះ​ខេត្ត​ចុះ​ពិនិត្យ និង​បិទ​ការដ្ឋាន​ជីករណ្តៅ​ដី ពុំមាន​អាជ្ញាប័ណ្ណ​មួយកន្លែង
​នៅ​ភូមិ​តា​ចក ក្រុង​សៀមរាប​៕​បាយ័ន​