សមត្ថកិច្ច​ប៉ះទង្គិច​ជាមួយ​ឈ្មួញ​ឈើ​ នៅ​ស្រុក​សៀម​ប៉ាង​

283
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច​បាន​ប៉ះទង្គិច​គ្នា ដោយ​ពាក្យសម្តី​ជាមួយ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ម្នាក់នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​៩​យប់​ ថ្ងៃទី​១៥​ខែវិច្ឆិកា ​ឆ្នាំ​២០១៩​។​

​ប្រភព​រាយការណ៍​ពី​ស្រុក​សៀម​ប៉ាង បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​យប់​ខាងលើ​ស្ថិតក្នុង​ភូមិ​ខិះ​ស្វាយ ​ឃុំ​ព្រែក​មាស​ ស្រុក​សៀម​ប៉ាង ​ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​តំបន់​នោះ បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ធ្នង់​មក​ទម្លាក់​ក្នុង​បរិវេណ​ផ្ទះ ដើម្បី​ដឹកចេញទៅ​ក្រៅ​ខេត្ត​ដូច​រាល់ដង​។ ខណៈពេល​នោះ មាន​អ្នកសារព័ត៌មាន​ប្រទះឃើញ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​។ មួយសន្ទុះ​ក្រោយ​ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​និង​កម្លាំង​នគរបាល​ស្រុក​ក៏បាន​ចុះ​ទៅដល់​កន្លែង​មាន​គេ​ទម្លាក់​ឈើ​នោះ​។​

​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់ ​ឈ្មួញ​ឈើ​ម្នាក់ដែល​គេ​ស្គាល់ឈ្មោះ ទិ​ត វាសនា ហៅ​ក្រេះ​ បាន​ខឹងច្រលោត​ដល់​អ្នក​ក​សារព័ត៌មាន និង​សមត្ថកិច្ច​យ៉ាងខ្លាំង​។ ភ្លាមនោះ សមត្ថកិច្ច​មិនទាន់​ធ្វើ​សកម្មភាព​អ្វី​ទេ គឺ​រង់ចាំ​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា​សិន ដើម្បី​ធ្វើការ​ឆែកឆេរ​នៅ​កន្លែង​ស្តុក​ឈើ​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩៕ ​/Ha