សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​មនុស្ស​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ បម្រុង​នាំ​នារី​ម្នាក់​ទៅ​ចិន​

927
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​បងប្អូន ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី នៅ​ព្រឹក​ច័ន្ទ ៧​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច​ក្រុងភ្នំពេញ ប្រាប់​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ដែលជា​មេខ្យល់ និង​រំដោះ​ជនរងគ្រោះ​បាន​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន ទី​១/​ឈ្មោះ ទេព ជី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​ហាង​កាហ្វេ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​ទី​២ ឈ្មោះ ទេព សុគន្ធ ភេទ​ស្រី​៣៨​ឆ្នាំ ស្នាក់នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបាន​ឃាត់ខ្លួន​ចំណុច​មុខ​រោងចក្រ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​២ ត្រូវជា​បងប្អូន​បង្កើត និង​មាន​ជនសង្ស័យ​ម្នាក់ទៀត ត្រូវជា​បងប្អូន​ជា​ជនសង្ស័យ​ទាំង​២​នាក់​ដែរ ដែល​កំពុង​រស់នៅ​ប្រទេស​ចិន​តែម្ដង ឈ្មោះ ទេព សាលី​។​

បើតាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់ កម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ រហូតដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ទើប​ចុះ​ប្រតិ​ប​តិ្ត​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន នៅ​ទីតាំង​ផ្សេងគ្នា​ដែរ​ម្ដង​។​

​នារី​រងគ្រោះ​រាប់រៀប​ប្រាប់ថា កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំ រូបនាង​បាន​ស្គាល់គ្នា​ជាមួយ​ស្ត្រី​ម្នាក់ ឈ្មោះ ទេព សាលី ភេទ​ស្រី អាយុ​៣០​ឆ្នាំ បាន​បបួល​រូបនាង​ឲ្យ​ទៅ​ប្រ​ទស​ចិន ដោយ​ថា ងាយ​រកលុយ ហើយ​បើ​រូបនាង​ព្រមទៅ ពេលទៅដល់​ប្រទេស​ចិន នឹង​វេរ​លុយ​ឲ្យ​ឪពុកម្ដាយ​នាង​ចំនួន​៣៥០០​ដុល្លារ​តែម្ដង​។ ពេលនោះ រូបនាង​ថា ចាំ​គិត​មើល​សិន​។ មួយរយៈ​ក្រោយមក ស្ត្រី​ឈ្មោះ ទេព សាលី បាន​ទាក់ទង​ម​កប​ញ្ជុះ​ប​ញ្ជូ​ល​រាល់ថ្ងៃ ថាបើ​ព្រមទៅ​ប្រទេស​ចិន រូបគាត់​នឹង​ថែមលុយ​ឲ្យ​ច្រើន​ជាងនេះទៀត ស្ដាប់​យូរៗ​ទៅ រូបនាង​ក៏​សម្រេចចិត្តថា​ទៅ ព្រោះ​គិតថា ចង់បាន​លុយ​ដើម្បី​ផ្ញើជូន​ឪពុកម្ដាយ​។ បន្ទាប់ពី​នាង​សម្រេចចិត្តថា​ទៅហើយនោះ ស្ដ្រី​ឈ្មោះ សាលី បាន​ឲ្យ​ប្អូនប្រុស​របស់គាត់​ឈ្មោះ ទេព ជី ទាក់ទង​មក​នាង ដើម្បី​យកទៅ​ធ្វើលិខិត​ឆ្លងដែន (​ធ្វើ​១​ថ្ងៃ យកតែ​ម្ដង តម្លៃ​២៣០$)​។​

នគរបាល​បញ្ជាក់ថា ជនសង្ស័យ ដែល​នគរបាល​ឃាត់ខ្លួន​បាន មាន​គោលបំណង​នាំ​នារី​គ្រោះ​ចេញទៅ​ប្រទេស​ចិន តាម​ច្រក​បាវិត ចូល​ប្រទេស​វៀតណាម រួច​ឡើង​យន្តហោះ​ទៅ​ប្រទេស​ចិន តែម្ដង ប៉ុន្តែ​ត្រូវ​ភ្លាត់ស្នៀត ត្រូវ​មន្ត្រី​ជំនាញ​ឃាត់ខ្លួន​។ ចំណែក​នារី​រងគ្រោះ ត្រូវបាន​កម្លាំង​នគរបាល ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី ដើម្បី​ធ្វើការ​អប់រំ​៕ ល​