សមត្ថកិច្ច​វៀតណាម​បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​មួយ​គីឡូក្រាម​

1007
ចែករម្លែក

​(​តាកែវ​)៖​សមត្ថកិច្ច​វៀតណាម​បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រះបាទ​ជាន់ជុំ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទម្ងន់​មួយ​គីឡូក្រាម​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​ច្រករបៀង​យិន​យ៉ា​ខេត្ត​គៀន​យ៉ាង​ខ្មែរ​ហៅថា​ច្រករបៀង​កំណប់​កែវ​ស្ថិតក្នុង​ឃុំ​តា​អូ​ស្រុក​គីរីវង់​ខេត្តតាកែវ​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ ។

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ដែល​សមត្ថកិច្ច​ប្រទេស​វៀតណាម​ឃាត់ខ្លួន​នោះ ឈ្មោះ កូវ វុទ្ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ និង​ជា​មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ព្រះបាទ​ជាន់ជុំ​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ចូលទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ខាងលើ​ដូច​សព្វមួយដង ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​វៀតណាម​ឃាត់ខ្លួន ដោយ​ឆែក​រកឃើញ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​មួយ​គីឡូក្រាម​។​

​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ណា រ៉ែ​ន អាយុ​៤៦​ឆ្នាំ​បាន ឲ្យ​ដឹងថា ប្ដី​របស់ខ្លួន​ជា​មន្ត្រីនគរបាល​ប៉ុស្ដិ៍​ព្រះបាទ​ជាន់ជុំ មានកូន​ចំនួន​២​នាក់ ស្រី​ម្នាក់​ប្រុស​ម្នាក់​។ អ្នកស្រី​បន្តថា ប្ដី​របស់​របស់​អ្នកស្រី​បាន​លក់​ប្រាក់ខែ​ចំនួន​៤​ឆ្នាំ ដើម្បី​យកលុយ​មក​ធ្វើ​ផ្ទះ ដោយ​មិនបាន​ដឹងថា ប្ដី​អ្នកស្រី ជួញដូរ​គ្រឿងញៀន​នោះទេ​។ តែ​ក្រោយពេល​ដឹងថា សមត្ថកិច្ច​វៀតណាម​ចាប់​រឿង​គ្រឿងញៀន ទើប​អ្នកស្រី​ភ្ញាក់ខ្លួន​តែម្ដង​។​

​ជុំវិញ​ករណី​ខាងលើ​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ត​កែវ បាន​ឲ្យ​ដឹងថា លោក​ទទួលបាន​ដំណឹង​នេះ​រួចហើយ​។ ប៉ុន្តែ​មន្ត្រីនគរបាល ដែលជា​ជនសង្ស័យ​ត្រូវបាន​កាត់ឈ្មោះ​ចេញ ពី​ក្របខណ្ឌ​នគរបាល​រួចហើយ ដោយ​គ្រាន់តែ​មិនទាន់មាន​សេចក្ដីសម្រេច​ជា​លាយ​ល័​ក្ខ​អក្សរ​ប៉ុណ្ណោះ​។​
​ប្រភព​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ ដែលជា​អតីតមន្ត្រី​នគរបាល​ប៉ុស្ដិ៍នគរបាល ព្រះបាទ​ជាន់ជុំ​ខាងលើ កំពុង​ត្រូវបាន​សមត្ថកិច្ច​ខេត្ត​គៀន​យ៉ាង ប្រទេស​វៀតណាម​បន្ដ​នីតិវិធី ហើយ​តាមច្បាប់​ជនសង្ស័យ អាច​ប្រឈមមុខ នឹង​ទោស​ប្រហារជីវិត​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​វៀតណាម​បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​មួយ​គីឡូក្រាម​(រូប៖វ៉េបសាយ)