សមត្ថកិច្ច​វ៉ៃខ្នោះ​ទាំង​៧​នាក់ ករណី​លួច​បូម​ប្រេងម៉ាស៊ូត​ចំនួន​៣​កាន​ពី​អេស្កាវ៉ាទ័រ

168
ចែករម្លែក

ដោយ​៖​ឆាយា​នាថ :កណ្តាល​៖​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ចាប់​វ៉ៃខ្នោះ​ជនសង្ស័យ​ចំនួន​៧​នាក់ ករណី​លួច​បូម​ប្រេងម៉ាស៊ូត​ចំនួន​៣​កាន​ពី​អេស្កាវ៉ាទ័រ ដែល​បាន​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​១៤ ខែសីហា កន្លងទៅ នៅ​ចំណុច​ភូមិ​ព្រែក​អង្គញ់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហានេះ បញ្ជាក់ថា នៅវេលា​ម៉ោង​កើតហេតុ ជនសង្ស័យ ឈ្មោះ​ស៊ិន ចិ​ត្រា បាន​បូម​ប្រេងម៉ាស៊ូត​ចំនួន​៣​កាន​ពី​អេស្កាវ៉ាទ័រ ដែល​ខ្លួន​បើក​កាយ​ដី​រណ្តៅ​ខ្សាច់យកមក​ខាងលិច​រណ្តៅ​ដី​ប្រហែល​២០០​ម៉ែត្រ ​រួច​ឲ្យ​ជនសង្ស័យ​ឈ្មោះ​អ៊ីម៉ាប់ ឈ្មោះ សាន្ត វុទ្ធី ឈ្មោះ អាន សុខ​ទីន ឈ្មោះ កន សុខ​ជា ឈ្មោះ យី​ម វសាល ឈ្មោះ​សាត់ ភា​រុន យកទៅលក់​បន្ត​ឲ្យ​គេ ។ ពេលនោះ​កម្លាំង​ជំនាញ​និង​កម្លាំងដើរល្បាត​ឃើញ​ក៏​ឃាត់​ហៅ​មក​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ដែល​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ តែ​ពលរដ្ឋអះអាងថា កុំ​ចាប់បាន​និង​វ៉ៃ​ខ្នោះតែ​រឿង​កំប៉ិកកំប៉ុក រីឯ​បទល្មើស​គ្រឿងញៀន ដែល​តាម​ភូមិ ឃុំ កើតឡើងនិងយ៉ាង​បើកចំហ សមត្ថកិច្ច​ហាក់​មើលរំលង​ទៅវិញ ។

​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​លុបបំបាត់​បទល្មើស​ទាំងឡាយ​ក្នុងសង្គម​ជាតិ​របស់​យើង ៕​Ha

#