សមត្ថកិច្ច​ស្រុក​ចំនូ​ន​២​និង​ប៉ុស្តិ៍​កា​ពារ​ព្រំដែន​នៅតែ​ហ៊ាន​បណ្តោយឱ្យ​ឈ្មួញ​នាំ​ឈើ​ចេញ​ដដែល​

241
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ឈើ​តូចធំ​ដែល​ដឹក​តាម​រថយន្ត​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ព្រំដែន​បណ្ដែតបណ្ដោយ​ឱ្យ​ឈ្មួញ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នៅក្នុង​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ដដែល​។​ជាក់ស្ដែង​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​មាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​បាន​ដឹកជញ្ជូន​ឈើ​ជ្រុង​មុខកាត់​ធំៗ​ចូល​តាម​ក្លោងទ្វារ​នៃ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ​។​បំណង​យកទៅ​ទម្លាក់​នៅ​ច្រករបៀង​(​ងាំ​)​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​អាច​និយាយបានថា​នៅ​បញ្ឆៀង​ប៉ុស្តិ៍​តែប៉ុណ្ណោះ​ដើម្បី​បន្តទៅ​ប្រទេស​វៀតណាម​។​

​ចំពោះ​ម៉ូតូ​ដែល​ដឹកជញ្ជូន​ឈើ​នោះ​ត្រូវគេ​បញ្ជាក់ថា​ចូលទៅ​ច្រករបៀង​ងាំ​យូ​លិ​ត​។​សកម្មភាព​ដឹកជញ្ជូន​តាមរយៈ​ម៉ូតូ​នា​វេលា​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៦​ខែកញ្ញា​ត្រូវគេ​បញ្ជាក់ថា​មាន​ចំនួន​ច្រើន​ម៉ូតូ​គឺ​ដឹកជញ្ជូន​ទល់​ភ្លឺ​តែម្ដង​។​ការនាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នៅក្នុង​ស្រុក​កែវ​សីមា​នេះ​ត្រូវគេ​បញ្ជាក់ថា​មិនមាន​ការបញ្ឈប់​ទេ​គឺ​នៅតែ​មានការ​លបលួច​តិច​ឬ​ច្រើន​ទៅតាម​លទ្ធភាព​ឬ​សភាព​ការណ៍​ដែល​អំណោយផល​។​

​ករណីនេះ​មិនត្រូវ​បាន​លោក​សា​ផល្លា​នាយប៉ុស្តិ៍​ការពារ​ព្រំដែន​ឡា​ប៉ា​ខេ​ដែលមាន​តួនាទី​គ្រប់គ្រង​តាម​ច្រករបៀង​ទាំងអស់​ឆ្លើយតប​នៅឡើយ​។​ក្នុងនោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​លោក​បានបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​៦​កញ្ញា​នេះ​ថា​ចំពោះ​ករណី​ដែល​នៅតែមាន​ការ​លួច​នាំ​ឈើ​ចេញ​តាម​ច្រករបៀង​នៅក្នុង​ស្រុក​កែវ​សីមា​នេះ​លោក​បានធ្វើ​ការអប់រំ​ណែនាំ​ចំពោះ​បណ្ដា​មន្ត្រីនគរបាល​ក៏ដូចជា​លោក​សា​ផល្លា​ផ្ទាល់​។​

​ពិសេស​គឺ​បាន​អប់រំ​ទូន្មាន​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​នៅឯ​វីរៈ​ការពារ​ព្រំដែន​លេខ​៦២១​ក្នុងកំឡុងពេល​ដែលមាន​បើក​កិច្ចប្រជុំ​នៅ​ទីនោះ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកញ្ញា​។​ចំពោះ​ករណី ដដែល​នេះ​លោក​បាន​បញ្ជា​ឱ្យមាន​ការចុះ​ស្រាវជ្រាវ​ជាបន្ទាន់​ដើម្បី​ពិនិត្យមើល​ស្លាកស្នាម​ដែល​បន្សល់ទុក ។ក្នុងករណី​នៅតែ​កើតមាន​បទល្មើស​ព្រៃឈើ​ដដែល​នេះ​មាន​សេចក្តីរាយការណ៍​ផងដែរ​ថា ពុំមែន​តែ សមត្ថកិច្ច​ការពារ​ព្រំដែន​ដែល​បណ្ដែតបណ្ដោយ​ឱ្យមាន​ការនាំ​ឈើ​ចេញ ទៅ​ក្រៅប្រទេស​នោះទេ ។​នេះ​ក៏​ដោយសារតែ​មានការ​ប​ណ្ដែ​ត​បណ្ដោយ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​តំបន់​នេះ​ផងដែរ​។​

​ជាការ​កត់​សម្គាល់ការ​ដឹកជញ្ជូន​ឈើ​ក៏ត្រូវ​បាន​គេ​បញ្ជាក់ថា​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ចេញ​មកពី​ស្រុក​អូររាំង​និង​បណ្ដា​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឆ្ពោះ​មកកាន់​ទីរួមស្រុក​កែវ​សីមា​ដើម្បី​នាំ​ឈើ​ចេញទៅ​ក្រៅប្រទេស​តាមរយៈ​ច្រករបៀង​នៅក្នុង​ស្រុក​កែវ​សីមា​។​ក្រោម​ការគ្រប់គ្រង​ពី​យោធា​និង​នគរបាល​ដែលមាន​តួនាទី​ការពារ​ព្រំដែន​នៅទីនេះ​ថែម​ទៀតផង​៕S/​

#