សមត្ថកិច្ច​ស្វែងរក​ចាប់​ជនដៃដល់​ដែល​វាយ​ជីតា នឹង​ខ្នងពូថៅ​បណ្តាល​ឲ​ដួលសន្លប់​ក្រុង​ក្រចេះ​

868
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: សមត្ថកិច្ច​នគរបាល​ក្រុង​ក្រចេះ​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ម្នាក់ (​ជា​ចៅ​) ដែល​ប្រើ​អំពើហិង្សា​ដោយ​ចេតនា មក​ជីតា​របស់ខ្លួន ដោយ​យក​ពូថៅ​ខាង​ខ្នង​វាយ​ទៅលើ​ជនរងគ្រោះ​ចំក្បាល បណ្តាល​ឲ្យ​ដួលសន្លប់​ហើយ​ភ្លាមៗ​នោះដែរ ត្រូវបាន​សាច់ញាតិ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ រឿងរ៉ាវ​ដែល​កើតឡើង​មួយ​នេះ ស្ថិតក្នុង​ភូមិ​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ធូ ឈី​ម អាយុ​៦៨​ឆ្នាំ​(​ត្រូវជា​ជីតា​ជនដៃដល់​) រស់នៅ​ភូមិ​ក្រគរ​សង្កាត់​ក្រគរ​ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ចំណែក​ជនដៃដល់​រស់​នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​ជនរងគ្រោះ​។​

​មន្ត្រីនគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ការឈាន​ដល់​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ដោយ​យក​ពូថៅ​ខាង​ខ្នង​វាយ​ចំក្បាល លើ​ជនរងគ្រោះ​ឲ្យ​ដួលសន្លប់​តែម្តង បែបនេះ​គឺ​មូលហេតុ​មកពី​ជនរងគ្រោះ​(​ជីតា​) ជេរ​ស្តីបន្ទោស​ឲ្យ​តិចតួច​រឿង​ស្នួល​ខោអាវ​មកលើ​ជនដៃដល់ ក៏​កើតឡើង​រឿង​បែបនេះ​តែម្តង​។ បច្ចុប្បន្ននេះ កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ មក​ផ្តន្ទាទោស​ទៅតាម​នីតិវីធី​ច្បាប់​៕ ល​