សមត្ថកិច្ច​ឡោមព័ទ្ធ​ផ្ទះ​ឈ្មួញ​ឈើ​ឈ្មោះ ជុំ វុទ្ធី ហៅ ធី កា​ប៉ូ បង្ក្រាបបាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ប្រណីត​ខុសច្បាប់​ចំនួន​៨​គ្រឿង​

510
ចែករម្លែក

ដោយ​: សេង​ឃួន​
​ក្រចេះ​:
កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី នឹង​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ បាន​ចុះ​ឡោមព័ទ្ធ​លំនៅដ្ឋាន​ស្តុក​ទុក​ឈើ របស់លោក ជុំ វុទ្ធី ហៅ ធី​កា​ប៉ូ នៅ​ចំនុច​ភូមិ​ការ​ប៉ូ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​លាក់​ឈើប្រណិត ស្ថិតក្នុង​លំនៅដ្ឋាន​របសលោក ជុំ វុទ្ធី ហៅ ធី​កា​ប៉ូ ឈ្មួញ​ជើង​ខ្លាំង​នោះដែរ គឺធ្វើឡើង​បន្ទាប់ពី​មាន​បទបញ្ជា​ផ្ទា​ល់ពី​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក ឡុង យឹ​ង មេបញ្ជាការរង​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ពី​លោក ជា សុភ​ក្ត្រ័ ព្រះរាជ​អ​ជ្ញា​រ​រង​នៃ​អយ្យា​ការណ៍​អម​សាលាដំបូង​ខេត្តក្រចេះ សហការ​ជួយ​ផ្នែក​រដ្ឋ បាល​ព្រៃឈើ​ក្រចេះ ចុះបង្ក្រាប និង​ឃាត់​បាន​រថយន្ត​សាំ​យ៉ុង​ផ្ទុក​ឈើប្រណិត​ពេញព្រៀប ចំនួន ៨​គ្រឿង​នៅនឹងកន្លែង ដែល​ឈ្មួញ​ឈើ​ឈ្មោះ ជុំ វុទ្ធី ហៅ ធី​កា​ប៉ូ យកមក​លាក់ទុក ក្រោយ​បែកការ និង​រងចាំ​ឲ្យ​កាស​ល្អ​នាំយកទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​។​

​លោក ឡុង យឹ​ង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ​ដឹងថា​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​ឆ្នាំ​២០១៩​នេះ ដោយមាន​បទបញ្ជា​ផ្ទា​ល់ពី​លោក សាន្ត ប៉ុន​ថា​ន មេបញ្ជាការ កម្លាំង​អាវុធហត្ថ បាន​ចុះ​ឡោម​ព័​ទ​លំនៅដ្ឋាន​ឈ្មួញ​ឈើ ឈ្មោះ ជុំ វុទ្ធី ហៅ ធី​កា​ប៉ូ នេះ នៅវេលា​ម៉ោង ១៣:៣០​នាទី រហូតមក​ទល់នឹង​ម៉ោង​៧​យប់ នឹង​បាន​ឃាត់​រថយន្ត​បាន​ចំនួន ៨​គ្រឿង ដែល​លាក់​ទុក្ខ និង​ផ្ទុក​ឈើប្រណិត ប្រភេទ​ឈើ តា​ត្រាវ ពេញ​ក្នុង​រថយន្ត និង​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្តុះ​កូនឈើ ខ្សា​រ​។​

​លោក មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត បាន​បញ្ជាក់ថា ឈ្មួញ​ឈើ​ឈ្មោះ ជុំ វុទ្ធី ហៅ ធី​កា​ប៉ូ និង​ត្រូវជា​ម្ចាស់ផ្ទះ គឺ​មិនបាន​នៅ ក្នុងផ្ទះ​នោះទេ ហើយ​ជនសង្ស័យ​រូបនេះ​អាវុធហត្ថ​ខេត្ត​នឹងដាក់​មុខសញ្ញា​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន ពាក់ព័ន្ធ​ក្នុង​មុខ​ជំនួញ​ឈើប្រណិត​ឆ្លងដែន​ខាងលើនេះ​។​

​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៨​ឆ្នាំ​២០១៩​នេះ​ថា ឈើប្រណិត​ទាំងនោះ ជា​ប្រភេទ​ឈើ (​ត្រាវ​) មានមុខ​កាត់​ចាប់ពី ៣០​ទៅ​៥០​សងទីម៉ែត្រ និង​មាន​ប្រវែង​ចាប់ពី​២​ម៉ែត្រ ដល់ ៣​ម៉ែត្រ​។

​លោក​បន្តថា បច្ចុប្បន្ននេះ កម្លាំង​របស់លោក​កំពុង​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ ខ្សា​រ​នឹង រៀបចំ​ធ្វើ​វាស់វែង​បន្ត​នីតិវិធី​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​៕ ល​