សមត្ថកិច្ច​អះអាងថា អ្នកយកព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំខេត្ត​សៀមរាប​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​

782
ចែករម្លែក
  • 34
    Shares

ដោយ : គូលែន/​សៀមរាប ៖ សមត្ថកិច្ច​ជំនាញ​បាន​អះអាងថា លោក អ៊ួ​ង ប៊ុនធឿន អ្នកយកព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំខេត្ត​សៀមរាប​និង​ជា​យោធានៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា លោក អ៊ួ​ង ប៊ុនធឿន ឆ្នាំ​កំណើត​១៩៨០ មុខរបរ​ជា អ្នកយកព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ប្រចាំខេត្ត​សៀមរាប និង​ជា​យោធា នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោកធ្លក ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​បន្តថា នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក អ៊ួ​ង ប៊ុនធឿន បានរួម​ដំណើរ​ជាមួយ​ឈ្មោះ សឹង គីម ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​គ្រើល ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប បាន​ជិះឡាន​តាម​បណ្ដោយ​ផ្លូវ​កូរ៉េ មកពី​ភូមិ​គោក​គ្រើល ឃុំ​លាងដៃ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង កាត់​តាម​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ពេលធ្វើ​ដំណើរ​មកដល់​ត្រង់ចំណុច​ក្រុមទី​១៣ ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប លោក អ៊ួ​ង ប៊ុនធឿន បាន​ឈប់​ឡាន​មក​អែប​ខាងស្ដាំ​ផ្លូវ ហើយ​ឈ្មោះ សឹង គីម ក៏បាន​ចុះ​ពី​ទ្វារ​ឡាន​ខាងស្ដាំ​ដៃ​ចុះទៅ​ក្រៀក លោក អ៊ួ​ង ប៊ុនធឿន នៅ​ទ្វារ​ឡាន​ខាងឆ្វេង ដោយ​ស្រែក​ឲ្យ​អ្នកភូមិ​ក្បែរផ្លូវ​ជួយ ហើយ​ក្រោយពី​ជួយ​ក្រៀក​មកដល់​ត្រង់​គ្រែ​អ្នកលក់​ក្បែរផ្លូវ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ពី​ឡាន​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា លោក អ៊ួ​ង ប៊ុនធឿន មាន​អាកា​រៈ​ស្លេកស្លាំង ហត់​ខ្លាំង ថប់​ដើមទ្រូង និង​ក្រោយពី​ជួយ​ធ្វើ​ចលនា​លើ​ដើមទ្រូង លោក អ៊ួ​ង ប៊ុនធឿន ក៏បាន​ដាច់ដង្ហើម​ស្លាប់​បាត់ទៅ ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​ជំនាញ​រួច បាន​បញ្ជាក់ថា លោក អ៊ួ​ង ប៊ុនធឿន បាន​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន​។ ហើយ​សព​និង​សម្ភារ ត្រូវបាន​ប្រគល់ជូន​គ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕B