សមយុទ្ធ​យោធា​ចិន​-​រុស្ស៊ី​ឆ្លុះបញ្ចាំង​សម្ពន្ធភាព​កាន់តែ​រីកធំឡើង​

303

ខណៈរុស្ស៊ីចាប់ផ្តើមសមយុទ្ធយោធារួមជាមួយទាហានចិនកាលពីថ្ងៃអង្គារទី១១កញ្ញា ប្រធានាធិបតីនៃប្រទេសទាំងពីរក៏បានជួបគ្នានៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាដែលវាបង្ហាញសម្ពន្ធភាពរឹងមាំមួយកំពុងដុះដាលឡើង, នេះបើតាមអ្នកវិភាគកិច្ចការសន្តិសុខនិងកិច្ចការអន្តរជាតិ លោកម៉ាក ស្លេបូដា បានប្រាប់សារព័ត៌មានស្ពុតនិក។

សមយុទ្ធVostok-2018ដែលត្រូវធ្វើនៅទីតាំងយោធានៅលើដីចំនួន៥និងនៅក្នុងដែនទឹកនៃសមុទ្រជប៉ុន មានការចូលរួមពីទាហានរុស្ស៊ី៣សែននាក់ រថក្រោះ៣៦.០០០គ្រឿង យន្តហោះ១.០០០គ្រឿងនិងនាវាចម្បាំង៨០គ្រឿង។ ទាហានទៅពីកងទ័ពរំដោះប្រជាជនចិនចំនួន៣.២០០នាក់ក៏ចូលរួមក្នុងសមយុទ្ធនេះដែរ។

ការចាប់ផ្តើមនៃសមយុទ្ធនេះក៏ជួនគ្នានឹងការចាប់ផ្តើមបើកជំនួបសេដ្ឋកិច្ចរយៈពេល៣ថ្ងៃនីក្រុងវ្ល៉ាឌីវ៉ូស្តុក ដែលប្រធានាធិបតីពូទីននិងសមភាគីចិន លោកស៊ី ជីនពីង ត្រូវបានគេឃើញចម្អិននិងស្រស់ស្រូបអាហារជាមួយគ្នា។ជំនួបនេះក៏កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងអំពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន និងទណ្ឌកម្មដឹកនាំដោយអាមេរិកប្រឆាំងរុស្ស៊ី។

លោក ស្លេបូដា បានប្រាប់កម្មវិធីLoud & Clear របស់វិទ្យុស្ពុតនិកថា សមយុទ្ធយោធានេះធំបំផុតដែលទាំងសូវៀតនិងរុស្ស៊ីមិនដែលធ្លាប់ធ្វើ និងវារំលេចអំពីភាពជាដៃគូកាន់តែរីកធំឡើងរវាងចិននិងរុស្ស៊ី។”នេះបង្ហាញអំពីយោធា នយោបាយ សេដ្ឋកិច្ចនិងថែមទាំងទំនាក់ទំនងវប្បធម៌ ។វាជាការសមយុទ្ធយោធាធំបំផុតនិងជាការហ្វឹកហាត់ក្នុងស្រុក។វាបង្ហាញជាថ្មីថា ភាពជាដៃគូយុទ្ធសាស្រ្តខាងយោធា នយោបាយនិងសេដ្ឋកិច្ច…កំពុងក្លាយជាសម្ពន្ធភាពមួយ”។

លោកបានបន្តថា” អាមេរិករុញហើយរុញទៀតទាំងសេដ្ឋកិច្ច យោធានិងនយោបាយ ហើយរុញចិនម្តងហើយម្តងទៀតក្នុងបញ្ហាសមុទ្រចិនខាងត្បូង សង្រ្គាមពាណិជ្ជកម្ម ពន្ធគយ ទណ្ឌកម្មនិងក៏ធ្វើដូចគ្នាជាមួយរុស្ស៊ី។គេនៅតែរុញហើយរុញទៀត ហើយគេធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបង្កសុបិន្តអាក្រក់ខាងភូមិសាស្រ្តនយោបាយ”។

សំរាប់លោកស្លេបូដា គោលនយោបាយរបស់រដ្ឋការត្រាំ កំពុងបង្កើត”ល្បែងបាល់ថ្មីទាំងស្រុងមួយ ខាងភូមិសាស្រ្តនយោបាយ”។

ហើយគាត់ មិនមែនតែឯងទេនៅក្នុងការបញ្ចេញមតិនេះ។ហ្វីយ៉ូឌ័រ លូកយ៉ាណូវ អ្នកនិពន្ធនៃទស្សនាវដ្តីរុស្ស៊ីមួយ បានប្រាប់សារព័ត៌មានAl Jazeeraថា ចិននិងរុស្ស៊ីកាន់តែស្និទ្ធនឹងគ្នាឡើងនៅក្នុងការឆ្លើយតបដោយផ្ទាល់ទៅនឹងអាមេរិក។”យើងអាចឃើញភាពរាក់ទាក់រកគ្នានេះយ៉ាងច្បាស់ដោយសារតែគោលជំហរប្រកាន់តឹងលើប្រទេសទាំងពីរពីសំណាក់អាមេរិក។យើងអាចនិយាយបានថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមេបង្កើតអោយមានទំនាក់ទំនងកាន់តែជិតស្និទ្ធគ្នាឡើងរវាងចិននិងរុស្ស៊ី”។

ក្រោយពិភាក្សាជាមួយស៊ី លោកពូទីន បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីនិងចិននឹងបន្តគាំទ្រការប្រើរូបិយបណ្ណរបស់ជាតិនៅក្នុងការជួញដូរទ្វេភាគី ដែលកត់សំគាល់ថាចំណាត់ការដូច្នេះនឹងជួយបង្កើនស្ថិរភាពនៃសេវាធនាគារសំរាប់ការនាំចេញ-នាំចូលចំពេលមានហានិភ័យនៅក្នុងទីផ្សារសកល”៕ដោយ៖វាសនា

សមយុទ្ធនេះនឹងធ្វើរហូតដល់ថ្ងៃ១៧កញ្ញាហើយជួនគ្នានឹងសមយុទ្ធរបស់អង្គការណាតូRapid Trident 2018នៅអ៊ុយក្រែន