សមរភូមិ​បោះឆ្នោត​នៅ​ថៃ​ងាក​ទៅរក​YouTube, Facebook​ខណៈ​អាជ្ញាធរ​មិនទាន់​អនុញ្ញាត​អោយធ្វើ​យុទ្ធនាការ​

788
ចែករម្លែក

ការតស៊ូដើម្បីបានការគាំទ្រអ្នកអ្នកបោះឆ្នោតថៃ ឥឡូវកំពុងផ្តោតខ្លាំងឡើងលើមធ្យោបាយអនឡាញខណៈរដ្ឋាភិបាលយោធាថៃនៅហាមឃាត់ការធ្វើយុទ្ធនាការរកសម្លេងនៅមុនការបោះឆ្នោតសកលមួយដែលគ្រោងធ្វើនៅឆ្នាំក្រោយ។

បណ្តាបក្សចាស់ថ្មី និងសូម្បីតែមេដឹកនាំយោធាលោកប្រាយុទ្ធ ចានអូចា កំពុងពឹងលើកម្មវិធីបណ្តាញសង្គមមានចាប់តាំងពីFacebook, Twitter និង YouTube រហូតដល់Line ដើម្បីបញ្ជូនសារអួតអាងអំពីក្រុមរបស់គេ។

ការបោះឆ្នោតលើកដំបូងចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតនៅឆ្នាំ២០១៤ ត្រូវបានគេអះអាងថានឹងត្រូវធ្វើឡើងនៅថ្ងៃ២៤កុម្ភៈឆ្នាំ២០១៩។របបយោធាកាលពីខែកញ្ញាបានបន្ធូរបន្ថយបំរាមលើសកម្មភាពនយោបាយខ្លះ ដូចជាអនុញ្ញាតអោយបណ្តាបក្សនយោបាយអាចរៃអង្គាសប្រាក់និងជ្រើសរើសមេមេដឹកនាំរបស់ពួកគេ តែយុទ្ធនាការបោះឆ្នោតនិងការជួបជុំនយោបាយសំរាប់មនុស្សលើសពី៥នាក់ឡើងត្រូវបន្តនៅហាមឃាត់នៅឡើយ។ដូច្នេះក្នុងអំឡុងពេលរង់ចាំការដកចេញបំរាមនេះ​ បណ្តាបក្សនយោបាយបានងាកទៅរកការឃោសនាតាមអនឡាញវិញ។

ប្រជាជនថៃកាន់តែច្រើនឡើងប្រើប្រាស់បណ្តាញសង្គម ដោយគ្រាន់តែក្រុងបាងកកមួយមានអ្នកប្រើប្រមាណ២២លាននាក់ ក្នុងចំណោមអ្នកប្រើប្រាស់វាប្រមាណ៣ភាគ៤នៃប្រជាពលរដ្ឋថៃ។

នាយករដ្ឋមន្រ្តីប្រាយុទ្ធក៏មានគណនីFacebook, Instagram និង Twitterផ្ទាល់ខ្លួន និងបានបង្កើតគេហទំព័រមួយថែមទៀត ចំពេលមានពាក្យចចាមអារ៉ាមថាលោកនឹងចងសម្ពន្ធជាមួយបក្សនយោបាយណាមួយនិងស្វះស្វែងវិលមកកាន់តំណែងនាយករដ្ឋមន្រ្តីដដែល។

ក្នុងពេលជាមួយគ្នា បទចំរៀងរែបមួយដែលរិះគន់រដ្ឋាភិបាលយោធាក៏ចូលរួមក្នុងសមរភូមិអនឡាញដែរ ដោយគ្រាន់តែរយៈពេលប្រមាណ១ខែវាទាក់ទាញអ្នកចូលមើលក្នុងYouTube ជាង៤១លាន។ពួកមន្រ្តីពីដំបូងប្រុងចាត់វិធានការផ្លូវច្បាប់ដើម្បីលុបចោលបទចំរៀងនេះ តែក្រោយមកបានសំរេចចិត្តបញ្ចេញបទចំរៀងប្រជែងមួយ តែចាប់តាំងពីពេលបញ្ចេញវាមក មានអ្នកចូលមើលតែ៤,៦លាននាក់៕ដោយ៖វាសនា