សមាគមចុងភៅកម្ពុជា នាំយកម្ហូបខ្មែរ10មុខ ចូលរួមប្រគួតក្នុងកម្មវិធី Best Asian Gourmet Challenge ឆ្នាំ២០១៩

616
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ក្រុមអ្នកធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជាចំនួន​៣២នាក់ បានត្រឡប់មក ពីប្រទេសថៃ ដល់ខេត្តសៀមរាបវិញហើយ បន្ទាប់ពីបានទៅចូលរួម ក្នុងកម្មវិធីប្រកួតប្រជែងចុងភៅឆ្នើម អាហារអាស៊ី ( Best Asian Gourmet Challenge ) ឆ្នាំ២០១៩ អស់រយៈពេល១សប្តាហ៍ ដោយបាននាំមកជាមួយពានមាសជ័យ​លាភីចំនួន១ និងមេដោយមាស ប្រាក់ និង សំរឹទ្ធ សម្រាប់បុគ្គល ចំនួន២៧ បន្ថែមទៀត ។ ការស្វាគមន៍ ដំណើរនាំយកជ័យលាភីជូនប្រទេសជាតិ របស់សមាគមចុងភៅកម្ពុជា បានធ្វើឡើងនៅផ្ទះម៉ែឡនម្ហូបខ្មែរ សង្កាត់ក្របីរៀល នាជាយក្រុងសៀមរាប នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ។

លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូចូលរួមការប្រគួតនោះ បានឲ្យដឹងថា កម្មវិធីប្រគួតប្រជែង អាហារអាស៊ី ឆ្នាំ​២០១៩ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក(ប្រទេសថៃ) ចាប់ផ្តើមថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផល នារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ បណ្តាអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានមកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបូរី និងប៉ាគីស្ថាន។ នៅក្នុងកម្មវិធីប្រគួតប្រជែងនោះដែរ ក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន៣០ក្នុងប្រទេសថៃ ក៏បានចូលរួមផងដែរ ។ សរុបចុងភៅចូលរួមទាំងអស់ មានប្រមាណជិត៩០០នាក់។

លោកបញ្ជាក់រទៀតថា ផ្តើមចេញពីរសជាតិម្ហូបខ្មែរចំនួន១០មុខមានដូចជា ១.អាម៉ុកត្រី ញាំក្រូចថ្លុងបង្គារ សាច់គោអាំងទឹកប្រហុក ការីសាច់មាន់ ឆាកង្កែបម្រេចកំពត ខប៉េងប៉ោះ គ្រំបំពងជ្រក់ស្វាយ បាយសម្រូបម្រេចខ្មៅ សម្លរប្រហើរនិងស្ង្យាល្ពៅ សមាគមចុងភៅកម្ពុជា បាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា លោកបានបង្ហាញនូវអារម្មណ៍ពិតរបស់លោកថា ទេពកោសល្យនៃការផ្សំគ្រឿងចំអិនម្ហូប វាគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ការលើកពានជ័យលាភី គឺរសជាតិម្ហូបខ្មែរ។

សមាគមចុងភៅកម្ពុជា បានបង្កើតឡើងនៅក្រុងសៀមរាបក្នុងឆ្នាំ២០១៣។ឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយ ដែលសមាគមចុងភៅកម្ពុជា បានបញ្ជូនក្រុមចុងភៅឆ្នើមៗរបស់ខ្លួនចេញទៅប្រកួតប្រជែងធ្វើម្ហូប ក្នុងកម្មវិធីធំៗខ្នាតអន្តរជាតិនៅក្រៅប្រទេស។ ជាការកត់សម្គាល់ទៅលើលទ្ធផលនៃការប្រគួតនោះ រាល់លើកដែលសមាគមចុងភៅកម្ពុជាដណ្តើមបាន គឺក្រៅពីមេដាយមាស ប្រាក់និងសំរឹទ្ធ ជាច្រើននោះ ជ័យលាភីពានមាស សមាគមចុងភៅកម្ពុជាទទួលបានចំនួន២លើក គឺឆ្នាំ២០១៤ ទទួលបានពានមាសក្នុងកម្មវិធីប្រគួតធ្វើម្ហូប (រសជាតិអាហារទន្លេមេគង្គ) នៅទីក្រុងបាងកក ប្រទេសថៃ និងលើកទី២ គឺពានជ័យលាភី ប្រគួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេចរណ៍ខេត្តសៀមរាប វាយតម្លៃថា ជ័យលាភីទាំងនេះ ពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ។ ពិតណាស់ថា តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ។ លោកក៏បានបង្ហាញនូវការកត់សម្គាល់ផងដែរ ចំពោះជ័យលាភី របស់សមាគមចុងភៅកម្ពុជាឆ្នាំ២០១៩នេះ៕B/