សមាគមសហព័ន្ធវិនិយោគគិន​កម្ពុជា​គាំទ្រគោលនយោបាយអាជីវ​កម្មខ្នាតតូច-មធ្យម

155
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល សមាគម សហព័ន្ធវិនិយោគិនកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទីចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងអាជីវកម្មខ្នាតតូច-មធ្យម និង ព្រមជាមួយគ្នាក្រុមប្រឹក្សាសមាគមមួយនេះនឹងបន្តលើកទិសដៅក្នុងការពង្រឹង-ពង្រីក អាជីវកម្មខ្នាតតូច-មធ្យមក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀតផងដែរ។

ការបង្ហាញជំហរ របស់ក្រុមប្រឹក្សាភិបាល សមាគម សហព័ន្ធវិនិយោគិនកម្ពុជានេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨កន្លងមក។ក្នុងកិច្ចប្រជុំនេះដែរបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និង ព្រមជាមួយគ្នាមានការចូលរួមពីសំណាក់ លោក ង៉ែត ចដ្តាវី អនុប្រធាន លោក លី ហួរ អនុប្រធានក្រុមប្រឹក្សាភិបាល សមាគសហព័ន្ធវិនិយោគិនកម្ពុជា និងលោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិ សហព័ន្ធវិនិយោគិនកម្ពុជាជាច្រើនរូបទៀត។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន លោក បណ្ឌិត ឡី សុភាព ប្រធាន សហព័ន្ធវិនិយោគិន កម្ពុជាបានឱ្យដឹងថាក្នុងស្មារតីកិច្ចប្រជុំបានដាក់ចេញគោលការណ៍ថ្មីៗមួយចំនួន ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ព្រមជាមួយគ្នាក្នុងអង្គប្រជុំបានពង្រឹង និងពង្រីកសមាជិកបន្ថែម និងការរៀបចំរចនាសម្ព័ន្ធថ្មី និងតែងតាំងនូវគណៈកម្មការផ្សេងៗ របស់សហព័ន្ធវិនិយោគគិនកម្ពុជា និងការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងអាជីវកម្មខ្នាតតូច-មធ្យម ដែលនឹងត្រូវដាក់ឲ្យដំណើរការ ហើយធ្វើការបែងចែក ទៅតាមផ្នែក តាមវិស័យ ដើម្បីគាំទ្រទាំងច្បាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនាំយកវិស័យឯកជន ជាដៃគូអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានថ្លែងដែរថា”ចំពោះលទ្ធផលកិច្ចប្រជុំនេះគឺយើងបានឯកភាពគ្នា និងអនុវត្តទាំងការងារថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជាពិសេសផ្ដោតសំខាន់ ទៅលើអាជីវកម្មខ្នាតតូច-មធ្យម។ ជាមួយគ្នាក្នុងកិច្ចប្រជុំក៏បានឯកភាពគ្នារៀបចំ រចនាសម្ព័ន្ធបែងចែកថ្មីជាពិសេស ក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា បង្កើត គណៈកម្មការនីតិកម្ម និងដោះស្រាយវិវាទមួយ ដើម្បីទុកជួយដោះស្រាយ ការពារប្រជាពលរដ្ឋ បើកអាជីវកម្មរកស៊ីជាដើម។

ទាក់ទិនទៅនឹងក្រុមអាជីវកម្ម ខ្នាតតូច-មធ្យមនេះដែរត្រូវបាន លោកបណ្ឌិត ឡី សុភាព បញ្ជាក់ឱ្យដឹងថាបច្ចុប្បន្នក៏មានបញ្ហាប្រឈមមួយចំនួនផងដែរក្នុងនេះដូចជា ប្រឈមបញ្ហាផ្លូវច្បាប់ដោយសារគាត់ពុំបានយល់បានស៊ីជម្រៅពីបញ្ហានេះ បញ្ហាទីផ្សារ បញ្ហាអាជីវកម្ម ការជម្លោះផលប្រយោជន៍ជាដើម។

លោកប្រធាន សហព័ន្ធវិនិយោគិន កម្ពុជារូបនេះបានបន្ថែមឱ្យដឹងដែរថា ដើម្បីដោះស្រាយបញ្ហាលំបាកនិងបញ្ហាប្រឈមដែលតែងកើតមានកន្លងមក សហព័ន្ធវិនិយោគគិនកម្ពុជា បានចេញយន្តការថ្មីៗដើម្បីជួយដោះស្រាយ បញ្ហាលំបាកនិងបញ្ហាប្រឈមទាំងនេះបន្តបន្ទាប់ផងដែរ។ក្រៅពីនេះក្នុងទិសដៅបន្តទៀតគឺសហព័ន្ធវិនិយោគគិនកម្ពុជា នឹងពង្រឹង-ពង្រីក អាជីវកម្មខ្នាតតូច-មធ្យមក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀត តាមអ្វីដែលអាចធ្វើទៅបាន៕b/