សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង ប​.​ស​.​ស​. ចុះ​អនុស្សរណៈ​គាំពារ​សុខុមាលភាពរ​កម្មករ​-​កម្មការិនី​

1099
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​អគ្គ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមការងារ នៃ​ស្ថាប័ន​ទាំងពីរ​ជាច្រើន​នាក់​ផងដែរ​។​

​លោក អ៊ុក សមវិទ្យា បាន​មានប្រសាសន៍ថា តាមរយៈ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​មួយថ្ងៃ​ទៅមួយថ្ងៃ ចំនួន​សមាជិក ប​.​ស​.​ស​. មានការ​កើន​ឡើងជា​លំដាប់ ដែលជា​ហេតុ​ធ្វើឱ្យ ការផ្តល់សេវា​នៅ​តំបន់​មួយចំនួន​នៅមាន​ការខ្វះខាត​។ ដូច្នេះ​គោលបំណង នៃ​អនុស្សរណៈ​យោគយល់​នាពេលនេះ គឺ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ពង្រឹង​និង​ពង្រីក​ការផ្តល់សេវា​សុខាភិបាល​ជូន​ដល់​សមាជិក ប​.​ស​.​ស​. ឱ្យមាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង​ដែល​ធ្វើឱ្យ​សមាជិក ប​.​ស​.​ស​. ទាំងអស់​មាន​ភាពងាយស្រួល​និង​មាន​ភាពកក់ក្តៅ ក្នុងការ​ទទួលបាន​សេវា​សុខាភិបាល​តាមរយៈ​កា​សហការគ្នា​រវាង ប​.​ស​.​ស​. និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​ពោ​ពេញ​ទៅដោយ​វេជ្ជបណ្ឌិត​ជំនាញៗ និង​មានបទពិសោធន៍​ខ្ពស់​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។

​ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ​មានប្រសាសន៍​ផងដែរ​ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២ ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌ តាមរយៈ​ការចុះពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​នានា ចុះ​ពិនិត្យ​និង​ព្យាបាល​ជូន​កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ ចុះ​ពិនិត្យ​និង​ព្យាបាល​កុមារកំព្រា នៅតាម​បណ្តា​មជ្ឈមណ្ឌល​កុមារកំព្រា អង្គការ​នានា​ដោយ​ឥតគិតថ្លៃ​។

​លោក​បញ្ជាក់ថា ការចុះ​អនុស្សរណៈ​យោគយល់​នាពេលនេះ គឺជា​ទិសដៅ​រួមមួយ​សំដៅ​បង្កើន​លទ្ធភាព​បំពេញបន្ថែម ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ជួយ​ពង្រឹង​សុខភាព និង​គាំពារ​សុខមាលភាព​រប​ស់កម្មករ កម្មការិនី និង​ផ្នែក​ផ្សេងៗ​ទៀត​ឱ្យ​ទទួលបាន​ជោគជ័យ ដែល​នេះ​គឺជា​កិច្ចការ​ដ៍​សំខាន់​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ចំពោះ​កម្មករ កម្មការិនី មន្ត្រីរាជការ និង​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត​។

​សូម​បញ្ជាក់ថា នាពេល​កន្លងមក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ស្ថាប័ន​ជាតិ អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​បង្កើន​កិច្ចសហការ​សំដៅ​បង្កើន​លទ្ធភាព និង​ប្រសិទ្ធភាព​ដល់​សមាគម​ក្នុង​ការងារ​មនុស្សធម៌ តាមរយៈ​ការចុះពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ កុមារកំព្រា នៅតាម​បណ្តា​មជ្ឈមណ្ឌល​កុមារកំព្រា អង្គការ​នានា​ដែល​គិត​មកដល់ពេលនេះ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី កុមារកំព្រា សរុប​ទាំងអស់​ប្រមាណ​ជាង​២៦​ម៉ឺន​នាក់​ត្រូវបាន​សមាគម​ចុះ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ ក្នុងនោះ​អ្នកជំងឺ​ធ្ងន់​ចំនួន​ប្រមាណជាង​៣​ពាន់​នាក់ ត្រូវបាន​សមាគម​បញ្ជូនមក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​មន្ទី​ពេទ្យ​នានា ដែលជា​ដៃគូរ​សហការ​របស់​ស​មា​គម​៕ ​/មន