សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចុះ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​

275

(​ភ្នំពេញ)៖ ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ចំនួន​២៦៧​នាក់ បានចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​នៅ​បរិវេណ​អនុវិទ្យាល័យ​អនុវិទ្យាល័យ​-​បឋមសិក្សា​ប៊ុន រ៉ានី​ហ៊ុនសែន​មេ​មង ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំដោយមាន​ការចូលរួម​អជ្ញាធរ ក្រុមការងារ​ចុះជួយ​ស្រុក​មេមត់ ក្រុមហ៊ុន យុវជន និស្សិត និង​ផ្នែក​ដែល​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ជាង​៤​ពាន់​នាក់ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧​។​

​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិ​ប​តិ្ត​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តំណាង​លោក ហ៊ុន ម៉ា​ណែ​ត​ប្រធានក្រុមប្រឹក្សាភិបាល​សមាគម បាន​មាន​លើកឡើងថា សមាគម​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១២ ក្រោម​ការផ្តួចផ្តើម​គំនិត​ផ្ទាល់​របស់​សម្តេច តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ហើយ​ដឹកនាំ​ផ្ទាល់​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​ក្នុងគោលបំណង​ដើម្បី​ចុះ​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដែល​នេះ​គឺជា​ការគិតគូរ​យកចិត្ត​ទុកដាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ ជាក់ស្តែង​ក្នុង​រយៈពេល​៥​ឆ្នាំនេះ​សមាគម​បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស​បាន​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ហើយ​។ លោក​វេជ្ជបណ្ឌិត​ក៍បាន​ថ្លែងអំណរគុណ​អជ្ញាធរ ក្រុមការងារ​ចុះជួយ​ស្រុក​មេមត់ ក្រុមហ៊ុន​LG ក្រុមហ៊ុន​មិត្ត​ហ្វូ​ន យុវជន​សស​យក និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ជួយ​ប្រជាពលរដ្ឋ​នៅ​សកម្មភាព​មនុស្សធម៌​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នេះ​។​

​នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ដោយ​ឥតគិតថ្លៃ​។​បើតាម​របាយការណ៍ ការចុះពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នៅថ្ងៃនេះ​មាន​ចំនួន​សរុប​ជាង​៤.០០០​នាក់​៕ដោយៈ មុនី​រ័ត្ន/sn