សមាគម​ជប៉ុន​អំពាវនាវ ឱ្យ​យុវជន​កម្ពុជា​ធ្វើ​កម្មសិក្សា​នៅ​ទីក្រុង​អ៊ី​ណូ​យ៉ាម៉ា​ក់នៅ​ឆ្នាំក្រោយ​

140

(​ភ្នំពេញ​)៖ប្រធាន​សមាគម​សភាពាណិជ្ជកម្ម​អ៊ី​ណូ​យ៉ាម៉ា​ក់ នៃ​ប្រទេស​ជប៉ុន បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើន​ការជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​បន្ត​ការសិក្សា​និង​បម្រើ​ការងារ​នៅ​ទីក្រុង​អ៊ី​ណូ​យ៉ាម៉ា​ក់ ឱ្យបាន​កាន់តែច្រើន ពីព្រោះ ទីនោះ​ជា​តំបន់​មាន​សក្ដានុពល​លើ​ការអភិវឌ្ឍន៍ ពិសេស​សម្បូរ​ការងារ​ធ្វើ ថែមទាំង​សម្បូរសាកលវិទ្យាល័យ​ល្បីៗ​ធំៗ​ទៀតផង​។​

ការអំពាវនាវ​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​លោក ហី​ប៊ី​ណុ រី​អូ​តា​រ៉ូ កាលពី ថ្ងៃទី​២៥​ខែធ្នូ នា​ទីស្ដីការក្រសួង​ការងារ​។​

​លោក ហី​ប៊ី​ណុ រី​អូ​តា​រ៉ូ​បានលើកឡើង​ថា​នៅ​តំណាក់កាល​ដំបូង​នេះ​សមាគមរបស់លោក​នឹងធ្វើ​ការជ្រើសរើស​កម្មសិក្សា​ចំនួន​៣០​នាក់​និង​ឈានដល់​ខែ​៩​នឹងធ្វើ​ការជ្រើសរើស​ចំនួន​៣០​នាក់​ទៀត​។​លោក​បានបញ្ជាក់​ពី​រឿងនេះ​ថា “​ចំពោះ​កម្មសិក្សា​ទាំងអស់​ត្រូវ បង់ថវិកា​ថ្លៃ​រៀន​ប៉ុន្តែ​ពួកគាត់​ត្រូវបាន​សមាគម​ជួយ​រក​ការងារ​ឲ្យ​ធ្វើ​ពេល​កំពុង​រៀន​នេះ​ដើម្បី​រកថ​វិការ​បង់ថ្លៃ​រៀន​ក៏ដូចជា​ហូបចុក​របស់​ខ្លួនឯង​”​។​

ចំណែក​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ ថ្លែង​ទាក់ទង​នឹង​រឿងនេះ​ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​យ៉ាង​ទំ​លូ​ទំលាយ និង​រឹងមាំ​ដែល​មិន​ត្រឹមតែ​ថ្នាក់ជាតិ​ប៉ុណ្ណោះ​ទេ​សូម្បី​ថ្នាក់​ខេត្ត និង​រវាង​ប្រជាជន និង​ប្រជាជន​ក៏​កាន់តែ​ពង្រីក​ថែមទៀត​ដែរ​។​ដោយសារ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នេះហើយ ទើប​សភាពាណិជ្ជកម្ម​អ៊ី​ណូ​យ៉ាម៉ា​ក់ មានបំណង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជាបង្កើន​ការជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា ទៅ​បន្ត​ការសិក្សា និង​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន ឲ្យ​បាន​ច្រើន​ថែមទៀត ពិសេស​ក្នុង​ទីក្រុង​អ៊ី​ណូ​យ៉ាម៉ា​ក់​នេះ​តែម្ដង​។​

​លោក​អ៊ិត​សំហេង​បានបញ្ជាក់​ផង​ថា​”​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​យុវជន​កម្ពុជា ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ប៉ុន្តែ​មុននឹង​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ចាំបាច់​ត្រូវ​ចេះ​ភាសា​ជប៉ុន​ក្នុង​កម្រិត​ណាមួយ​ជាមុនសិន ដែល​អាច​សិក្សា​បាន​នៅ​កម្ពុជា និង​មានការ​ប្រឡង​ធ្វើតេស្ត​ផងដែរ​៕​ដោយ​:​ដេប៉ូ​/sn

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហី​ប៊ី​ណុ រី​អូ​តា​រ៉ូ កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៧(​រូប​៖​ដេប៉ូ​)