សមាគម​ជ្រូកៈ របរចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ស្លាប់​អស់​ប្រមាណ​ជា​ពាក់កណ្តាល​

1781

(​ភ្នំពេញ​)៖​អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ជេ​ត ភិរម្យ បាន​ថ្លែង​អំពី​ផលប៉ះពាល់​នៃ ការនាំ​ជ្រូក​ពី​វៀតណាម​ថា “​ការ​​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា យ៉ាង​អាណា​ធិ​ប​ត្តេ​យ្យ គ្មាន​ការត្រួតពិនិត្យ ប្រមាណ​ជាជាង​មួយឆ្នាំ​មកនេះ ញ៉ាំងឱ្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ជាពិសេស​កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ក្ស័យធន​បិទ​កសិដ្ឋាន​ជា​បន្តបន្ទាប់ ជំពាក់​បំណុល​វណ្ឌ ក ។ នៅតាម​ច្រកព្រំដែន​ភាគច្រើន​មានតែ​ប៉ូលិស ឬ ទាហាន​យាម ។ ឈ្មួញ​ដឹក​ជ្រូក​ចូល​ពី​វៀត​ណា គ្រាន់តែ​បង់លុយ​តិចតួច​ឱ្យ​មន្ត្រី​នៅ​​តាម​ព្រំដែន ក៏​ដឹក​ចូល​តាម​ប្រាថ្នា​ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ ” ។

​លោក ជេ​ត ភិរម្យ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​សន្ន​សីទ​សារព័ត៌មាន​មួយ នៅឯ​ទីស្នាក់ការ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៧ នេះ ។​

​ស្តីពី​ការនាំ​ជ្រូក​ចូល​ដោយ​អនាធិបតេយ្យ​ពី​ប្រទេសជិតខាង និង​ផលប៉ះពាល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក មន្ត្រី​តំណាង​ក្រសួង​ពុំមាន​វត្តមាន នៅក្នុង​សន្និសីទ​នេះ​ទេ ។​

​លោក ប៊ុន ហៀ​ង សមា​ជិ​ក្រុមប្រឹក្សាភិបាល នៃ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នៅតែ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​​កសិកម្ម​ឱ្យជួយ​អន្តរាគមន៍​ការនាំ​ជ្រូក​ចូល​យ៉ាង​អាណាធិបតេយ្យ​នេះ ឬ​ធ្វើការ​ជាមួយ​អ្នក​នាំ​ជ្រូក​ចូល​គឺកំណត់​តម្លៃ​ឱ្យបាន​សមរម្យ​​មួយ​ដើម្បីឱ្យ​កសិករ​ក្នុងស្រុក​អាចរ​ស់បាន ដោយ​លោក ប៊ុន ហៀ​ង ឱ្យមើល​គំរូ​តាម​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​។​

​ជាការ​កត់សម្គាល់ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ខ្នះខ្នែង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង និង ស្ថាប័ន​ពាក់ព័ន្ធ​នានា ប៉ុន្តែ​ស្ថាប័ន​ទាំងនោះ តែងតែ​រុញ​ដាក់គ្នា គឺ​គ្មាន​កិច្ច​អន្តរាគមន៍​ដោយ​ប្រសិទ្ធភាព​ដដែល ដែល​ប្រការនេះ បានសេចក្តីថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងប្រទេស​កម្ពុជា នឹង​រលំរលាយ​ថែមទៀត​ក្នុងពេល​ឆាប់ៗ ៕

​ដោយឡែក តំណាង​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ពួកគាត់​ខាតដើម​ស្ទើរតែ​រាល់ថ្ងៃ​ដោយសារតែ​​ការលក់​ជ្រូក មានតែ​តម្លៃ​ជាង​៥​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូ ដែល​តម្លៃ​នេះ ធ្វើ​ឲ្យ​ពួកគាត់​ខាតដើម ក្នុង​ជ្រូក​មួយ​ក្បាល​រហូតដល់​១០​ម៉ឺន ទៅ​១៥​ម៉ឺន​រៀល​។ តំណាង​ប្រជាពលរដ្ឋ​រូបនេះ បាន​បន្ថែមថា នេះ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ចំពោះ​ពួកគាត់ បើ​នៅតែ​បែបនេះ​ទៀត​ពួក​គាត់​នឹង​បិទ​មុខរបរ​ខ្លួនឯង​មិន​ខាន ហើយ​បើ​បិទ​ការ​នាំចូល​ខុសច្បាប់​ទេនោះ​ពួកគាត់​នឹង​គ្មាន​លទ្ធផល​ក្នុងការ​សងបំណុល​ធនា​​គារ​ឡើយ​។​
​ ​
​តំណាង​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ បានស្នើ​អំពាវនាវ ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស​សម្តេច​តេ​ជោ ហ៊ុន សែន​និង​ថ្នាក់ដឹកនាំ​​ក្រសួង​ពាក់ព័ន្ធ ឲ្យ​ធ្វើយ៉ាងណា​ជួយ​ទប់ស្កាត់ ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ឲ្យ​បាន ដើម្បី​តម្លៃ​លក់​ជ្រូក​រស់ នៅ​ទីផ្សារ​ឡើងវិញ ក្នុង​ចន្លោះ​ពី​៨​ពាន់​រៀល​ក្នុង​១​គីឡូ ទើប​ពួកគាត់​អាច​រស់រាន មានជីវិត​ឡើងវិញ​។​
​ ​
​គួរ​ឲ្យ​ដឹង​ដែរ​ថា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ បានដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន ៦​ចំណុច សម្រាប់​ឲ្យ​ក្រុមហ៊ុន និង​អាជីវករ នាំចូល​សត្វ​រស់ សាច់សត្វ រួម​និង​ផលិតផល​សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ដើម្បី​ទប់ស្កាត់​លំហូរ​សត្វ និង​សាច់សត្វ​ពី​ក្រៅប្រទេស ដែល​ក្លាយជា​ប្រធានបទ​ត្អូញត្អែ យ៉ាងខ្លាំង ពី​ក្រុម​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​៕​ដោយៈ វិបុល​-​មេសា​/sn

​សន្និសីទ​ស្តី​ការនាំ​ជ្រូក​ពី​វៀតណាម និង ផលប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​

​ការនាំ​ជ្រូក​ចូល​ពី​វៀតណាម​គគ្រឹកគគ្រេង​ដោយ​គ្មាន​ត្រួតពិនិត្យ​