សមាគម​ធនាគារ​នៅ​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​EMVChipn​របស់​វី​សា​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ប្រតិបត្តិកា​រ​ក្នុងស្រុក​

261
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សមាគម​ធនាគារ​នៅ​កម្ពុជា​និង​ក្រុមហ៊ុន​វី​សា​ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ីបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ល្ងាច​ថ្ងៃទី​៧ សីហា ២០១៩​នៅ​សណ្ឋាគារ​រូស​វូដ​។
​សម្រាប់​ជួយ​ដល់​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា​ដែលមាន​ឈ្មោះថា Cambodian Shared Switch (CSS) ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាព EMV chip ជំនួស​ការប្រើ MagneticStripe​។​សម្រាប់​ការទូទាត់​វិញ​កិច្ចព្រមព្រៀង​នេះ​ផ្តល់ជូន​ដល់​សមាជិកសមាគម​ធនាគារ​នៅ​កម្ពុជា​អាច​ប្រើប្រាស់​ជាមួយនឹង​ស្តង់ដារ​បន្ទះ​ឈី​ប​សុវត្ថិភាព​Visa’sEMV®​។​

​កម្មវិធី​សម្គាល់​អ្នកប្រើប្រាស់​រួម [Application Identifier(AID)]​ពី​ធនាគារ​អេស៊ីលីដា​សម្រាប់​ប្រភេទ​​កាត​ប្រើ​ទូទាត់​ក្នុងស្រុក​កាត​ម៉ាស៊ីន​អេ​ធី​អឹម​និង​នៅ​កន្លែង​លក់ដូរ​ផ្សេងៗ​ដើម្បី​ធានាបាន​ថា​ពួកគេ​នឹង​ទទួលបាន​នូវ​ស្តង់ដារ​ឈី​ប​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​

កាត EMV មាន​បង្កប់​នូវ​microprocessor​ដែល​បង្កើត​កូដ​ប្រតិបត្តិការ​ថ្មី​រាល់​លើក​នៅពេលដែល​កាត​ត្រូវបាន​ប្រើប្រាស់​។​ដំណោះស្រាយ​ឈានមុខ​នៃ​ការ​ប្រឆាំងនឹង​ការ​ក្លែងបន្លំ​នេះ​ផ្តល់ជូន​នូវ​សុវត្ថិភាព​ដ៏​រឹងមាំ​ដែល​ប្រភេទ​កាត magnetic stripe ពីមុន​មិនមាន​។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​”​នៅពេល​បញ្ចប់​ការផ្លាស់ប្តូ​រធនាគារ​និង​ធុរកិច្ច​ក្នុងស្រុក​នឹង​ទទួលបាន​ការការពារ​យ៉ាងខ្ពស់​ប្រឆាំងនឹង​ការ​ក្លែងបន្លំ​ហើយ​ប្រាកដជា​លែង​ក្លាយជា​គោលដៅ​នៃ​ការ​លួច​និង​រំលោភបំពាន​ទិន្នន័យ​តទៅទៀត​ដែរ​។ តាមរយៈ​ការទទួលយក Visa’s EMV chip យើង​នឹង​អាច​ពង្រឹង​ប្រតិបត្តិការ​ក្នុងស្រុក និង​តាម​បណ្តាញ​ម៉ាស៊ីន​អេ​ធី​អឹម​របស់​យើង​ដែល​ផ្តល់នូវ​សុវត្ថិភាព​កាន់តែច្រើន​ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ទូទាំងប្រទេស “​។​

​អ្នកស្រី​ជុំ​ម៉ូ​នី​កា​នាយិកា​គ្រប់គ្រង​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​”​អ្នក​កាន់​តែមាន​ជំនឿ​ចិត្ត​នូវ​គ្រប់​ប្រតិបត្តិការ​ទាំងអស់​។​ដោយសារ​ការទូទាត់​តាមរយៈ​ឌីជីថល​មានការ​រីកចម្រើន​នៅក្នុង​ប្រទេស​យើង​បានធ្វើការ​ប្តេជ្ញាចិត្ត​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​នៅពេលដែល​ពួកគាត់​ធ្វើ​ប្រតិបត្តិការ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។

​ការដាក់​ឱ្យមាន​ការប្រើ​ប្រាស់​Visa’sEMVchipstandards​សម្រាប់​ធនាគារ​ក្នុងស្រុក​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ទទួល​ប្រាក់​សន្សំ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ឧស្សាហកម្ម​ទាំងមូល ខណៈ​យើង​ធ្វើការ​រួមគ្នា​ដើម្បី​រក្សា​ស្តង់ដា​សុវត្ថិភាព​អោយ​ខ្ពស់បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​លោក គីម​ទី កោ​ម​លី អគ្គនាយករង​បច្ចេកទេស​ទី​១​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា ”​យើង​សូម​សរសើរ​ដល់​ក្រុមហ៊ុន​វី​សា​និង​សមាគម​ធនាគារ​នៅ​កម្ពុជា​សម្រាប់​ការសហការ​របស់​ពួកគេ​ក្នុង​ការពង្រឹង​សន្តិសុខ​ក្នុងការ​ទូទាត់​នៅក្នុង​ប្រទេស​កម្ពុជា​។​យើង​ប្តេជ្ញា​ជំរុញ​អនាគត​នៃ​ការទូទាត់​គ្មាន​សាច់ប្រាក់​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ឈរលើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទូទាត់​លំដាប់​ពិភពលោក ហើយ​ការប្រកាស​ថ្ងៃនេះ​គឺជា​ជំហាន​សំខាន់​ក្នុងការ​សម្រេច​នូវ​ចក្ខុ​វិស័យនេះ​”​។​

​ប្រទេស​កម្ពុជា​បន្ត​ទទួលបាន​កំណើន​យ៉ាងរឹងមាំ​នៃ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ហើយក៏​មានការ​កើនឡើង​នូវ​ចំណង់​ចំណូលចិត្ត​ក្នុងចំណោម​អ្នកប្រើប្រាស់​ផងដែរ​ដើម្បី​ទទួលយក​វិធីសាស្ត្រ​ទូទាត់​បែប​ថ្មី​នេះ​។ យោង​លើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ឥរិយាបទ​ក្នុងការ​ទូទាត់​របស់​អតិថិជន​ប្រើប្រាស់​វី​សា​កាត ឃើញថា​ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល​១​ភាគ​៣​រំពឹងថា​ការទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។នឹងមាន​ប្រជាប្រិយ​ភាពកើនឡើង​ដោយសារតែ​វា​មាន​ភាពងាយស្រួល​និង​សុវត្ថិភាព​បើ​ប្រៀបធៀប​ជាមួយនឹង​ការប្រើ​សាច់ប្រាក់​សុទ្ធ​ហើយ​ទន្ទឹមនឹង​នោះដែរ​ប្រជាជន​កម្ពុជា​៥៤​ភាគរយ​ជឿជាក់ថា​សេដ្ឋកិច្ច​នឹង​វិ​វត្ត​ទៅ ដោយ​មិនចាំបាច់​ប្រើ​សាច់​ប្រាក់សុទ្ធ​នៅក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ ខាងមុខនេះ​។​

​លើសពីនេះ​ទៀត​ដើម្បី​ជួយ​ដល់​ធនាគារ​ក្នុងស្រុក​ជាមួយនឹង​ការពង្រឹង​ក្នុងការ​ប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វី​សា តែងតែ​បន្ត​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ​នានា ដែល​ត្រូវបាន​រចនា​ឡើង ដើម្បី​គ្របគ្រង​ហានិភ័យ​និង​ភាព​ច្នៃប្រឌិត​។​ក្នុងនោះ​ផងដែរ​វា​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ការទប់ស្កាត់​ការ​ក្លែងបន្លំ​ការការពារ​អតិថិជន​ពី​ការគំរាមកំហែង​ហើយ​ភាពជា​ដៃគូ​នេះហើយ​ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន វី​សា បង្កើត​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ត្រូវបាន​ណែនាំ​ដោយ​បច្ចេកវិទ្យា​ច្នៃប្រឌិត ដូចជា EMV chip នេះ​។​

ក្រុមហ៊ុន​វី​សា​រួមជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​និង​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​បាន​វិនិយោគ​ជាប្រចាំ​នៅលើ​ការរីកចម្រើន​លើ​ការទូទាត់​តាមរយៈ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​។​នេះ​បានរួម​បញ្ចូល​ទាំង​ផលិត​និង​ការប្រើប្រាស់​កាត​បន្ថែ​មកា​រ​អប់រំ​ដល់​អ្នកប្រើប្រាស់​និង​អាជីវ​កលើ​អត្ថប្រយោជន៍​នៃ​ការទូទាត់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​និង​ការណែនាំ​អំពី​ការច្នៃប្រឌិត​ថ្មីៗ​ទាក់ទង​ទៅនឹង​ការទូទាត់​ដូចជា​ការទូទាត់​តាមរយៈ​ការ​ស្កេ​ន QR កូដ​ជាដើម​។​
បន្ទះ​ឈី​ប​ស្តង់ដារ​EMV​ជា​ស្តង់ដារ​ឧស្សាហកម្ម​ជា​សកល​សម្រាប់​ប្រតិបត្តិ​ការទូទាត់​ដ៏​មាន​សុវត្ថិភាព​ត្រូវបាន​បង្កើតឡើង​ដោយ EMVCo ដែលជា​កម្មសិទ្ធិ​រួមគ្នា​របស់ American Express, Discover, JCB, MasterCard, UnionPay និង Visa ។​

​សូមជម្រាបថា​សមាគម​ធនាគារ​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៤​និង​ត្រូវបាន​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​គឺជា​ស្ថាប័ន​ផ្លូវការ​តំណាង​ឲ្យ​វិស័យ​ធនាគារឯកជន​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​១៩៩៧ABC​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ABC​បាន​ក្លាយជា​សមាជិក​ទី​៨ នៃ​សមាគម​ធនាគារ​អាស៊ាន (ABA) នៅក្នុង​ឆ្នាំ​១៩៩៩​។

ABC​ត្រូវបាន​ដំណើរការ​ក្រោម​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹង​មាត្រា​នានា​ដែល​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០០១​ព្រមទាំង​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​២ ខែតុលា​ឆ្នាំ ២០០១​។ ទីបំផុត​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​ឆ្នាំ ២០១២ ABC បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ​។​

​សមាគម មាន​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែលមាន​ភាពរឹងមាំ​។ អេ​ប៊ី​ស៊ី បាន​ដើរតួនាទី​យ៉ាងសកម្ម និង​សំខាន់​ក្នុង​ការជំរុញ​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាជិក​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​ដើម្បី​ពង្រឹងសមត្ថភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បាន​កើតឡើង ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​។

​ដើម្បី​លើកស្ទួយ​សុខភាព​ហិរញ្ញវត្ថុ​និង​វិជ្ជាជីវៈ​ជំនាញ​របស់​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​តុល្យភាព​និង​និរន្តរភាព​ហើយ​ដែល​សមស្រប​នឹង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។​បច្ចុប្បន្ន​ABC​មាន​សមាជិក​ចំនួន​៦៥​រួមមាន​ធនាគារ​ពាណិជ្ជកម្ម​ចំនួន​៤៥​ធនាគារ​ឯកទេស​ចំនួន​១៥​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​១(CMA)​និង​ការិយាល័យ​តំណាង​
​ធនាគារ​ចំនួន​៤​ដែលមាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​សមាគម​ធនាគារ​នៅ​កម្ពុជា​, ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង វី​សា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ល្ងាច​ថ្ងៃទី​៧ សីហា ២០១៩​នៅ​សណ្ឋាគារ​រូស​វូដ ដើម្បី​ប្រើប្រាស់ EMV Chip(​រូប​៖​សុផល​)