សមាគម​នុស្ស​ចាស់​បង្កើន​សាមគ្គី​ដើម្បី​អភិវឌ្ឍ​សហគមន៍​និង​សង្គមជាតិ​

903
ចែករម្លែក
  • 151
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ អាជ្ញាធរខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​សមាគមន​មនុស្ស​ចាស់​បង្កើន​សាមគ្គី ដើម្បី​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ​”​។​

​ក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ បាន​គូសបញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ដល់​ជីវភាព និង​សុខុមាលភាព របស់​មនុស្ស​ចាស់​នៅ​ទូទាំងប្រទេស​។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និង​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​ចាស់​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។​

​លើសពីនេះ​ទៀត គ្រប់​ក្រសួង ស្ថាប័ន អាជ្ញា​ធរមាន​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​គ្រប់​អង្គការ​នានា ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​សមាគម​មនុស្ស​ចាស់ សមាគម​អតីត មន្ត្រី​រាជា​ការ​ស៊ីវិល​និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដែលមាន​ស្រាប់​។​

ជួយ​គាំទ្រ​ដល់​ការបង្កើត​សមាគម​ចាស់​នៅតាម​សហគមន៍​មូលដ្ឋាន ឲ្យ​មាន​គ្រប់​ឃុំ សង្កាត់ ដើម្បី​បង្កើន​ស្មារតី សាមគ្គី ជួយ​គ្នា​ទៅវិញទៅមក​រវាង​មនុស្ស​ចាស់​ទូទៅ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​មនុស្ស​ចាស់ជរា ជនពិការ និង​ទុរគតជន​គ្មាន​ទីពឹង​។​

​ដោយឡែក កាកបាទក្រហមកម្ពុជា ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​នានា បន្ត​បង្កើន​សកម្មភាព​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ជំនួយ​មនុស្សធម៌ ទាំង​ស្បៀង សម្ភារៈ ថវិកា និង​បច្ចេកទេស​សម្រាប់​ផ្តល់​សេវា​សុខុមាលភាព​របស់​មនុស្ស​ចាស់​។​ដែល​បាននិងកំពុង​ជួបប្រទះ​ការលំបាក​ទាំង​ផ្នែក​ជីវភាព និង​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​

​សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​សាលា​ចំណេះដឹង​ទូទៅ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ផ្តល់​ការអប់រំ​សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌ និង​ប្រពៃណី​ទំនៀម ទម្លាប់​ល្អៗ ដល់​និស្សិត និង​សិស្សានុសិស្ស​គ្រប់រូប ឲ្យ​ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ និង​ការថែទាំ មនុស្ស​ចាស់​ដែលជា​ប្រពៃណី​ដ៏​ល្អ​របស់​យើង​។

​ជាងនេះទៀត​គ្រប់​គ្រួសារ​នៅតាម​សហគមន៍ នីមួយៗ បន្ត​ពង្រឹង​ប្រកាន់​សីលធម៌ ចរិយា​ធម៌ សុជីវធម៌ គុណធម៌​និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​យើង​ជាពិសេស​ត្រូវ​អប់រំ​កូន​និង​ក្មេងជំនាន់ក្រោយ​ឲ្យ​ចេះ​គោរព​ដំបូន្មាន​របស់​មាតា បិតា ជីដូន ជីតា និង​ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ​។​

​សារលិខិត​ដដែល​ក៏បាន​គូសបញ្ជាក់​ឲ្យ​ជនរួមជាតិ​ទាំងអស់ រួមគ្នា​ជួយ​បីបាច់​ថែរក្សា​មនុស្ស​ចាស់ជរា ជនពិការ ទុរគតជន និង​ជន​គ្មាន​ទីពឹង ឲ្យ​មាន​កន្លែង​ស្នាក់​នៅបាន​សមរម្យ តាម​សហគមន៍​នីមួយៗ ដោយ​កសាង​ជា​មណ្ឌល​មនុស្ស​ចាស់​ជាពិសេស​នៅតាម​ទីវ​ត្ត​អារាម​និង​វិហារ​សាសនា​ដែល​អាចជួយ​ផ្តល់​ជាទី​ជម្រក ឬ​អាហារ​ទៅតាម​លទ្ធភាព​ជាក់ស្តែង​។

​ម្យ៉ាងទៀត​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រម​ទាំងគ្រប់​ទីភ្នាក់ងារ​ព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ស្នាដៃ​និង​សមិទ្ធផល​នានា​ដែល​មនុស្ស​ចាស់​បាន​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ក៏ដូចជា​សង្គមជាតិ​ទាំងមូល​និង​ផ្សព្វផ្សាយ​សកម្មភាព​នានា​ដែល​បង្ហាញ​អំពី​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ចាស់ នៅក្នុង​សង្គម​កម្ពុជា​យើង​។​

​ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​គោលនយោបាយ​ស្តីពី​សុវត្ថិភាព​សង្គម​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ត្រៀម​ចូលនិវត្តន៍ តាមរយៈ​ការផ្តល់​ដី​សម្បទាន សង្គមកិច្ច និង​បាននិងកំពុង​រៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ ដែលជា​យន្តការ​សម្រាប់​អនុវត្ត​គោលនយោបាយ​សម្រាប់​មនុ​ស្ស​ចាស់ និង​គម្រោង​កម្មវិធី​គាំទ្រ​ផ្សេងៗ សម្រាប់​ជួយ​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ចាស់​នៅ​ទូទាំងប្រទេស​៕S/