សមាគម​បាល់បោះ NBA ប្រឈម​ការខាតបង់ “​សន្ធឹកសន្ធាប់​” ដោយសារ​ជម្លោះ​ជាមួយ​ចិន​

223
ចែករម្លែក

​ប្រធាន​សមាគម​បាល់បោះ​ជាតិ​អាម៉េរិក (NBA) បាន​និយាយថា NBA បានទទួល​រង​នូវ​ការខាតបង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បន្ទាប់ពី​ការអត្ថាធិប្បាយ​តាម​អ៊ី​ន​ធឺ​ណេ​ត​ពី​សំណាក់​នាយក​ប្រតិបត្តិ​ក្រុម​បាល់បោះ​មួយ​បាន​បង្កឱ្យមាន​វិបត្តិ​ក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ចិន​។​

​លោក អា​ដាំ ស៊ី​ល​វើ និយាយថា “​ផលវិបាក​ខាង​ហិរញ្ញវត្ថុ​បាន​និង​ប្រហែល​បន្ត​មាន​សភាព​ធ្ងន់ធ្ងរ​”​។​

​កាលពី​ដើមខែ​នេះ លោក ដា​រី​ល ម៉ូ​រ៉េ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បាល់បោះ Houston Rockets បាន​សរសេរ​លើ Twitter ការគាំទ្រ​ដល់​ក្រុមអ្នកតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ហុងកុង​។​

​ជា​លទ្ធផល បណ្តា​ក្រុមហ៊ុន​ចិន​បាន​ផ្អាក​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​និង​ការផ្សាយ​បន្ត​ផ្ទាល់​។​

​ទូរទស្សន៍​រដ្ឋ​ចិន CCTV និង​ក្រុមហ៊ុន Tencent Holdings ដែល​ចាក់ផ្សាយ​ការប្រកួត​របស់ NBA នៅក្នុង​ប្រទេស​ចិន​បាន​និយាយថា ពួកគេ​នឹង​បញ្ឈប់​ការផ្សាយ​ការប្រកួត​របស់​ក្រុម​បាល់បោះ Rockets ។​

​សមាគម​កីឡាបាល់បោះ​ចិន​បាន​ផ្អាក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុម​បាល់បោះ Houston Rockets ក៏ដូចជា​យីហោ​សម្លៀកបំពាក់​កីឡា​ចិន Li-Ning និង​ម្ចាស់​ឧបត្ថម្ភ​របស់​ក្លិប​នៅ​ចិន គឺ ធនាគារ​អភិវឌ្ឍន៍​សៀង​ហៃ​ភូ​ទុង​។​

​លោក​ស៊ី​ល​វើ​និយាយថា “​ការខាតបង់​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​រួចទៅហើយ​”​។​

​គាត់​បាន​ប្រាប់​នៅ​កម្មវិធី Time 100 Health Summit របស់​ទស្សនា​វ​ដ្តី Time នៅ​ញូវយ៉ក​ថា “​ការប្រកួត​របស់​យើង​មិនបាន​ផ្សាយ​ផ្ទាល់​នៅក្នុង​ប្រទេស​ចិន​ទេ​ខណៈ​យើង​កំពុងនិយាយ ហើយ​យើង​នឹង​ឃើញ​មាន​អ្វី​កើត​ឡើងជា​បន្តទៀត​”​។

NBA មាន​ប្រជាប្រិយភាព​ខ្លាំងណាស់​នៅក្នុង​ប្រទេស​ចិន ជាមួយ​អ្នកគាំទ្រ ៨០០ លាន​នាក់​បាន​គាំទ្រ​ដល់​វិស័យ​កីឡា​កើប​ចំណូល​រាប់លាន​ដុល្លារ​នេះ​៕ ដោយ៖ កញ្ញាដាលីស

យ៉ាវ មីង លេង​ឱ្យ​ក្រុម​បាល់បោះ Houston Rockets រវាង​ឆ្នាំ ២០០២ និង ២០១១ ដោយ​ធ្វើឱ្យ​ក្រុម​នេះ​ល្បីល្បាញ​ក្នុងប្រទេស​ចិន