សមាគម​ល្បីឈ្មោះ​កូរ៉េ​ចង់​បង្កើត​មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​វិទ្យាសាស្ត្រ​សម្ផស្ស​នៅ​កម្ពុជា

636
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
សមាគម​ដ៏​ធំ​មួយ​របស់​សាធារណរដ្ឋ​កូរ៉េ បានបង្ហាញ​គោលបំណង​ចង់​បង្កើត «​មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​» នៅ​កម្ពុជា ដើម្បី​ផ្ដល់​ការអប់រំ​បណ្ដុះបណ្ដាល​ជំនាញ​កែ​សម្ផស្ស​ដល់​យុវជន នៅ​កម្ពុជា​។​

លោក សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​សមា​គម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​

​ការបង្ហាញ​ពី​ការចង់​បង្កើត​គម្រោង​មូ​យ​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​គណៈប្រតិភូ​សមា​គម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង ដឹកនាំ​ដោយ​លោក Harry Hwang នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ការងារ​បានបញ្ជាក់​ឱ្យដឹងថា គម្រោង​ចង់​បើក​ដំណើរការ​មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​នៅ​កម្ពុជា នឹង​ទទួលបាន​នូវ​ការចាប់អារម្មណ៍ ព្រមទាំង​ឆ្លើយតប​នឹង​ទីផ្សារ​សេវាកម្ម​កែ​សម្ផស្ស នាពេល​បច្ចុប្បន្ន ពីព្រោះ​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាព​រីកចម្រើន កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធា ដូច្នេះ​ការស្វែងរក​សេវាកម្ម​កែ​សម្ផស្ស​ក៏​ចេះតែមាន​តម្រូវការ​ជា​លំដាប់​។​

​លោក​បាន​បន្ថែមថា ប្រសិនបើ​គម្រោង​វិនិយោគ​នេះ​អាច​ដំណើរការ​ទៅបាន​ពិតមែន កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹង​សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយទៀត រួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល ប្រជាជន និង​ប្រជាជន​។​

​ជាមួយគ្នានេះ លោក Lee Sung Yeob តំណាង​សមាគម​អន្តរជាតិ​អប់រំ​ក្នុង​វិស័យ​សម្ផស្ស​របស់​ប្រទេស​កូរ៉េខាងត្បូង បានឱ្យដឹងថា ការដែល​លោក​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ គឺ​ដើម្បី​មក​បង្ហាញ​គោលបំណង​ចង់​វិនិយោគ​លើ​ការបង្កើត «​មជ្ឈមណ្ឌល​ស្ដង់ដា​ជាតិ​ផ្នែក​វិទ្យាសាស្ត្រ​សម្ផស្ស​» ដោយសារតែ​លោក​បាន​មើលឃើញ​សក្ដានុពល​លើ​វិស័យ​សម្ផស្ស​នៅ​កម្ពុជា​កំពុងមាន​ភាព​ផុសផុល ដែល​អាចបង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​លើ​វិស័យនេះ​។​

​លោក​បាន​បន្ថែមថា សមាគម​របស់លោក​បាន​និង​កំពុងដំណើរការ ប្រកបដោយ​ភាពជោគជ័យ​លើ​វិស័យ​កែ​សម្ផស្ស​នេះ​នៅ​ជុំវិញ​ពិភពលោក ដោយ​ក្នុងនោះ​សមាគម​មាន​ស្ថាប័ន​ជា​សមាជិក​ជាច្រើន​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ដូចជា​កូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ កាណាដា អាមេរិក​ជាដើម​។​

​លោក Lee បានលើកឡើង​ដែរ​ថាបើ​សិន​បើ​គម្រោង​វិនិយោគ​នេះ​អាច​ដំណើរការ​ទៅបាន​ពិតមែន ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាជន​ក្នុង​តំបន់​នឹង​ទទួលបាន​សេវាកម្ម​កែ​សម្ផស្ស ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់ តាមរយៈ ការបណ្ដុះបណ្ដាល​ដល់​អ្ន​ក​ផ្ដល់​សេវា​កែ​សម្ផស្ស ពី​សំណាក់​អ្នកជំនាញ​កូរ៉េ និង​អ្នកជំនាញ​មកពី​បណ្ដា​ស្ថាប័ន​ដៃគូ​។​

​គួរ​បញ្ជាក់ថា​ក្នុង​ពិធី​នេះ​លោក​អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏ បានបង្ហាញ​ការស្វាគមន៍ និង​គាំទ្រ​គម្រោង នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​យ៉ាង​ពេញទំហឹង ពិសេស​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ធានា​នូវ​ការផ្ដល់​អាជ្ញា​បណ្ណ​មួយ​ជូន​មជ្ឈមណ្ឌល ដើម្បី​ប្រតិបត្តិការ​ការងារ​ដោយ​ស្របច្បាប់​៕ ល​