សមាគម​សហព័ន្ធ​វិនិយោគិន​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​ពលរដ្ឋ​ផ្នែក​មុខជំនាញ​វិជ្ជាជីវៈ​

1467
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: សមាគម​សហព័ន្ធ​វិនិយោគិន​បាន​អះអាងថា សមាគម​របស់ខ្លួន​មួយ​នេះ នឹង​ត្រៀម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មុខវិជ្ជា​ជីវៈ​ដល់​ពលរដ្ឋ​កម្ពុជា​លើ​គ្រប់​វិស័យ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង និង​មុខជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ សម្រាប់​ប្រកបការងារ​។​

​ការលើកឡើង​ឱ្យដឹង​បែបនេះ ធ្វើឡើង​ដោយ​លោក​បណ្ឌិត ឡី សុភាព នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​វិសាមញ្ញ​របស់ ក្រុមប្រឹក្សាភិបាល​សមាគម​សហព័ន្ធ​វិនិយោគិន លើក​ទី​២ នៅ​សណ្ឋាគារ​ហាយ​ស្កា​យ នា​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ថា ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ក្រោម​អធិបតីភាព​ពី​សំណាក់​លោក សួន រិនឌី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សហព័ន្ធ​វិនិយោគិន រួមជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​ជាច្រើនរូប​ផងដែរ​។​
​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន​លោក​បណ្ឌិត ឡី​សុភាព​បានឱ្យដឹងថា ការរៀបចំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ធ្វើឡើង​ស្របតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​បាន​បន្ត​ឱ្យដឹងថា “​ដើម្បី​អនុវត្ត​អនុសាសន៍​សម្តេច​តេ​ជោ​ហ៊ុនសែន​ឱ្យបាន​ខ្ជាប់ខ្ជួន​នោះ ខណៈ​ពេលនេះ​សមាគម​កំពុង​រៀបចំ​យន្តការ​ត្រៀម​ជួយ​អ្នក​ដែល​ចង់​បន្ត​ការសិក្សា និង​ចង់បាន​ជំនាញ​វិជ្ជាជីវៈ​។​សម្តេច​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ជួយ​ជ្រោមជ្រែង​ប្រជាពលរដ្ឋ ឱ្យទទួល​បានការ​សិក្សា​ទាំង​ចំណេះដឹង​ទូទៅ និង​ជំនាញ​វិជ្ជាជីវៈ​ហេតុនេះ​សមាគម​នឹង​ជួយ​ដល់​ពលរដ្ឋ​ក្នុង​វិស័យនេះ​”​។​

​ដោយឡែក​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សមាគម​សហព័ន្ធ​វិនិយោគិន លើក​ទី​២​វិញ​លោក​បណ្ឌិត​ឡី​សុភាព​បានឱ្យដឹង​បន្ថែមថា​ក្នុង កិច្ចប្រជុំ​នេះ ក៏បាន​ដាក់ចេញ​នូវ​ទិសដៅ​អនុវត្ត​ការងារ​ពិសេសៗ​ចំនួន ៦​ចំណុច​ដូចជា​៖ គឺ ១៖ សមាគម​សហព័ន្ធ​វិនិយោគិន នឹង​ចុះ​ពង្រឹង​ការផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​តាម​វិស័យ ដូចជា​វិស័យ​ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម សិប្បកម្ម និង​ឧស្សាហកម្ម ផលិតកម្ម វិនិយោគ អប់រំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ ក៏ដូចជា​វិស័យ​ការងារ​ជាដើម ទៅដល់​អ្នកពាក់ព័ន្ធ​ដើម្បីឱ្យ​យល់ដឹង​អំពី​បញ្ហា​ច្បាប់​។ ២៖ សមាគម​សហព័ន្ធ​វិនិយោគិន នឹង​ជួយផ្ដល់​ការគាំទ្រ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​ឱ្យទទួល​បានការ​សិក្សា​ប​ន្ត​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ទាំង​អ្នក​ដែល​ជាប់​បាក់​ឌុប ឬ​ធ្លា​ក់បាក់​ឌុប ក៏ដូចជា​ជួយ​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ផងដែរ សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលការណ៍ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​» ខណៈ​ប្រទេស​កម្ពុជា​កំពុង​ត្រូវការ​អ្នកជំនាញ​វិជ្ជាជីវៈ​ច្រើនណាស់​។ ៣៖ សមាគម​សហព័ន្ធ​វិនិយោគិន ក៏មាន​យន្ត​ការជួយ​បង្កលក្ខណៈ​ទៅដល់​សហគ្រិន​កម្ពុជា ចាប់ផ្ដើម​នូវ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។ ៤៖ សមាគម​សហព័ន្ធ​វិនិយោគិន បាននិងកំពុង​ជួយ​ជំរុញឱ្យមាន​ការវិនិយោគ​នៅ​កម្ពុជា ពិសេស​សមាគម​ក៏មាន​គម្រោង​វិនិយោគ​លើ​គ្រប់​វិស័យ​ទាំងអស់ ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ សុខាភិបាល កសិកម្ម សេវាកម្ម វិនិយោគ អប់រំ និង​បណ​ញុះ​បណ្ដាល​វិជ្ជាជីវៈ​ជាដើម​។ ៥៖ សមាគម​សហព័ន្ធ​វិនិយោគិន នឹង​ចុះ​ពង្រឹង​-​ពង្រីក​សេវាកម្ម​សុខាភិបាល ដោយ​សមាគម​នឹង​បង្កើត​កម្មវិធី​ថែទាំ​សុខភាព​ថ្មី​មួយ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ទាំងឡាយ ពាក់ព័ន្ធ​នឹង​ការពង្រឹង​វិស័យ​សុខាភិបាល ជាមួយនឹង​ទិស​ស្លោ​កមួយ «​តើ​យើង​គួរ​ថែ​សុខភាព ឬក៏​ថែ​ជំងឺ (Health Care or Sick Care)»​។ ៦៖ សមាគម​សហព័ន្ធ​វិនិយោគិន នឹង​ប្រតិបត្តិការ​លើ​ការងារ​សប្បុរសធម៌​ជួយ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា ព្រោះ​សមាគម​ក៏មាន​មូលនិធិ​សប្បុរសធម៌ ចាំ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ដោយ​ប្រការ​ណាមួយ​ដែរ​។ ក្រៅពីនេះ សមាគម​មាន​គោលការណ៍​គាំទ្រ​ដល់​វិស័យ​សិល្បៈ តូរ​តន្ត្រី​ខ្មែរ និង​វិស័យ​កីឡា​ថែមទៀត​៕ ល​

#