សមាគម​សហព័ន្ធ​វិនិយោគ​គិ​ន​តែងតាំង​លោក​ឧកញ៉ា លី ហួរ ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​

767
ចែករម្លែក
  • 11
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ដើម្បី​ពង្រឹង​លើ​សមត្ថភាព​ដឹកនាំ ក៏ដូចជា​ចូលរួម លើកស្ទួយ លើ​វិស័យ សេដ្ឋកិច្ចជាតិ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​កា​ន់​តែ​ប្រសើរឡើង​ថែមទៀត​នោះ ក្រុម​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​បានប្រកាស តែងតាំង លោក ឧកញ៉ា លី ហួរ ជា​អនុប្រធាន ក្រុមប្រឹក្សាភិបាល នៃ​សមាគម​សហព័ន្ធ​វិនិយោគ​គិ​ន​មួយរូប​បន្ថែមទៀត ដើម្បី​ដឹកនាំ​សមាគម​ឱ្យ​កាន់តែ​រីកចម្រើន​លូតលាស់ ទៅ​ថ្ងៃ​ខាងមុខ​។​

​យោងតាម​សេចក្តីប្រកាស​របស់​សមា​គម​សហព័ន្ធ​វិនិយោគិន​បានឱ្យដឹងថា សេចក្តីសម្រេច​ស្តីពី​ការទទួល​ស្កាល់ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​នេះ បាន​ធ្វើឡើង​តាំងតែ​ពី​ខែតុលា​ឆ្នាំ​២០១៨ ប៉ុន្តែ​បានប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ក្រោយ​កិច្ចប្រជុំ​លើក​ទី​៤​នៃ​សមាគម​កាលពី​ថ្មីៗ​មកនេះ​។​

​បើតាម​លោក បណ្ឌិត ឡី សុភាព ប្រធាន សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​ការតែងតាំង លោក ឧកញ៉ា លី​ហួរ ជា​អនុប្រធាន ក្រុមប្រឹក្សាភិបាល នៃ សមាគម​សហព័ន្ធ​វិនិយោគ​គិ​ន​ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សមាគម​ឱ្យ​កាន់តែ​រីកចម្រើន​និង​ទទួលបាន​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​។​

​លោក​បាន​បញ្ជាក់ដែរថា ចំពោះ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ជាមួយ​វិស័យ​ឯកជន ដោយសារ​សមាគម​នេះ ជា​សមាគម​មួយ​ធំ សម្រាប់​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេសជាតិ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោ​កថា​ការតែងតាំង​ក៏ដូចជា​ការ អនុម័ត​រៀបចំ​រចនា​សម្ព័ន្ធ​ការងារ​តាម​ផ្នែក​តាម​វិស័យ​នីមួយៗ​របស់​សមាគម​គឺ សម្រាប់​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​របស់​ជាតិ​ឱ្យបាន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​លោក​បាន​មានប្រសាសន៍ថា សមាគម​នឹងចូលរួម​លុបបំបាត់​រា​ល់ប​ញ្ហា​អសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សំដៅ​ជួយ​ឱ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ឈានទៅ​មុខ​បន្ថែមទៀត​៕ ល​