សមាជិកសភា​រុស្ស៊ី​ម្នាក់​ព្រមាន​ស្ត្រី​រុស្ស៊ី កុំឱ្យ​រួមភេទ​ជាមួយ​ពួក​អ្នកគាំទ្រ​បរទេស ប្រយ័ត្ន​ក្លាយជា​ស្ត្រី​មេម៉ាយ​

1024
ចែករម្លែក

​សមាជិកសភា​រុស្ស៊ី​មួយរូប ដែល​ដឹកនាំ​គណៈកម្មាធិការ​គ្រួសារ​របស់​សភា​បាន​ណែនាំ​ថា ស្ត្រី​រុស្ស៊ី​មិនគួរ​ដេក​ជាមួយនឹង​ក្រុម​អ្នកគាំទ្រ​ភ្ញៀវ​ដែល​មក​ទស្សនាការ​ប្រកួត​វើ​ល​ខាប់​ទេ ដើម្បី​ចៀសវាង​ការ​ក្លាយជា​ម្តាយ​មេម៉ាយ ដែល​មានកូន​ចម្រុះ​ជាតិ​សាសន៍​។​

​លោកស្រី ថា​ម៉ា​រ៉ា ផ្លេ​ត​នី​យ៉ូ​វ៉ា ជា​ជន​កុម្មុយនីស្ត​វ័យ ៧០ ឆ្នាំ ដែល​អ្នកដឹកនាំ​គណៈកម្មាធិការ​គ្រួសារ ស្ត្រី និង​កុមារ របស់​សភា បាន​ប្រាប់​វិទ្យុ Govorit Moskva ថា លោកស្រី​សង្ឃឹមថា ស្ត្រី​រុស្ស៊ី​នឹងមិន​ទាក់ទង​ណាត់ជួប​ពួក​អ្នកគាំទ្រ​ភ្ញៀវ​ទាំងនោះ រួច​មាន​ផ្ទៃពោះ​។​

​អ្នកនយោបាយ​ជាន់ខ្ពស់​រូបនេះ​បាន​ព្រមាន​ថា ការប្រកួត​បាល់ទាត់​ពិភពលោក​ដែល​រៀបចំឡើង​ដោយ​ប្រទេស​រុស្ស៊ី​អាច​បង្កើន​ចំនួន​យុវនារី​មាន​ផ្ទៃពោះ ដោយ​បន្ថែមថា “​ខ្ញុំ​សង្ឃឹមថា ពួកនាង​ចេះ​គិតគូរ​ច្បាស់លាស់ ទាក់ទង​នឹង​ជនបរទេស​។ តើ​នឹងមាន​នារី​វ័យក្មេង​ណា​ណាត់ជួប​ជាមួយ​ជនបរទេស​ទាំងនោះ រួច​មានកូន​ពី​ពួកគេ​ទេ​? ប្រហែល​ជាមាន​ខ្លះ ប៉ុន្ដែ ខ្ញុំ​សង្ឃឹមថា​មិនមាន​ទៅ​ចុះ​”​។​

​លោកស្រី ផ្លេ​ត​នី​យ៉ូ​វ៉ា បាន​អះអាងថា មេរៀន​ជាច្រើន គឺ​គួរ​រៀនសូត្រ​ពី​សម័យ​សហភាពសូវៀត នៅពេល​ស្ត្រី​ក្នុងស្រុក​ខ្លះ​មាន​ផ្ទៃពោះ ក្រោយពី​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ជនបរទេស​នៅឯ​កីឡា​អូឡាំពិក​ក្រុង​មូ​ស្គូ​ក្នុង​ឆ្នាំ ១៩៨០​។​

​នៅពេល​សួរថា​តើ​ការប្រកួត​បាល់ទាត់​ពិភពលោក​អាច​បង្កឱ្យមាន​ការកើនឡើង​នៃ​អត្រាកំណើត​របស់​រុស្ស៊ី ដែលជា​គោលដៅ​សំខាន់​សម្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ដែរ​ឬ​យ៉ាងណា លោកស្រី​ផ្លេ​ត​នី​យ៉ូ​វ៉ា បាន​ឆ្លើយតប​ថា “​យើង​គួរតែ​ផ្តល់កំណើត​ដល់​កូនៗ​ជនជាតិ​យើង​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ថា​ម៉ា​រ៉ា ផ្លេ​ត​នី​យ៉ូ​វ៉ា