សមាជិកសភា​អង់គ្លេស​ច្រានចោល​កិច្ចព្រមព្រៀង Brexit ជា​លើក​ទី​បី​

399
ចែករម្លែក
  • 14
    Shares

​សមាជិកសភា​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា​បាន​ច្រានចោល​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា មេ ជា​លើក​ទី​បី ដោយ​បើកផ្លូវ​សម្រាប់​ការពន្យារពេល​ដ៏​យូរ​ចំពោះ​កិច្ចព្រមព្រៀង Brexit ឬ​ការដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​ដោយ “​គ្មាន​កិច្ចព្រមព្រៀង​” ដ៏​ចលាចល​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​នេះ​។​

​លុយ​ផោន​បាន​ធ្លាក់​ថ្លៃ​ខណៈដែល​សមាជិកសភា​បាន​ប្រឆាំងនឹង​ការ​អង្វរករ​របស់លោក​ស្រី​មេ​ដើម្បី​បញ្ចប់​ភាពជាប់គាំង​ដែល​បាន​ទាញ​ទម្លាក់​ចក្រភព​អង់គ្លេស​ទៅក្នុង​វិបត្តិ​នយោបាយ​ដ៏​ជ្រាលជ្រៅ ដោយ​ផ្តួល​កិច្ចព្រមព្រៀង​ស្តីពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់លោក​ស្រី​ដោយ​សំឡេង​ប្រឆាំង ៣៤៤ ទល់នឹង​សំឡេងគាំទ្រ ២៨៦​។​

​ចក្រភព​អង់គ្លេស​គ្រោង​ចាក​ចេញពី​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ ប៉ុន្តែ​ដោយសារ​ភាពជាប់គាំង​ក្នុង​សភា លោកស្រី​មេ​បាន​ស្នើសុំ​ពួក​មេដឹកនាំ​អឺរ៉ុប​កាលពី​សប្តាហ៍​មុន​ដើម្បី​ពន្យារពេល​ថែម​បន្តិចទៀត​។​

​បច្ចុប្បន្ន​លោកស្រី​កំពុង​ប្រឈមមុខ​នឹង​ការបកស្រាយ​ថា​នឹងមាន​អ្វី​ទៀត​កើតឡើង​បន្ទាប់​ទៀត ក្រោយពី​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូ​ណា​ល់ ថាស ភ្លាមៗ​បាន​កោះប្រជុំ​កំពូល​នៅ​ទី​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី ១០ ខែមេសា​។​

​សហភាព​អឺរ៉ុប​បានកំណត់​ថ្ងៃ​ផុតកំណត់​នៃ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី ១២ ខែមេសា​សម្រាប់​ការសម្រេចចិត្ត​មួយ ជាមួយ​ជម្រើស​ពីរ​យ៉ាង​គឺ ៖ ចក្រភព​អង់គ្លេស​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ទាល់តែសោះ ឬ​យល់ព្រម​ពន្យារពេល​កាន់តែ​យូរ​ដើម្បី​អនុញ្ញាត​ឱ្យមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រក​វិធីសាស្ត្រ​ថ្មី​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយថា​វា​នឹង​មិនអាច​ទទួលយកបាន​ទេ​ក្នុងការ​ស្នើឱ្យ​អ្នកបោះឆ្នោត​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​អឺរ៉ុប​នៅ​ខែឧសភា គឺ​បី​ឆ្នាំ​គត់​ក្រោយពី​ពួកគេ​បាន​បោះឆ្នោត​ប្រជាមតិ​ឆ្នាំ ២០១៦ ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

​សមាជិកសភា​ចក្រភព​អង់គ្លេស​បាន​ច្រានចោល​នូវ​លទ្ធផល “​គ្មាន​កិច្ចព្រមព្រៀង​” ដោយ​បារម្ភ​អំពី​មហន្តរាយ ប្រសិនបើ​អង់គ្លេស​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ជិតស្និទ្ធ​បំផុត​របស់ខ្លួន​ដោយ​ពុំមាន​ផែនការ​នៅនឹងកន្លែង​។​

​ទោះយ៉ាងណា នេះ​នៅតែ​ជា​ជម្រើស​ផ្លូវច្បាប់​លំនាំ​ដើម​ដដែល ហើយ​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃ​សុក្រ​ថា នេះ​នឹង​នៅតែ​ជា “​សេណា​រី​យ៉ូ​ដែល​ទំនង​បំផុត​” ដដែល​ហ្នឹង (​ចាក​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​)​។​

​ការណ៍​នេះ​ត្រូវបាន​បន្ទរ​ដោយ​ប្រធានាធិបតី​បារាំង​ដែល​និយាយថា​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​ត្រូវតែ “​បង្ហាញ​ជាបន្ទាន់​នូវ​ផែនការ​ជំនួស​មួយ​ផ្សេងទៀត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​”​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាល្លឺម៉ង់ ហី​កូ ម៉ា​អាស (Heiko Maas) បាន​និយាយ​បន្ថែមថា “​យើង​កំពុង​ជិត​អស់​ពេលវេលា​ហើយ​ដើម្បី​ទប់ស្កាត់ Brexit ដ៏​ចលាចល​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ថេ​រ៉េ​សា មេ