សមាជិកសភា​អាមេរិក​ជំរុញ​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​យោធា​មី​យ៉ាន់​ម៉ា​

753

ក្រុម​សមាជិកសភា​អាមេរិក​បានស្នើ​ដាក់ទណ្ឌកម្ម​កាលពី​ថ្ងៃ​សុក្រ​ទី​៣​វិច្ឆិកា​ប្រឆាំងនឹង​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំងបំផុត ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ប្រទេសជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បញ្ឈប់​ការរំលោភបំពាន​ទៅលើ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

​ក្រុម​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បានដាក់​ចេញ​នូវ​ច្បាប់ ដែល​នឹង​កាត់បន្ថយ​ជំនួយ​ឬ​កិច្ចសហប្រតិបត្តិការ​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា ហើយ​ទាមទារ​ឱ្យ​សេត​វិមាន​កំណត់​អត្តសញ្ញាណ​មន្ត្រីជាន់ខ្ពស់ ដែល​ត្រូវដាក់​បម្រាម​ទិដ្ឋាការ​សហរដ្ឋអាមេរិក​ឬ ដាក់​បម្រាម​ជាថ្មី​ឡើងវិញ​ប្រឆាំង​ពួកគេ​។​

​ក្រុម​សមាជិកសភា​ដែល​មកពី​២​បក្ស​នៅ​ព្រឹទ្ធសភា​ដោយ​រួមទាំង លោក ច​ន ម៉ាក​ខេន ប្រធាន​គណៈកម្មាធិការ​ទទួល​ប​ន្ទូ​ក​និង​គ្រប់គ្រង​អាវុធ​របស់​ព្រឹទ្ធសភា បានធ្វើ​សំណើ​របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ សំណើ​របស់​ពួកគេ គឺ អំពាវនាវ​ឱ្យមាន​ការ​រឹតបន្តឹង​លើ​ការនាំ​ចូល​និង​ពាណិជ្ជកម្ម​លើ​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​រួមទាំង​ការដាក់​បម្រាម​ហាមប្រាម​ជាថ្មី​លើ​ការ​នាំចូល​ត្បូង​ពេជ្រ និង​ត្បូង​ទទឹម​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោក ច​ន ម៉ាក​ខេន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ច្បាប់​របស់​យើង​នឹង​ចាប់​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ឱ្យទទួល​ខុសត្រូវ​ចំពោះ​ការសម្លាប់​និង​ការផ្លាស់​ទីលំនៅ​របស់​បុរស ស្ត្រី និង កុមារ​ដែល​គ្មាន​កំហុស​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បញ្ជាក់​យ៉ាងច្បាស់​ថា “​សហរដ្ឋអាមេរិក​នឹងមិន​ឈរ​នៅ​ខាង​អំពើ​ឃោរឃៅ​ទាំងនេះ​ទេ​”​។​

​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​អំពើហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ចាប់តាំងពី​ថ្ងៃទី​២៥​ខែសីហា​៕ ដោយ៖ សុខា

​លោកស្រី អ៊ុង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​រ៉ា​ឃី​ន ដែលមាន​ភាពវឹកវរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍