ក្នុងចំណោមសមាជិកសភាជាប់ឆ្នោតថ្មីរបស់ឥណ្ឌាជិតពាក់កណ្តាលប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ ហើយចំណែកនៃសមាជិកសភាទាំងនេះបានកើនឡើងជាលំដាប់។
នៅក្នុងការលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើល ការវិភាគមួយបានបង្ហាញថា ឱកាសនៃការឈ្នះអាសនៈនៅក្នុងសភាជាន់ទាបរបស់សភានៅឆ្នាំនេះសម្រាប់បេក្ខជនដែលជាប់ពាក់ព័ន្ធនៅក្នុងករណីព្រហ្មទណ្ឌដែលបានប្រកាសគឺមាន ១៥,៥ភាគរយ ខណៈមានតែ ៤,៧ ភាគរយប៉ុណ្ណោះសម្រាប់បេក្ខជនដែលមានប្រវត្តិរូបស្អាតស្អំ។
យោងតាមរបាយការណ៍នៃសមាគមកំណែទម្រង់ប្រជាធិបតេយ្យ (ADR) បានឱ្យដឹងថា នៅក្នុងប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកនេះ ៤៣ភាគរយ ឬ ២៣៣ នាក់ក្នុងចំណោម ៥៣៩ បេក្ខជនដែលបានឈ្នះក្នុងការបោះឆ្នោតទូទៅ ត្រូវបានប្រកាសថាកំពុងជាប់ក្នុងការប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។
ការជាប់ឆ្នោតរបស់បេក្ខជនបែបនេះបានកើនឡើង២៦ភាគរយ ចាប់តាំងពីឆ្នាំ ២០១៤ និង ៤៤ ភាគរយ ចាប់តាំងពីឆ្នាំ ២០០៩។
ច្បាប់របស់ឥណ្ឌារារាំងបុគ្គល ដែលត្រូវបានផ្តន្ទាទោសពីបទល្មើសណាមួយនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារពីរឆ្នាំឬច្រើនជាងនេះពីការប្រកួតប្រជែងការបោះឆ្នោត។ ប៉ុន្តែបុគ្គល ដែលប្រឈមមុខនឹងការចោទប្រកាន់ គឺមានសេរីភាពក្នុងការបោះឆ្នោត។ ទន្ទឹមនឹងនេះដែរ ប្រព័ន្ធយុត្តិធម៌ឥណ្ឌាធ្វើចំណាត់ការយឺតយ៉ាវណាស់និងអាចចំណាយពេលច្រើនទសវត្សរ៍ដើម្បីដោះស្រាយករណីនេះ។
ក្នុងចំណោមបេក្ខជនចំនួន ៧៩២៨ នាក់ដែលត្រូវបានវិភាគដោយ ADR នៅក្នុងការបោះឆ្នោតនេះ ១៥០០នាក់ (១៩%) បានប្រកាសថាបានបើកករណីព្រហ្មទណ្ឌប្រឆាំងនឹងខ្លួនពួកគេ។ ក្នុងឆ្នាំ ២០១៤ គឺមាន ១៧ ភាគរយ។
លើសពីនេះទៅទៀត អ្នកឈ្នះឆ្នោត ១៥៩ នាក់ (២៩%) ប្រឈមនឹងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងររួមទាំងករណីពាក់ព័ន្ធនឹងការចាប់រំលោភ ឃាតកម្ម ប៉ុនប៉ងសម្លាប់មនុស្ស ចាប់ជំរិត និងបទល្មើសផ្សេងៗប្រឆាំងនឹងស្ត្រី។
គណបក្ស Bharatiya Janata ដែលឈ្នះការបោះឆ្នោតជាមួយសំឡេងភាគច្រើន ក៏មានសមាជិកសភាក្នុងចំនួនដ៏ខ្ពស់ផងដែរ ដែលប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌ។ មានសមាជិកចំនួន ១១៦ នាក់ក្នុងចំណោមសមាជិកសភាជាប់ឆ្នោត ៣០៣ រូប (៣៩%) កំពុងប្រឈមករណីព្រហ្មទណ្ឌជាច្រើនករណី។
ទោះបីយ៉ាងណា គណបក្សផ្សេងទៀតមានសមាជិកជាប់ការចោទប្រកាន់ច្រើនជាងគណបក្ស BJP គិតលើភាគរយ។ សមាជិកសភាដែលរងការចោទប្រកាន់រួមមាន ២៩ នាក់ (៥៧%) មកពីបក្សសមាជ ១៣នាក់ (៨១%) មកពីបក្ស Janata Dal-United ១០នាក់ (៤៣%) មកពីបក្ស Dravida Munnetra Kazhagam និង ៩នាក់ (៤១%) មកពីសភា Trinamool៕ ដោយ៖ កញ្ញាដាលីស