ដោយៈអង្គរតូច /
សៀមរាបៈ សមាជិកម្នាក់ នៃក្រុមប្រឹក្សាឃុំបឹងមាលា ស្រុកស្វាយលើ បានទទូចសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយមានវិធានការច្បាប់ ទៅលើក្រុមបើកបរ ប្រដេញស្ទាក់ជំរិតទារប្រាក់ នៅក្នុងមូលដ្ឋានស្រុកស្វាយលើ ។ ការស្នើសុំនេះ គឺបន្ទាប់ពីក្រុមប្រដេញខាងលើ ៥ ទៅ ៦ នាក់ បានស្ទាក់គោយន្តដឹកឈើ របស់គាត់ ទារប្រាក់ ទាំងកណ្តាលអធ្រាត្រ។
តាមរយៈការឆ្លើយឆ្លងទូរស័ព្ទ លោក ហ៊ាង គឹមហូន សមាជិកក្រុមប្រឹក្សាឃុំបឹងមាលា នៃស្រុកស្វាយលើ បានប្រាប់ថា លោកមានការភិតភ័យខ្លាំងណាស់ ដោយនៅកណ្តាលអធ្រាត្រ ងងឹតឈឹង មានឡាន ៣ គ្រឿង មនុស្ស ៥ ទៅ ៦ នាក់ បើកប្រដេញស្ទាក់គោយន្តរបស់គាត់ ទារប្រាក់បែបនេះ។ កាលពីយប់ ថ្ងៃទី ៨ ខែមិថុនា កូនរបស់លោក បានដឹកឈើក្តារ ជាង ២ ម៉ែត្រគូប យកទៅបាំងជញ្ជាំងផ្ទះ ក៏ត្រូវមនុស្សមួយក្រុម មានគ្នា ៥ ទៅ ៦ នាក់ ឡាន ៣ គ្រឿង អះអាងថា ជាអ្នកកាសែត បើកមកស្ទាក់គោយន្ត ហើយទារប្រាក់ ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល បើមិនអីចឹងទេ ចាប់ ។ លុះពេលគ្មានប្រាក់ឲ្យ ពួកគេ ក៏ហៅខាងមេព្រៃ មកចាប់គោយន្តរបស់គាត់ បានសម្រេចមែន។
លោកបានបន្តថា ដោយសារតែឃើញគ្រួសាររបស់គាត់ ខ្វះខាត លោក ដួង វ៉ារី ប្រធានក្រុមការងារ ចុះជួយឃុំបឹងមាលា ជួយផ្តល់ប្រាក់ ឱ្យទិញក្តារ យកមកបាំងជញ្ជាំងផ្ទះ ហើយក្តារទាំងនោះ ក៏បានសុំការអនុញ្ញាត ពីសមត្ថកិច្ច ដើម្បីដឹកជញ្ជូនផងដែរ។ មិនមែនរូបគាត់ ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ នោះទេ។ តែពួកក្រុមប្រដេញ ខាងលើនេះ មិនថាឡាន គោយន្ត ឬរ៉ឺម៉កម៉ូតូនោះទេ ដេញស្ទាក់ឆែកឆេរ មិនថាយប់ ឬថ្ងៃ ខ្លាំងជាងសមត្ថកិច្ច ប្រតិបត្តិការឆែកឆេរអាវុធ ទៅទៀត។
លោកបានបញ្ជាក់ថា ដោយសារតែពេលកើតហេតុ យប់ងងឹត ហើយកូនរបស់គាត់ នៅក្មេង ភ័យខ្លាច មិនស្គាល់ម៉ាកឡាន ថែមទាំងមើលមុខមនុស្សមិនច្បាស់ ទើបលោកមិនអាចដាក់ពាក្យប្តឹងកើត។ បើមិនដូច្នោះទេ លោកនឹងដាក់ពាក្យប្តឹង ដើម្បីឲ្យច្បាប់ចាត់ការ ។ តែលោកក៏សុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយទប់ស្កាត់ រាល់អំពើខាងលើនេះ ព្រោះថា មិនដឹងជាអ្នកកាសែតមែន ឬក្រុមចោរនោះឡើយ ។ នេះត្រឹមគោយន្ត ទារម្នាក់ ៥ ម៉ឺនរៀល ចុះបើឡានដឹកភ្ញៀវខ្មែរ ឬបរទេស ទារម្នាក់ៗ ពាន់ដុល្លារ ឬក៏អាចបាញ់ប្លន់ ទៅវិញនោះ តើអ្នកណាទទួលខុសត្រូវ? ។
ក្នុងករណីនេះដែរ អធិការនគរបាលស្រុកស្វាយលើ លោកវរសេនីយ៍ឯក ស៊ុន អេង បានថ្លែងតាមទូរស័ព្ទថា ករណីប្រដេញស្ទាក់នេះ កើតមានយូរមកហើយ តែយើងពិបាកដាក់បន្ទុក ក្នុងការបង្ក្រាប ព្រោះពេលខ្លះ ពួកគេមិនបានចតឡាន នៅទីនោះទេ គេបើកលើដងផ្លូវរហូត តែត្រូវស្ទាក់ គេស្ទាក់ភ្លាមៗ រួចគេចខ្លួនអស់។ ពេលខ្លះ ពួកគេចូលចតតាមផ្ទះ ដែលយើងមិនអាចទៅដេញគេបាន។ ចំណុចទាំងនេះ ដែលក្រុមសមត្ថកិច្ច ពិបាកធ្វើការ។ លោកបញ្ជាក់ថា រឿងខាងលើនេះ មានតែលោកអភិបាលស្រុកទេ ដែលអាចដាក់បទបញ្ជា អំពីវិធានការ។
លោក សិ ប៊ុនស៊ិន អភិបាលស្រុកស្វាយលើ មិនអាចសុំការបកស្រាយ ពន្យល់ អំពីវិធានការ ចំពោះករណីប្រដេញ ទារប្រាក់នេះទេ បើទោះបី ទូរស័ព្ទហៅចូលច្រើនដង ក៏ដោយ ក៏ព្រោះតែមិនមានអ្នកលើកទទួល។
លោក ម៉ែន វុទ្ធី ប្រធានសង្កាត់មេព្រៃ ស្រុកស្វាយលើ បានឱ្យដឹងថា ករណីចាប់គោយន្ត ដឹកក្តាររបស់ពលរដ្ឋ ដែលសុំយកទៅធ្វើផ្ទះ លោកកំពុងរង់ចាំបញ្ជា ពីថ្នាក់លើ ដើម្បីប្រគល់ឱ្យគាត់វិញ។ លោកបានបន្តថា ក្រោយពេលចាប់ ទើបដឹងថា ឈើជាអំណោយ របស់ប្រធានក្រុមការងារចុះជួយមូលដ្ឋាន។
សូមបញ្ជាក់ថា ដោយសារមូលដ្ឋានស្រុកស្វាយលើ ពោរពេញដោយបទល្មើសព្រៃឈើ ហើយក៏ជាចំណុចឆ្លងកាត់បទល្មើស ទើបអ្នកខ្លះ ដើរតួជាអ្នកកាសែត ហើយអ្នកកាសែតខ្លះ បង្ខំចិត្តបើកឡានប្រដេញស្ទាក់ ទារប្រាក់ពីការដឹកជញ្ជូនឈើ បែបនេះ។ ក្រៅពីនោះ ក៏មានការបង្កឱ្យមាន គ្រោះថ្នាក់ចរាចរ តាមរយៈបើកឡាន ប្រដេញនេះផងដែរ៕v