សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ត្រូវ​ប្រកាស​ចូលកាន់​តំណែង​ទូទាំងប្រទេស​នៅថ្ងៃនេះ ​

946
ចែករម្លែក

(​ភ្នំពេញ​) ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នៅ​ទូទាំង​​ប្រទេស​ត្រូវ​ប្រកាស​ចូល​កាន់តំណែង​នៅថ្ងៃនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​ហ្វ្រេស​ញូ​វ ដែល​បាន​ដកស្រង់​សម្ដី របស់លោក​ខៀវ សុភ័ក្ដ្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​
​ ​
​ទោះជា​ឃុំ​សង្កាត់​មួយចំនួន​បានធ្វើ​ពិធី​ចូលកាន់​តំណែង​នៅថ្ងៃនេះ ឃុំ​សង្កាត់​មួយចំនួនទៀត​ក៏​មិនទាន់​បានធ្វើ​នោះទេ​ដោយហេតុ​ថា​ការប្រកាស​នេះ​គឺ​ក្រសួងមហាផ្ទៃ បានប្រគល់​ឲ្យ​ខេត្ត​ជា​អ្នករៀបចំ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ​។​
​ ​
​លោក​បាន​បន្ថែមទៀតថា «…​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស​ទទួល​ស្គាល់​អស់ហើយ ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់​ទី​១​ជំទប់​​ទី​២ ហើយ​ការប្រកាស​នេះ​ក្រសួងមហាផ្ទៃ​ជូន​ឲ្យ​រាជធានី​-​ខេត្ត​ជា​អ្នកចាត់ចែង គឺ​ចាប់ផ្ដើម​ប្រកាស​នៅថ្ងៃនេះ​ទូទាំងប្រទេស​ ​និយាយ​រួម​​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ប្រកាស​ចាប់ពី​ថ្ងៃនេះ ប៉ុន្ដែ​គ្រាន់តែ​ថា​មិនបាន​ខេត្ត​ធ្វើ ខេត្ត​ខ្លះ​មិនទាន់​ធ្វើ​»​។​

​សូមបញ្ជាក់ថា យោងតាម​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ប្រកាស​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​ឆ្នាំ​២០១៧​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទូទាំងប្រទេស​សរុប​៦.៥០៣​អាសនៈ ស្ត្រី ១.៣៨៦​អាសនៈ ក្នុងនោះ​មាន​មេឃុំ ចៅសង្កាត់​ចំនួន​១.១៥៦​អាសនៈ ជំទប់​ទី​១​ចំនួន​១.១៣៩​អាសនៈ ជំទប់​ទី​២ ចំនួន​៥១០​អាសនៈ​។

​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥.០០៧​អាសនៈ ស្ត្រី​៥៥៣​អាសនៈ ក្នុងនោះ​មាន​មេឃុំ ចៅសង្កាត់​៤៨៩​អាសនៈ ជំទប់​ទី​១ ចំនួន​៥០៣​អាសនៈ ជំទប់​ទី​២ ចំនួន​១.០៨៧​អាសនៈ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​អាសនៈ​សមាជិក​​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​២៨​អាសនៈ ក្នុងនោះ​ជំទប់​ទី​១​ចំនួន​១​អាសនៈ ជំទប់​ទី​២​ចំនួន​២៦​អាសនៈ​។

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន ៤​អាសនៈ ដែល​សុទ្ធតែជា​ជំទប់​ទី​២​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប ២៤​អាសនៈ ក្នុងនោះ មេឃុំ​ចំនួន ១​អាសនៈ ជំទប់​ទី​១ ចំនួន​២​អាសនៈ និង​ជំទប់​ទី​២​ចំនួន​១៦​អាសនៈ​។ គណបក្ស​សំបុក​ឃ្មុំ ទទួលបាន​អាសនៈ​សាម​ជិ​ក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​១​អាសនៈ ជា​ជំទប់​ទី​២​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​៥​អាសនៈ ក្នុងនោះ​ជំទប់​ទី​១ មាន ១​អាសនៈ និង​ជំទប់​ទី​២ មាន​២​អាសនៈ​៕ ​ដោយ ៖វិបុល

ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់នៅសង្កាត់ប៉ាលហាល
#