សមាជិក​ព្រឹទ្ធសភា​អាម៉េរិក​-​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប នឹង​មក​សង្កេតការណ៍​ការបោះ​ឆ្នោត​នៅ​កម្ពុជា​

1205
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គ​.​ជ​.​ប​.​បាន​បញ្ជាក់ថា​សមាជិក​ព្រឹទ្ធសភា​សមាជិកសភា​សហ​រដ្ឋ​អាម៉េរិក បួន​នាក់ និង​សមាជិក​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប ចំនួន​៣០​នាក់ នឹង​មក​សង្កេតការណ៍​ការបោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​។​ការបញ្ជាក់​នេះ​នៅក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃទី​២៧ ខែកក្កដា នេះ នៅ​សាលសន្និសីទ​គ​.​ជ​.​ប​.​។

ថ្ងៃទី២៧ខែកក្កដានេះប្រជាជនកម្ពុជាដែលមកធ្វើការនៅភ្នំពេញបានចាកចេញទៅស្រុកកំណើតដម្បីចូលរួមការបោះឆ្នោត(រូបថតគន្ធា)

​អ្នកនាំពាក្យ​គ​.​ជ​.​ប​បាន​បញ្ជាក់ថា​ក្រុមប្រឹក្សា​អឺរ៉ុប​ដើម្បី​ទេសចរណ៍​ពាណិជ្ជកម្ម​មាន​ចំនួន​៩​នាក់​និង​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​ការទំនាក់ទំនង​អន្តរជាតិ មាន​ចំនួន​៥​នាក់ ក៏​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ដែរ​។ លោក​បាន​បញ្ជាក់ថា “​ព័ត៌មាន ដែល​ទើប​ទទួលបាន ខាង​សមាជិក​ព្រឹទ្ធសភា​អាម៉េរិក​ចំនួន​បួនរូប និង​សមាជិក​ព្រឹទ្ធសភា​របស់​សហគមន៍​អឺរ៉ុប​ចំ​នួ ៣០​នាក់ ក៏​នឹង​អញ្ជើញ​មក​សង្កេតការណ៍​បោះឆ្នោត​”​។​

​សមាជិក​ព្រឹទ្ធសភា​អាមេរិក ទាំង​បួនរូប នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៨ ខែកក្កដា រួមមាន​លោក​សមាជិក​ព្រឹទ្ធ​សភា Doug Ericksen នៃ​រដ្ឋ Washington State, សមាជិក សភាតំណាងរាស្ត្រ​លោក Vincent Buys នៃ​រដ្ឋ Washington State,​សមាជិកសភា​តំណាងរាស្ត្រ​លោក​BrandonVick​នៃ​រដ្ឋ​WashingtonState​និង​សមា​ជិកសភា​តំណាងរាស្ត្រ​លោក​Drew MacCewen​នៃ រដ្ឋ Washington State​។ ភ្ញៀវ​ដែល​នឹង​អញ្ជើញ​មក​ចូល​រួម​ទាំងនោះ គឺ​តាមរយៈ​សេចក្តីអំពាវនាវ របស់​ក្រសួងការបរទេស​កម្ពុ​ជា​។

​ព្រឹទ្ធសមាជិក Doug Ericksen និង​សមាជិកសភា​អាមេរិក​មួយចំនួន ធ្លាប់បាន​អញ្ជើញ​មក​កម្ពុជា​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨​ក្នុង​ដំណើរ​ទស្សនកិច្ច​បង្កើន​មិត្តភាព​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​រដ្ឋ Washington State ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ព្រឹទ្ធសមាជិក​Doug Ericksen បាន​ថ្លែងថា​លោក​ចង់ឃើញ​ទំនាក់ទំនង កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក ត្រូវបាន​ពង្រឹង​រឹងមាំ និង​ចំណង​ទំនាក់ទំនង​មិត្តភាព​រវាង ប្រទេស​ទាំង​២ កាន់តែ​ខ្លាំងក្លា​៕​សរន​

ថ្ងៃទី២៧ខែកក្កដានេះប្រជាជនកម្ពុជាដែលមកធ្វើការនៅភ្នំពេញបានចាកចេញទៅស្រុកកំណើតដម្បីចូលរួមការបោះឆ្នោត(រូបថតដេប៉ូ)

#