ដោយ: រ៉ូហ្សា
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិក បានប្រសាសន៍ថា សម្រាប់ការជិះកង់កម្សាន្ត ឆ្ពោះទៅវិមានឈ្នះឈ្នះ ជិតមកដល់ហើយ នៅសល់តែ ៥ ថ្ងៃទៀតទេ ហើយពេលនេះ មានមន្ត្រីរដ្ឋាភិបាលចំនួន បីរូបហើយ ដែលបានប្រកាសចូលរួម ។
មន្ត្រីរដ្ឋាភិបាលទាំង បីរូបនោះ មានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន់ សូស័ក្ត និងលោក សុខចិន្តា សោភា និងបងប្អូន យុវជន យុវនារី ប្រជាពលរដ្ឋទាំងអស់ ចូលរួមដោយសេរី។ តាមការរំពឹងទុក នឹងមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត ចូលរួមក្នុងការជិះកង់កម្សាន្តនេះ ។
ថ្ងៃសុក្រទី២៨ ព្រឹក ម៉ោង ៥:០០ នាទីព្រឹក ជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចេញដំណើរ គឺម៉ោង ៦:០០ ព្រឹកគត់ ដើម្បីអបអរសាទរ ពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប ២០ ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ។ គណៈកម្មាធិការជាតិ អូឡាំពិក និងគណៈកម្មាធិការរៀបចំពិធី យល់ព្រមរៀបចំកម្មវិធីកម្សាន្ត ជូនប្រជាពលរដ្ឋ ដោយបញ្ជូលកីឡា ១២ ប្រភេទ ក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ – ពហុកីឡដ្ឋានជាតិមរតកតេជោ តំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ នាថ្ងៃទី២៨ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះដែរ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបចំកីឡា ចំនួន ១២ ប្រភេទ ដើម្បីប្រកួតជូន ប្រជាជនទស្សនាទៀតផង៕v