សមាជិក​សភា​ក្រ​ជាង​គេ​របស់​ថៃ ខ្ចី​រថយន្ត​គេ​ជិះ តែ​ទាក់ទាញ​ទឹកចិត្ត​អ្នកបោះឆ្នោត​ខ្លាំង​

375
ចែករម្លែក

​ភិត​សា​នុ ផូល​ទី សមាជិកសភា​មក​ពី​គណបក្ស ភូម​ចៃ​ថៃ បាន​បង្ក​ការចាប់អារម្មណ៍​ទូទាំង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​២២​សីហា ដោយសារតែ​លោក​ទំនង​ជា​សមាជិក​សភា​ក្រ​បំផុត​​គឺ​មាន​ប្រាក់​តែ ៥.០៦៤​បាត់​(១៦៦,៦៨​ដុល្លារ​)​នៅក្នុង​គណនី​ធនាគារ​របស់​ខ្លួន ជាមួយនឹង​រថយន្ត​ខ្ចី​គេ​មួយ ខណៈ​សមាជិក​សភា​ដទៃ​ទៀត​សុទ្ធតែ​បាន​រាយការណ៍​ប្រាប់​គណៈ​​កម្មា​ធិ​ការប្រឆាំង​អំពើពុករលួ​យថាមាន​ប្រាក់​និង​វត្ថុមាន​តំលៃ​រាប់​ពាន់​លាន​បាត​។​

​តែ​អ្វី​ដែល​លោក​មាន​និង​សមាជិក​សភា​ជា​ច្រើន​ទៀត​មិន​មាន​នោះ គឺ​ការគាំទ្រ​ជាខ្លាំង​ក្នុងចំណោម​ប្រជាជន​នៅ​មណ្ឌល​របស់​លោក​នៅ​ខេត្ត ផា​ធូ​ម ថា​នី​ដែល​បាន​អោយ​តំលៃ​​លើ​ការលះបង់​របស់លោក​និង​ការខិតខំ​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​។ សមាជិក​សភា​ដំបូង​ដែល​មិនសូវ​ត្រូវ​គេ​ស្គាល់​ក្នុង​កំរិត​ជាតិ​រហូត​ដល់​ថ្ងៃ​២២​សីហា បាន​និយាយ​កាលពី​ថ្ងៃ​​សុក្រ​ទី​២៣​សីហា​ថា លោក​រីករាយ​ដោយសារ​អ្នកស្រុក​នៅ​ក្នុង​មណ្ឌល​របស់​លោក​មាន​ជំនឿ​លើ​លោក និង​បោះឆ្នោត​ជ្រើសរើស​លោក​ជា​តំណាង​សម្លេង​របស់​គេ​។​

​លោក​ភិត​សា​នុ បានឈ្នះ​៣១.៤៩៦​សម្លេង​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​២៤ មីនា ដោយ​យក​ឈ្នះ​ពី​គូប្រជែង​មក​ពី​បក្ស​ភឿ​ថៃ និង​បក្ស​អនាគត​ឆ្ពោះទៅមុខ​។​

​មានតែ​សញ្ញាបត្រ​បរញ្ញា​ខាង​រដ្ឋបាល​សាធារណៈ​មួយ អ្នកនយោបាយ​វ័យ​៣៨​ឆ្នាំ​រូប​នេះ ជា​កូន​អតីត​មេឃុំ និង​បាន​ចូល​ក្នុង​នយោបាយ​នៅ​ឆ្នាំ​២០០៩​។​លោក​បាន​ធ្វើការ​នៅ​ក្នុង​​នយោបាយ​ថ្នាក់មូលដ្ឋាន ដោយ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​នៅក្នុង​មណ្ឌល​របស់​លោក​អស់​ពេល​១០​ឆ្នាំ មុន​សំរេចចិត្ត​ឈរ​ឈ្មោះ​សមាជិក​សភា​ក្រោម​ស្លាក​គណបក្ស​ភូម​ចៃ​ថៃ​។​

​លោក​ភិត​សា​នុ បាន​និយាយថា​លោក​បាន​ចូល​ពាក់ព័ន្ធ​ក្នុង​នយោបាយ​អស់​ពេល​២០​ឆ្នាំ ដោយ​កាលពី​ក្មេង​លោក​តែងតែ​ទៅ​ជាមួយ​ឪពុក​ដែល​ចុះ​ទៅ​តាម​ភូមិ និង​សហគមន៍​និង​​ធ្វើការ​ជាមួយ​ប្រជាជន​មូលដ្ឋាន​។​លោក​ទទួលបាន​បទពិសោធ​ន៍​មុនគេ​អំពី​ការរស់នៅ​និង​សេចក្តីត្រូវការ​របស់​ប្រជាជន​។​

​លោក​បាន​អោយដឹងថា កាលពី​នៅ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​បាន​ចំណាយ​ប្រាក់ខែ​ផ្ទាល់ខ្លួន​ជួយ​ប្រជាជន និង​គាំទ្រ​សកម្មភាព​សហគមន៍ និង​ចុះ​ទៅ​សហគមន៍​ស្ទើរ​​រាល់ថ្ងៃ ហើយ​ក្នុងនាម​ជា​សមាជិក​សភា​នា​ពេល​សព្វថ្ងៃ លោក​នឹង​បន្ត​ពាំនាំ​បញ្ហា​និង​សេចក្តីត្រូវការ​របស់​ប្រជាជន​ទៅ​អោយ​រដ្ឋាភិបាល​ដោះស្រាយ​។​

​អំពី​រថយន្ត​ជិះ​ទៅ​ធ្វើការ លោក​បាន​ប្រាប់​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ថា លោក​បាន​ខ្ចី​វាពី​មិត្ត​ភ័ក្តិ​ម្នាក់ ។​

​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​២២​សីហា បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ទ្រព្យសម្បត្តិ​របស់​សមាជិក​សភា​៤១៥​នាក់ ដោយ​មាន​ជាង​គេ​២​នាក់​មកពី​គណបក្ស​​ភូម​ចៃ​ថៃ និង​ម្នាក់​ក្រ​ជាង​គេ គឺ​លោក​ភិត​សា​នុ ៕​ដោយ​៖​វាសនា​

សមាជិកសភា លោក ភិត​សា​នុ ផូល​ទី ទៅសួរសុខទុក្ខ​ក្មេងៗ​នៅ​មណ្ឌល​របស់​លោក​

#