សមាជិក​អង្គការ​ណា​តូ​ឈ្លោះ​គ្នា​! តួ​ក​គី​ចោទប្រកាន់​បារាំង​ថា គាំទ្រ​ភេរវកម្ម​

349
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​បាន​ចោទប្រកាន់​ប្រធានាធិបតី​បារាំង​លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង ថា​ជា​«​អ្នកគាំទ្រ​ភេរវកម្ម​»​ហើយ​ច្រាន​ចោល​ការរិះគន់​របស់​មេដឹកនាំ​បារាំង​​រូប​នេះ​អំពី​ការវាយប្រហារ​របស់​តួ​ក​គី​នៅ​ស៊ី​រី​។​

​លោក​មេ​វ​លុត កា​វូ​សូ​គ្លូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ម៉ា​ក្រុង​ចង់​ធ្វើ​ជា​មេដឹកនាំ​អឺរ៉ុប តែ​«​កំពុង​ទ្រេតទ្រោត​»​។​

​កាលពី​ខែ​មុន លោក​ម៉ា​ក្រុង បានធ្វើអោយ​តួ​ក​គី ខឹង​ដោយសារតែ​លោក​ទទួល​ជួប​មន្ត្រី​មក​ពី​ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF)​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ឃឺត​ដោយ​​សារ​តែ​តួ​ក​គី​យល់ឃើញថា​SDF​ជា​ផ្នែក​នៃ​ក្រុម​បំបែក​ខ្លួន​ឃឺត YPG​ដែល​តួ​ក​គី​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​។​

​ជម្លោះ​រវាង​តួ​ក​គី​និង​បារាំង​បាន​ផ្ទុះឡើង​នៅ​សប្តាហ៍​មុន​សម្ពន្ធមិត្ត​អង្គការ​ណា​តូ​ត្រូវធ្វើ​ជំនួប​កំពូល​មួយ​នៅ​អង់គ្លេស​។​

រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក​មេ​វ​លុត កា​វូ​សូ​គ្លូ ផ្តល់​ចម្លើយ​តប​ដ៏​រឹងមាំ​ទៅកាន់​លោក​ម៉ា​ក្រុង​

​មុន​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​វិច្ឆិកា លោក​ម៉ា​ក្រុង​បាន​និយាយថា លោក​គាំទ្រ​សម្តី​ដែល​លោក​បាន​និយាយ​កាលពី​៣​សប្តាហ៍​មុន នៅ​ពេល​លោក​ពណ៌នា​អង្គការ​ណា​តូ​ថា​ហាក់​​ដូចជា​រាងកាយ​មួយ​ដែល​«​ខួរក្បាល​បាន​ងាប់​»​ទៅហើយ​។​លោក​បាន​និយាយថា សមាជិក​បក្ស​សម្ពន្ធ​នេះ​ចាំបាច់​«​ភ្ញាក់ស្មារតី​»​ឡើង ដោយសារតែ​ពួកគេ​លែង​អាច​សហការ​គ្នា​បាន​លើ​បញ្ហា​សំខាន់ៗ​មួយចំនួន​។​

​លោក​ក៏​បាន​រិះគន់​បរាជ័យ​របស់​អង្គការ​នេះ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​យោធា​តួ​ក​គី​នៅ​ស៊ី​រី​ខាងជើង​។​

​ថ្លែង​ទៅ​កាន់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​កា​វូ​សូ​គ្លូ បាន​និយាយថា «​លោក​ម៉ា​ក្រុង បាន​ក្លាយ​ជា​អ្នកគាំទ្រ​អង្គការ​ភេរវកម្ម​រួចជាស្រេច​និង​បាន​ទទួល​ស្វាគមន៍​ពួក​​គេ​នៅ​វិ​មានអេ​លីហ្សេ ថែម​ទៀត​។ បើ​គាត់​និយាយថា សម្ពន្ធមិត្ត​របស់​គាត់​ជា​អង្គការ​ភេរវកម្ម​…​នោះ​មិន​មាន​អ្វី​ទៀត​ត្រូវ​និយាយ​។​ឥឡូវ មាន​ទី​ចំហ​នៅ​អឺរ៉ុប ម្ល៉ោះហើយ​ម៉ា​ក្រុង​​កំពុង​ព្យាយាម​ធ្វើ​ជា​មេដឹកនាំ តែ​ភាពជា​មេដឹកនាំ​កើតឡើង​ដោយ​ធម្មជាតិ​»​។​

​សូមបញ្ជាក់​ថា តួ​ក​គី ខឹង​ក្រោយពី​លោក​ម៉ា​ក្រុង​ជួបពិភាក្សា​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​៨​តុលា ជាមួយ​អ្នកនាំពាក្យ​ក្រុម SDF​។​ការិយាល័យ​របស់​ម៉ា​ក្រុង​និយាយថា ជំនួប​នេះ​ដើម្បី​​បង្ហាញ​សាមគ្គីភាព​របស់​បារាំង​ជាមួយ​SDF​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​ក៏​បញ្ជាក់​ការព្រួយបារម្ភ​សាជាថ្មី​អំពី​លទ្ធភាព​នៃ​ប្រតិបត្តិការ​យោធា​តួ​ក​គី​នៅ​ស៊ី​រី​។​

​ទំនាក់ទំនង​រវាង​តួ​ក​គី​និង​បណ្តា​សម្ពន្ធមិត្ត​ក្នុង​អង្គការ​ណា​តូ​បាន​ស្ថិត​ក្រោយ​ភាព​ល្អក់កករ​នឹង​គ្នា ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ជម្នះ​ទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ធុន​S-400​របស់​រុស្ស៊ី​នៅ​ឆ្នាំ​នេះ​៕​ប្រែ​សម្រួល​ដោយៈ​វាសនា​