សមាសភាព​ក្បាលម៉ាស៊ីន រដ្ឋសភា​ថ្មី និង​រាជរដ្ឋាភិបាល​ថ្មី នឹង​បោះឆ្នោត​ជា​កញ្ចប់ ក្នុងពេល​តែមួយ​នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា

1612
ចែករម្លែក
  • 292
    Shares

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ តាម​គម្រោង​រដ្ឋសភា​នីតិកាល​ទី​៦ នឹង​បើក​កិច្ចប្រជុំ​លើកដំបូង នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែលមាន​អាយុ​ច្រើនជាងគេ ឬ​ហៅថា ព្រឹទ្ធសមាជិក​រដ្ឋសភា​នោះ សម្តេច​នឹង​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋសភា លើកដំបូង​ដើម្បី​ឈានទៅ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​ក្បាលម៉ាស៊ីន សមាសភាព​ដឹកនាំ​របស់​រដ្ឋសភា និង​សមាសភាព​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​។ ការបោះឆ្នោត​នេះ នឹងធ្វើ​ឡើងជា​កញ្ចប់ ក្នុងពេល​តែមួយ រួមគ្នា​។

 

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងថា ព្រះករុណា ព្រះមហាក្សត្រ នឹងធ្វើ​លិខិតអញ្ជើញ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦ ទាំង ១២៥ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​កិច្ចប្រជុំ រដ្ឋសភា លើកដំបូង នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ដោយ​មិនមាន​ការផ្លាស់ប្តូរ​ទេ​។

​ចំពោះ​របៀបវារៈ ដែល​បាន​ព្រាងទុក​សម្រាប់​សម័យប្រជុំ លើកដំបូង របស់​រដ្ឋសភា នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ត្រូវបាន​លោក ឡេង ប៉េងឡុង លើកឡើងថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុងនាម​ជា​ព្រឹទ្ធសមាជិក​រដ្ឋសភា នឹង​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង ដោយ​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ជាប់ឆ្នោត ទាំង ១២៥ រូប និង​អនុម័ត​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​។ នៅ​រសៀល​ថ្ងៃទី​៥ ខែកញ្ញា តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ១២៥ រូប នឹង​ចូលធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា​។​

​លោក ឡេង ប៉េងឡុង បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​រដ្ឋសភា នឹង​បើក​សម័យប្រជុំ​ជាថ្មីទៀត​ក្រោម​អធិបតីភាព​របស់​ព្រឹទ្ធសមាជិក​រដ្ឋសភា សម្តេច​ចក្រី ហេង សំរិន ដើម្បី​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាសភាព​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៦ ដោយ​នឹង​ធ្វើឡើង​រួមជាមួយ​គ្នា ដូច​ការអនុវត្ត​លើក​មុនៗ​។​

​ពាក់ព័ន្ធ​នឹង​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា​ថ្មី​មិនទាន់​ត្រូវបាន​លោក ឡេង ប៉េងឡុង ប្រកាស​ឲ្យ​ដឹង​នៅឡើយ​ទេ​។ តែបើ​តាម​ការអះអាង​ពី​ប្រភព​នានា គឺ​សម្តេច​ចក្រី ហេង សំរិន នឹង​បន្ត​កាន់តំណែង ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៦ បន្តទៀត​។​

សូម​រម្លឹកថា សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ជាប់​ឈ្មោះ ជា​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត ដែលមាន​អាយុ​ច្រើនជាងគេ ឬ​ហៅថា ព្រឹទ្ធសមាជិក​រដ្ឋសភា​។ កាលពី​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ សម្តេច​ចក្រី​ហេង​សំរិន ក៏​ជា​ព្រឹទ្ធសមាជិក​រដ្ឋសភា​ដែរ​។​
​មាន​អាយុ ៨៤ ឆ្នាំ សម្តេច​ចក្រី ហេង សំរិន ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ត្បូងឃ្មុំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច កើត​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤​។ សម្តេច​ជា​អតីត​អនុប្រធានរដ្ឋសភា ចាប់តាំងពី​ឆ្នាំ​១៩៩៣ ហើយ​សម្តេច​ចក្រី​ហេង​សំរិន បាន​ឡើង​ធ្វើជា​ប្រធានរដ្ឋសភា បន្ទាប់ពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់តាំងពី​ឆ្នាំ​២០០៦​។​

​ចំណែក លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប​. បាន​ឲ្យ​ដឹងថា គ​.​ជ​.​ប​. បាន​បញ្ជូន​លទ្ធផល​បោះ​ឆ្នោត​តំណាងរាស្ត្រ ដែលមាន​ឈ្មោះ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ១២៥ រូប ក្នុង​នីតិកាល​ទី​៦ ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​អស់ហើយ រួមមាន ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ន​ព្រះមហាក្សត្រ និង​រដ្ឋសភា​រួចរាល់ តាំងតែ​ពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​។​

​លោក សូ​រី​ដា បញ្ជាក់ថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ទាំង ១២៥ រូប ដែល​គ​.​ជ​.​ប​. បានប្រកាស​កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា មិនទាន់មាន​ការផ្លាស់​ប្តូរ​នៅឡើយ​ទេ​។ គឺ​មានតែ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មួយរូប​ប៉ុណ្ណោះ ដែល​បាន​ផ្លាស់ប្តូរ មុនពេល​គ​.​ជ​.​ប ប្រកាស​លទ្ធផល​ផ្លូវការ​។ នោះ​គឺ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​លាលែង​ពី​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តព្រះវិហារ​។ ដូច្នេះ​លោក សួស យ៉ា​រ៉ា ដែលជា​បេក្ខជន​បម្រុង លំដាប់​លេខ​រៀង​ទី​១ ត្រូវបាន​ប្តូរ មកជា​តំណាងរាស្ត្រ​ជាប់ឆ្នោត ទៅតាម​គោលការណ៍​កំណត់ នៅក្នុង​ច្បាប់​។​

​តាម​នីតិវិធី ការផ្លាស់ប្តូរ​តំណាងរាស្ត្រ​ជាប់ឆ្នោត ត្រូវបាន​លោក សោម សូ​រី​ដា បញ្ជាក់ថា អាចធ្វើ​ឡើង តាម ២ ដំណាក់កាល​។ គឺ​ទី​១-​នៅមុន​គ​.​ជ​.​ប​. បែងចែក​អាសនៈ គឺ​បេក្ខជន មាន​សិទ្ធិ​លាលែង ហើយ​ដាក់​មកកាន់​គ​.​ជ​.​ប​. និង​ជម្រើស​ទី​២-​នៅក្រោយពេល​គ​.​ជ​.​ប​. ប្រកាសអាសនៈ ដែល​គណបក្ស​នីមួយៗ ទទួលបាន រួម​នឹង​ប្រកាស​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ បន្ទាប់​ពីនេះ គឺ​បេក្ខជន អាច​សុំលាលែង ពី​តំណាងរាស្ត្រ ហើយ​បេក្ខជន​បម្រុង នឹងត្រូវ​រុញ​ឡើង ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​។​

​សូម​រម្លឹកថា នៅ​មណ្ឌល​ខេត្តព្រះវិហារ មាន មួយ​អាសនៈ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ជា​បេក្ខជន​ពេញសិទ្ធិ ហើយ​លោក សួស យ៉ា​រ៉ា ជា​បេក្ខជន​បម្រុង លំដាប់​លេខ​រៀង​ទី​១ ក្នុងចំណោម​បេក្ខជន​បម្រុង ៦ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ព្រះវិហារ​។ លោក សួស យ៉ា​រ៉ា ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រដ្ឋសភា នីតិកាល​ទី​៥ ចាប់​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ នេះ​។​

​សូម​រម្លឹកថា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦ ទាំង ១២៥ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ​.​ជ​.​ប​. បានប្រកាស​កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា គឺមាន​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​យ៉ាងហោចណាស់ ២៦ រូប ជា​រដ្ឋមន្ត្រី នៅតាម​ក្រសួង ចំនួន ២៦ ក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ ដោយ​លើកលែងតែ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា តែ​២​រូប​ប៉ុណ្ណោះ ដែល​មិនបាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នីតិកាល​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ម្យ៉ាងទៀត កន្លងមក រដ្ឋមន្ត្រី​ស្ទើរតែ​ទាំងអស់ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​ជា​តំណាងរាស្ត្រ គឺ​ក្រោយពេល​ជាប់ឆ្នោត​ហើយ បាន​លាលែង​តំណែង​តំណាងរាស្ត្រ ហើយ​មកកាន់​តំណែង​ជា​រដ្ឋមន្ត្រី នៅក្នុង​សមាសភាព​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ក្នុងនោះ​មានតែ​ឧបនាយករដ្ឋមន្ត្រី​មួយចំនួន និង​រដ្ឋមន្ត្រី​នៅ​ក្រសួង​សំខាន់ៗ ដូចជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស ជាដើម ព្រមទាំង​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ ដែល​បន្ត​កាន់តំណែង ជា​អ្នកតំណាងរាស្ត្រ​ផង និង​កាន់តំណែង​ជា​រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី ក្នុង​ជួរ​រាជរដ្ឋាភិបាល​ផង​។​

​យ៉ាងណាក៏ដោយ សមាសភាព​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៅ​អាណត្តិ​ថ្មី ត្រូវបាន​សម្តេច​តេ​ជោ បានប្រកាសថា សម្តេច​បានរៀបចំ​រួចរាល់​ហើយ​។ ក៏ប៉ុន្តែ​សម្តេច​តេ​ជោ មិនបាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នៅឡើយ​ទេ​។ គឺមាន​តែ​លោក ចម ប្រសិទ្ធ មួយ​ប៉ុណ្ណោះ ដែល​សម្តេច​តេ​ជោ បាន​ព្រលយ​ថា ឲ្យ​បន្ត​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​

​តែ​យ៉ាងណា​ក៏ដោយចុះ សមាសភាព​រាជរដ្ឋាភិបាល​ថ្មី ក្នុង​នីតិកាល​ទី​៦ នឹងត្រូវ​កាត់បន្ថយ ដោយយោង​តាមច្បាប់ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈរដ្ឋមន្ត្រី ដែល​ព្រះមហាក្សត្រ បាន​ឡាយព្រះហស្ថលេខា ប្រកាស​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​។ នោះ​គឺ​សមាសភាព​នៃ​រាជរដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។
​ពោលគឺ​សមាសភាព​នៃ​រាជរដ្ឋាភិបាល​ថ្មី បាន​កាត់ចេញ​នូវ​តំណែង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ព្រមទាំង​រដ្ឋលេខាធិកា​រ ដែលមាន​ចំនួន​ដ៏​ច្រើន​។ ប៉ុន្តែ​តំណែង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ព្រមទាំង​រដ្ឋលេខាធិកា​រ នឹងត្រូវ​តែងតាំង​តាម​ព្រះរាជក្រឹត្យ ដោយយោង​តាម​ការ​ទូល​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី ថ្វាយ​ព្រះមហាក្សត្រ ដោយ​មិន​ឆ្លងកាត់​នីតិវិធី​បោះឆ្នោត សុំ​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា ដូច​អាណត្តិ​មុនៗ​ទៀតឡើយ​។ ពោលគឺ​តំណែង​រដ្ឋលេខាធិការ​តាម​ក្រសួង​នានា នឹងមាន​នីតិវិធី​តែងតាំង​ដូចគ្នា​នឹង​តំណែង​អនុរដ្ឋលេខាធិការ​ដែរ​។​

​សូម​រម្លឹកថា បញ្ជី​ផ្លូវការ​នៃ​សមាសភាព​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ដែល​ត្រូវ​បានអនុម័ត​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ រួមមាន នាយករដ្ឋមន្ត្រី ១​រូប គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ឧបនាយករដ្ឋមន្ត្រី ៩ រូប​។ ទេសរដ្ឋមន្ត្រី ១៥ រូប​។ រដ្ឋមន្ត្រី ២៨ រូប និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១៣ រូប ព្រមទាំង​រដ្ឋលេខាធិកា​រ​ជាច្រើនរូប​ផ្សេងទៀត នៅតាម​ក្រសួង​ទាំង ២៨ ក្រសួង​។​

​ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ (២០១៣-២០១៨) បាន​បង្កើត​ក្រសួង​ថ្មី​មួយ​បន្ថែមទៀត គឺ​ក្រសួង​មុខងារសាធារណៈ ព្រមទាំង​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជា​ពីរ គឺ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែលមាន​លោក​ចម​ប្រសិទ្ធ ជា​រដ្ឋមន្ត្រី និង​ក្រសួង​រ៉ែ និង​ថាមពល ដែលមាន​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​។ លោក ស៊ុយ សែម ជា​អតីត​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្នុង​រាជរដ្ឋាភិបាល អាណត្តិ​ទី​៤ តែ​ដល់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ ពេល​បង្កើត​រាជរដ្ឋាភិបាល ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម មក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ទើប​រាជរដ្ឋាភិបាល សម្រេច​បំបែក​ក្រសួង​នេះ​ជា​ពីរ​៕ ល​