សមិទ្ធផល ៣​នឹង​ជួយ​សម្រួល​បញ្ហា​ចរាចរ​ដល់​ពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​

902

​ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ មុន​ចូលឆ្នាំថ្មី​ឈានចូល​មកដល់ ក្រសួង​សាធារណៈការ​បានប្រកាស​ពី​សមិទ្ធផល​ចំនួន​៣​ធំៗ ដែល​គ្រោង​នឹង​ដាក់អោយ​ដំណើរការ​នៅ​ថ្ងៃ​ខាងមុខនេះ បានធ្វើឱ្យ​ពលរដ្ឋ សម្តែង​ការអបអរ​ដោយ​ចាត់ទុកថា នេះ​ជា​ផ្នែក​មួយទៀត​សម្រាប់​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​ពិសេស​ជួយ​យ៉ាងសំខាន់​លើ​វិស័យ​សេដ្ឋកិច្ចជាតិ​។​

​សមិទ្ធផល​ដែល​បានប្រកាស​ដោយ លោក​ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​កន្លងមក​រួម​មាន ផ្លូវដែក​ចំនួន​២​ខ្សែ និង​ផ្លូវទឹក​១​ខ្សែ​ដែល​នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅមុន​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដោយ​អាច​បម្រើ​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​។

​ជាមួយ​ការទទួល​ជោគជ័យ​និង​សម្រេចបាន​តាម​គម្រោង​ផែនការ​នេះដែរ​ពលរដ្ឋ​មួយចំនួន​បានបង្ហាញ​ការអបអរ​និង​ចង់ឃើញ​សមិទ្ធផល​ថ្មីៗ​នេះ​ផងដែរ​។​

​ដោយឡែក លោក​សំ​សារឿន​ប្រធាន​ក្រុមបច្ចេកទេស​ផ្លូវដែក​ដែល​កំពុង​បំពេញការងារ​នៅ​ពីមុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា បើ​គិតពី​ការស្ថាបនា​ផ្លូវដែក​នាពេលនេះ សម្រេចបាន​ប្រមាណ​ជាង​៦៥​ភាគរយ​ហើយ​។ ក្រុមការងារ​របស់លោក​បាន​សម្រុក​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បីអោយ​សម្រេច​ទាន់​ផែនការ​ដែល​រាជរដ្ឋាភិបាល​គ្រោងទុក​។​

​បើតាម​ការឱ្យ​ដឹង​រប​ស់លោក ស៊ុន ចាន់ថុល បានអោយដឹងថា ក្នុង​គម្រោង​ទាំងបី​ដែល​គេ​សង្ឃឹមថានឹង​ដាក់អោយ​ដំណើរការ​ដល់​ពលរដ្ឋ​អោយទាន់​មុន​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ ក្រុមការងារ​សាងសង់​កំពុង​សម្រុក​បញ្ចប់​ក្នុង​ថ្ងៃ​ខាងមុខ​។​

​សម្រាប់​គម្រោង​ទាំងបី​នេះ​រួមមាន​ទី​១ ផ្លូវដែក​ចេញពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ ឆ្ពោះ​ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ កំណាត់​ផ្លូវដែក​ថ្មី​នេះ​មាន​ប្រវែង ១៩១៣​ម៉ែត្រ ហើយ​ប្រើប្រាស់​រថភ្លើង​៣​គ្រឿង ដែល​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​កូ​។ ទី​២​ផ្លូវដែក​ចេញពី​ក្រុង​ប៉ោយប៉ែត ឆ្ពោះទៅ​ស្វាយ​ស៊ីសុផុន មាន​ប្រវែង​៤៨​គីឡូម៉ែត្រ នឹងដាក់​ដំណើរ​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨ និង​ទី​៣ ផ្លូវទឹក​ចេញពី​ខណ្ឌ​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តាខ្មៅ តាម​បណ្ដោយ​ទន្លេសាប និង​ទន្លេបាសាក់ នឹងដាក់​ដំណើរការ​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ។​

​គួរ​បញ្ជាក់ថា បើតាម​គម្រោង​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ដេ​ល​គ្រោង​ដាក់ឱ្យ​ដំណើរការ​មុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​មកដល់​ខាងមុខនេះ​រួមមាន​៖ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ មធ្យម​បាយ​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​ចេញពី​តំបន់​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​, ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប ដែលជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​, ខ្សែ​រថភ្លើង​ពី​ស្ថានីយ​ដឹក​អ្នកដំណើរ​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រ​លា​យន្ត​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាដើម​។ ចំពោះ​ក្នុងចំណោម​គម្រោង​ទាំងនេះ​មួយចំនួន​មិនបាន​បញ្ចប់​ដូច​ទៅតាម​ការគ្រោងទុក​នោះទេ​៕L​