សមិទ្ធិផល​នានា ក្នុង​វត្ត​នាគ​វ័​ន្ត​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​

798
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​សមិទ្ធិផល​នានា​ជាច្រើន នៅក្នុង​វត្ត​នាគ​វ័​ន្ត ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៤ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ប្រា​រព​ពិធី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មានការ​យាង​និមន្ត​ចូលរួម​ពី​សំណាក់​សម្តេច​ដែលជា​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ និង​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​យ៉ាងច្រើន​កុះករ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា​២០១៨​នេះ ។​
​យោងតាម​របាយការណ៍ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បានឱ្យដឹងថា​៖ វត្ត​នាគ​វ័ន បច្ចុប្បន្ន​ស្ថិតក្រោម​ការដឹកនាំ គ្រប់គ្រង​របស់ ព្រះ​បរម​មុនី ងិន ឃីម ជា​ចៅអធិការ បានគិត​គូរ យក​ព្រះទ័យ​ទុកដាក់ ក្នុង​ការបន្ត​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​រីកចំរើន សក្តិសម​ជាទី​កន្លែង​សម្រាប់​គោរព​ប្រតិបត្តិ របស់​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ និង​ជាទី​អារាម​ដ៏​ប្រសើរ សម្រាប់​ព្រះសង្ឃ សិ​ល​វ័ន សិ​ល​វ​តី និង សិស្ស និស្សិត អាស្រ័យ សិក្សា​រៀនសូត្រ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ យ៉ាង​សមសួន​។​
​លោក​អភិបាលខណ្ឌ​បញ្ជាក់ថា​៖ ព្រះ​បរម​មុនី ងិន ឃីម បាន​ដឹកនាំ​ឱ្យមាន​ការកសាង បង្កើត នូវ​សមិទ្ធិផល​ជាច្រើន​ដូចជា កសាង​ឧបដ្ឋានសាលា ជួសជុល​ព្រះវិហារ កែរ​លំអរ​ស្រះ​ទឹក រៀបចំ​ប្រព័ន្ធ​ផ្លូវ បង្គោល​ភ្លើង កសាង​កុដិ​តូចធំ​ចំនួន​១៧​ខ្នង និង​មហា​កុដិ​មួយ​ខ្នង ដែល​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ជាង ៤.១៤១.៩០៤ ដុល្លារ​អាមេរិក​។ រាល់​សមិទ្ធិផល​ទាំងនេះ បានមកពី​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ពិសេស លោក ឃួ​ង ស្រេង និង​លោកស្រី និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​សាលា​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​សាលាខណ្ឌ​ទួលគោក ទើប​ធ្វើឱ្យ​វត្ត​នេះ មាន​សោ​ភណ្ឌ​ភាព ស្រស់ត្រកាល ប្រកបដោយ​បរិស្ថាន សម​ជាទី​សក្ការៈបូជា​។
​ក្នុង​ឱកាសលោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ រាល់​សមិទ្ធិផល​ទាំងអស់​នៅក្នុង​ទីវ​ត្ត​នាគ​វ័​ន្ត ក៏ដូចជា​នៅតាម​ទី​វត្ត​អារាម​នានា ទូទាំងប្រទេស​កម្ពុជា បាន​កើតឡើង​ដោយសារ​ប្រទេស​កម្ពុជា មាន​មេដឹកនាំ ដែលមាន​ភាព​វ័យឆ្លាត​ដូច​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​នាំ​ប្រទេស​ឱ្យ​រួច​ផុតពី​ភ្លើងសង្គ្រាម ហើយ​កសាង​ឯកភាព​ជាតិ រហូត​ទទួលបាន​សុខសន្តិភាព និង​ធ្វើឱ្យ​ប្រទេសជាតិ​ទាំងមូល មានឱកាស កសាង ស្តារ និង​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ​។​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​រំលឹកថា​៖​វត្ត​នាគ​វ័ន ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ដែលជា​វត្ត​មួយ​សម្តេច​តេ​ជោ​ហ៊ុន សែន ធ្នាប់​ស្នាក់នៅ​ដើម្បី​រៀនសូត្រ ក្នុងអំឡុង​ចុង​ទសវត្ស​ទី​៦០​ហើយ​នៅ​ដើម​ទសវត្ស​ទី​៧០​សម្ដេច​តេ​ជោ​ចេញ​តស៊ូ​រំដោះជាតិ​។​
​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​អភិបាល​រាជធានី បាន​ប្តេជ្ញា បន្ត​អនុវត្ត​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ឱ្យបាន​កាន់តែ​ល្អ ដោយ​ជម្រុញឱ្យមាន​ការកសាង និង​អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​សក្តិ​សមជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឱ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។​
​គួរ​បញ្ជាក់ថា​៖ វត្ត​នាគ​វ័ន បាន​កសាងឡើង ក្នុង​ឆ្នាំ​១៨៩៨ ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ មាន​ព្រះចៅអធិការ​វត្ត​ចំនួន​៨​អង្គ​។ វត្ត​នាគ​វ័ន ជាទី​កន្លែង​មួយ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមក​ស្នាក់នៅ​សិក្សា​រៀនសូត្រ គឺ​ក្នុង​រជ្ជកាល​ព្រះចៅអធិការ​ព្រះនាម ឈឹម ឌុ​ក ក្នុង​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៦៩​។ ដោយឡែក នៅ​ទូទាំងប្រទេស បច្ចុប្បន្ននេះ​មាន​វត្ត​សរុប​ចំនួន ៤៥៥៣ វត្ត មាន​ព្រះសង្ឃ​ចំនួន ៥៣.២៥៧​អង្គ ក្នុងនោះ​វត្ត​ធម្មយុត្តិកនិកាយ​ចំនួន​១៧៧​វត្ត​៕