សមុទ្រ​ចិន​ខាងត្បូង និង ភាព​តានតឹង​នៅ​កូរ៉េខាងជើង ជា​ប្រធានបទ​សំខាន់​នៅ​វេទិកា​សន្តិសុខ​អាស៊ាន​

445

​ប្រទេស​វៀតណាម​បាន​អំពាវនាវ​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឱ្យ​ប្រកាន់​ជំហរ​រឹងមាំ​ប្រឆាំងនឹង​ការពង្រីក​ទឹកដី​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ខណៈដែល​វេទិកា​សន្តិសុខ​ថ្នាក់​តំបន់​ដ៏​តានតឹង​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍ ទី​៥ សីហា ជាមួយ​កូរ៉េខាងជើង​ក៏​រង​ការរិះគន់​ផងដែរ​ក្រោម​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​មុន​ការចាប់ផ្តើម​នៃ​ការប្រជុំ​ប្រចាំឆ្នាំ​របស់​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​អាស៊ាន​ដែលមាន​សមាជិក ១០​ប្រទេស​នេះ វៀតណាម​បានធ្វើ​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​នឹង​ប្រទេស​ចិន ជាមួយនឹង​ការស្នើ​ឱ្យ​ផ្លាស់ប្តូរ​ជាច្រើន​ចំពោះ​សេចក្តីថ្លែងការណ៍​រួម​ដែល​បានគ្រោង​ទុក​។​

​វា​ជា​ដំណាក់កាល​មួយ​សម្រាប់​អ្វីដែល​គេ​រំពឹងថា​នឹង​ក្លាយជា​ការទូត​ពីរ​បី​ថ្ងៃ​ដ៏​ក្តៅគគុក​នៅ​រដ្ឋធានី​ហ្វីលីពីន​ដោយ​ពួក​អ្នកការទូត​កំពូល​មកពី​ចិន​សហរដ្ឋអាមេរិក រុស្ស៊ី និង​កូរ៉េខាងជើង​បាន​ចូលរួម​ជាមួយ​អាស៊ាន​និង​ដៃគូ​អាស៊ី – ប៉ាស៊ីហ្វិក​ផ្សេងទៀត​ដើម្បី​ចូលរួម​កិច្ចពិភាក្សា​សន្តិសុខ ចាប់ពី​ថ្ងៃអាទិត្យ​។​

​កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះឆ្នោត​នៅ​ចុង​សប្ដាហ៍​នេះ​ស្តីពី​សេចក្តីសម្រេច​ដែល​បាន​ព្រាង​ឡើង​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ពង្រឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​របប​ដឹកនាំ​កូរ៉េខាងជើង​សម្រាប់​ការសាកល្បង​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​សហរដ្ឋអាមេរិក​និយាយថា​ខ្លួន​ក៏​នឹង​ស្វែងរក​ការបង្កើត​សម្ពាធ​រួមមួយ​លើ​កូរ៉េខាងជើង​នៅឯ​ព្រឹត្តិការណ៍​ប្រជុំ​នៅ​ក្រុង​ម៉ានីល​ដែល​គេ​ស្គាល់​ថា​ជា​វេទិកា​តំបន់​អាស៊ាន​នោះ ហើយ​លោក អា​ឡាន់ ភី​ត​ធើ កា​យ៉េ​តា​ណូ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​ទទួលបាន​សារ​ដ៏​ខ្លាំងក្លា​មួយ​។​

​ប៉ុន្តែ អ្នកការទូត​ជាច្រើន​នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា អំពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហាសំខាន់ៗ​របស់​ទ្វីបអាស៊ី​នោះ គឺមាន​ការយល់ស្រប​តិចតួច​ជាមួយ​វៀតណាម​ដែល​ប្រឆាំងនឹង​កិច្ចប្រឹងប្រែង​របស់​ហ្វីលីពីន​ដើម្បី​បន្ធូរ​ភាព​តានតឹង​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ប្រទេស​វៀតណាម​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៤​សីហា​បាន​ព្យាយាម​បញ្ចូល​ភាសា​ដ៏​តានតឹង​ប្រឆាំងនឹង​ប្រទេស​ចិន​នៅក្នុង​សេចក្តីថ្លែងការណ៍​អាស៊ាន​មួយ​ដែល​គ្រោង​នឹង​បញ្ចេញ បន្ទាប់ពី​រដ្ឋមន្ត្រី​អាស៊ាន​នៅ​អាស៊ីអាគ្នេយ៍​បានបញ្ចប់​ការពិភាក្សា​របស់​ពួកគេ​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​យោងតាម​ច្បាប់​ចម្លង​មួយ​នៃ​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួម​ដែល​ទទួលបាន​ដោយ AFP វៀតណាម​បាន​បញ្ចុះបញ្ចូល​អាស៊ាន​ឱ្យ​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការសាងសង់​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​សំដៅ​ទៅលើ​ការសាងសង់​កោះ​សិប្បនិម្មិត​ដ៏​គំហុក​របស់​ចិន​នៅ​ដែនសមុទ្រ​ដែលមាន​ជម្លោះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​វៀតណាម​ក៏​ចង់ឱ្យ​អាស៊ាន​ទទូច​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​ក្រម​ប្រតិបត្តិ​ដែល​បាន​គ្រោងទុក​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​ចិន ត្រូវតែ “​ចងក្រង​ដោយ​ស្របច្បាប់​” ដែល​ត្រូវបាន​ប្រឆាំង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជួបជុំគ្នា​ក្នុង​ក្រុង​ម៉ានីល