សម័យនេះ​ទៅហើយ គួរតែ​បញ្ចប់​ការដោះស្រាយ​តាម​ហិង្សា បាញ់សម្លាប់​!

655
ចែករម្លែក

កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ មាន​ករណី​បាញ់ប្រហារ​លើ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​បណ្តាល ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។ ហេតុការណ៍​នោះ បានកើត​ឡើង​នៅ​ភោជនីយដ្ឋាន តន្ត្រី​សំណាង​ដា​ណេ ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​
​ ​
សេចក្តីរាយការណ៍​បង្ហា​ញ​ថា ស្ត្រី​ម្ចាស់​ហាង ដែលជា​ជនរងគ្រោះ មានឈ្មោះ សឿន ដា​ណេ​។ រីឯ​ជនដៃដល់ ឈ្មោះ កែវ ចិ​ត្រា អាយុ​ជិត ៣០​ឆ្នាំ ជា​អធិការរង​នគរបាល​ក្រុង​បាវិត និង​ជា​កូនប្រុស​របស់​អធិការ​ក្រុង​បាវិត លោក កែវ គង់​។​
​ ​
បុគ្គលិក​បម្រើការ​ងារ​នៅ​ភោជនីយដ្ឋាន​តន្ត្រី​សំណាង​អា​ណេ បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ បុរស​ជា​ជនដៃដល់និង​ជា​អធិការរង​ប៉ូលិស​ក្រុង​បាវិត បាន​ចូលក្នុង​ខ្ចូស លេខ ៦៦៦៦​ហើយកុម្ម៉ង់​មី​ស្រុះ​មួយ​ចាន​។​បន្ទាប់មកទៀត បាន​ប្រាប់​បុគ្គលិក​ឲ្យ​ហៅ​ម្ចាស់​ហាង​មកជួប​ស្រាប់តែ បុរស​នោះ បាន​ដក​កាំភ្លើង បាញ់​ឡើងលើ​មួយ​គ្រាប់ និង​មួយ​គ្រាប់​តៀតបាញ់សម្លាប់​តម្រង់ក្បាល​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​សាច់ញាតិ និង​ភ្ញៀវ​ជួយ​លើក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។ រីឯ​ជនដៃដល់បាន​ដើរ​ចេញពី​ហាង គេចខ្លួនបាត់ តែ​ក្រោយមក ក៏​ត្រូវបាន​ឃាត់ខ្លួនបញ្ជូនទៅ​តុលាការ​។​
​ ​
មូលហេតុ​នៃ​ការបាញ់សម្លាប់​ស្ត្រី​ម្ចាស់​ហាង​នៅ​បាវិត ដែលមាន​សម្រស់​ស្រស់ស្អាត​នេះ ត្រូវបាន​គេ​អះអាងថា ដោយសារតែ​លោក​អធិការរង​វ័យក្មេង ខឹង​រឿងលើក​ម្ហូប​យឺត​ពេក​។ ក៏ប៉ុន្តែ​ក៏មាន​ការលើកឡើង​ខ្លះ​ថា ដោយសារតែ​ស្ត្រី​រងគ្រោះជា​ស្រី​កំណាន់​របស់​ឪពុក ជនដៃដល់​។ ដូច្នេះហើយ បានជា​ជនដៃដល់ គុំកួន ហើយក៏​បាញ់សម្លាប់​តែម្តង​។​
​ ​
ក៏ប៉ុន្តែ​ក៏មាន​ការ​អះអាងថា កន្លងមក នៅពេល​ជនដៃដល់ ចូល​ហាង​នេះ ផឹកស៊ី ក៏មាន​ស្ត្រីរងគ្រោះ​និង​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​រួម​តុ អង្គុយ​កំដរ និង​ផឹកស៊ី សើច​ក្អាកក្អាយ​ផងដែរ ហើយ​ការបាញ់សម្លាប់​ស្ត្រី​នេះ ក៏​អាចមកពី​រឿង​ប្រច័ណ្ឌក៏​ថា​បាន​។​
​ ​
យ៉ាងណាក៏ដោយ ហើយដោយ​ហេតុផល​ណាក៏ដោយ ក៏​ការដោះស្រាយ​បញ្ហា តាមរយៈអំពើហិង្សា ហើយ​ឈានទៅដល់​ការបាញ់សម្លាប់​ដូច្នេះ មិនត្រូវ​កើតមាន​ទាល់តែសោះក្នុងសង្គម​កម្ពុជា​យើង ពិសេស​នៅក្នុង​សម័យ​តេ​ជោ​នេះ​តែម្តង​។​
​ ​
ពេលនេះ ក្រោយ​កើតហេតុ អធិការរង​ក្រុង​បាវិត ដែល​នៅ​ក្មេង និង​ជា​ជនដៃដល់ ត្រូវ​ចាប់ខ្លួន​។ រីឯ​ស្ត្រី​រងគ្រោះ ក្រោយ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម ក៏មាន​ដំណឹង​ថានាង​បាន​ស្លាប់ នៅ​រសៀល​ថ្ងៃទី​២១ ខែធ្នូ ។ ករណីនេះ ជនដៃដល់ដែលជា​ប៉ូលិសឈ្មេាះ កែវ ចិ​ត្រា ត្រូវ​ប្រឈម​នឹង​ទោស​សម្លាប់​មនុស្ស ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​មួយជីវិត​។​
​ ​
ប៉ុន្តែ​បញ្ហា​អ្វី​ក៏ដោយ ក៏​អាច​ដោះស្រាយ​គ្នាដោយ​សន្តិវិធី តាមរយៈ​អង្គុយ​ជជែក ដោះស្រាយ តាម​វិធី​ឈ្នះ​ឈ្នះ ។ គឺ​មិន​មានរឿង​អកុសល​ដូច្នេះ​កើតឡើង​ទេ​។ ផ្ទុយទៅវិញ ការមិន​ស្វែងរក ដំណោះស្រាយ​តាម​សន្តិវិធី ហើយ​ឈានទៅ​ផ្ទុះ​ហិង្សា ទោះបីជា​ដោយ​ពាក្យសម្តី និង​ដោយ វាយតប់ ហើយ​ករណីនេះ គឺ​ឈានដល់​ការបាញ់​ស្លាប់​ដូច្នេះ គឺជា​រឿងដែល​ឃោរឃៅ​ហើយ ច្បាប់​ក៏​មិន​លើកលែង​ឲ្យ​ជាដាច់ខាត​។ ក្រោយ​ហេតុការណ៍​នេះ មិនមែន​ត្រឹមតែ​ប៉ូលិស​វ័យក្មេងជាប់ទោស និង​ខូចអនាគត​នោះទេ តែ​ក្រុមគ្រួសារ​របស់​ប៉ូលិស​នោះ ក៏ត្រូវ​សោកសៅ​ ហើយកាន់តែ​សោកសៅ​ជាងគេ គឺ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​តែម្តង​។ ម្យ៉ាងទៀត ជនដៃដល់ ជា​សមត្ថកិច្ច ក៏​រឹតតែ​មិនត្រូវ​ប្រើ​អំណាច ប្រើ​កាំភ្លើង ដើម្បី​ដោះស្រាយ​បញ្ហា​នោះទេ​។​
​ ​
នៅពេល​មាន​ជម្លោះ ចូរ​យើង​នឹក​គិតថា «​បើ​ខឹង រឿង​តូចនឹង​ក្លាយ​ជាធំ​» ឬក៏ «​ខឹង​ខុស ខឹង​ខាត​» ហើយ​លទ្ធផល គឺ​នាំ​ឲ្យ​អន្តរាយ និង​ការ​ស្តាយក្រោយ ដល់​អ្នក​ខឹង​តែប៉ុណ្ណោះ​៕ ដោយៈ​ម៉េង​ឆៃ/Ha