សម័យ​តេ​ជោៈ​កម្ពុជា​បាន​សាង​សមិទ្ធិ​ថ្មី​មួយ​លើ​បញ្ហា​ព្រំដែន​

234
ចែករម្លែក

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤-៥ ខែតុលា ឆ្នាំ​២០១៩​។

​ក្រៅពី​កិច្ចព្រមព្រៀង​និង​អនុស្សរណៈយោគយល់​គ្នា​ចំនួន​ប្រាំពីរ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម និង​អគ្គិសនី ជាដើម​ដែល​បានចុះហត្ថលេខា​កាលពី​ថ្ងៃទី​៤​ខែតុលា​រួចហើយនោះ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​កម្ពុជា​និង​នាយករដ្ឋមន្ត្រី​វៀតណាម ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ទទួលស្គាល់​ការ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន​មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤​ភាគ​នៅ​ថ្ងៃទី​៥ ខែតុលា នេះដែរ​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ហាណូយ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​យកចិត្តទុកដាក់ ជាពិសេស​ចំពោះ​ការចុះហត្ថលេខា​នៃ​ឯកសារ​ច្បាប់​ទាំងពីរ​ដែល​ទទួលស្គាល់​ពី​វឌ្ឍនភាព​នៃ​ការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក ដែល​សម្រេចបាន​មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤​ភាគរយ និង​បានបញ្ជាក់​សាជាថ្មី​ថា សកម្មភាព​នេះបាន​រំលឹក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​រវាង​ប្រទេសទាំងពីរ​។

​ភាគី​ទាំងពីរ បាន​ឯកភាព​ផងដែរ ក្នុងការ​បញ្ចប់​នូវ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​កំណាត់​ព្រំដែន ដែល​នៅ​សេសសល់ នាពេល​អនាគត​ឆាប់ៗ​នេះ​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិ ការ​ស្ដីពី​ការគ្រប់គ្រង​ព្រំដែន ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ដែលមាន​ស្រាប់ ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
​ ​
​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា និង​វៀតណាម ស្តីពី​លទ្ធផល​ស្តីពី​លទ្ធផល​ការងារ​ព្រំដែន​បាន​ធ្វើឡើង នៅ​ថ្ងៃទី​៥ ខែតុលា នៅ​ទីក្រុង​ហាណូយ មុននឹង​ភាគី​ទាំងពីរ​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវច្បាប់ ចំនួន​ពីរ ដែលមាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ គឺ​ទី​១. ឯកសារ​ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម ទៅលើ​សន្ធិសញ្ញា​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​២០០៥ ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម និង​ទី​២. ឯកសារ​ទទួលយក​ពិធីសារ ដើម្បី​ទទួលយក​ខ្សែ​ព្រំដែន​បរិយាយ ទុកជា​ឯកសារ​ផ្លូវច្បាប់​។​

​មុន​អញ្ជើញ​ទៅកាន់​ប្រទេស​វៀតណាម នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា និង​វៀតណាម សម្រេច បោះបង្គោល​ខណ្ឌសីមាបាន ៨៤​ភាគរយ រួចហើយ ដែល​សម្តេច ទៅ​ប្រទេស​វៀតណាម​នេះ នឹង​ចុះហត្ថលេខាទទួលយក​សមិទ្ធផល ៨៤​ភាគរយ​នេះ បន្ទាប់ពី​ការចរចា ធ្វើការ​ដ៏​ស្វិតស្វាញ ពី​ឆ្នាំ​២០០៥ រហូតដល់​ឆ្នាំ​២០១៩ រយៈពេល ១៤​ឆ្នាំ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “…​ផែនទី​បាន​បោះ​ពុម្ពនៅ​ប្រទេស​ដា​ណឺម៉ាក បាន​ដឹក​មកដល់​អស់ហើយ​។ នៅ​សេសសល់ ១៦​ភាគរយ​ទៀត នឹងត្រូវ​បន្ត​ដោះស្រាយ​តទៅទៀត​។ …​ទាំង​កម្ពុជា ជាមួយ​វៀតណាម ក៏​ស្នើ​ទៅ​បារាំង ដើម្បី​ជួយ​ផ្ទេរ​ផែនទី​។ ជាមួយ​ឡាវ ក៏​ស្នើសុំ​ទៅ​បារាំង ដើម្បី​ផ្ទេរ​ផែនទី ក៏ដូចជា​ផ្តល់​ឯកសារ​ផ្សេងៗ ទាក់ទង​នឹង​ព្រំដែន​។ ព្រំដែន ដែល​ធ្លាប់តែ​មានការ​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ឥឡូវ​ព្រំដែន​ក្លាយទៅជា​តំបន់ដែល​ប្រជាជន​ទៅមក​រកគ្នា រកស៊ី​ជាមួយគ្នា​…”​។​
​ ​
​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ទើបតែ​បោះពុម្ព នៅ​ប្រទេស​ដា​ណឺ​ម៉ាក ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ជាតិ​ព្រំដែន បាន​បញ្ជាក់ថា “… ផែនទី​ធ្វើ​ក្រោយនេះ នឹង​ជា​ផែនទី​ថ្មី ផែនទី​ខ្នាត​ធំ ខ្នាត​មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​។ មានន័យថា ធ្វើ​ផែនទី តាម​រូបភាព​អាកាស រួចហើយ​បាន​យើងទៅធ្វើ​ផែនទី​ឋានលេខា រួចហើយ​បាន​យើង​ទៅធ្វើ​ផែនទី ធ្វើ​ដែន​បោះបង្គោល​។ រួចហើយ យើង​បញ្ចូល​លេខ​បង្គោល នៅលើ​ផែនទី​។ លេខ​បង្គោល​និ​មួយៗ វា​មាន​និយាម​ការ​លើ​បង្គោល​និ​មួយៗ​។ … យើង​ធ្វើជា​ឯកសារ​មួយទុកជា​កេរមរតក​ជា​ប្រវត្តិសាស្ត្រ ទុក​ជូន​ប្រជា​ពល​ល​រដ្ឋ​យើង​ជំនាន់​ក្រោយ ”​។​
​ ​
​ក្រសួងការបរទេស​វៀ​ត​ណា​ម បានប្រកាសថា ប្រទេស​កម្ពុជា និង​វៀតណាម បាន​បោះបង្គោល​ព្រំដែន​រួចរាល់​ចំនួន ៣១៥ បង្គោល ក្នុងចំណោម​បង្គោលព្រំ​ដែន​សរុប ៣៧១ បង្គោល​លើ​ព្រំដែន​ចម្ងាយ​១.០៤២​គីឡូម៉ែត្រ ក្នុង​ចម្ងាយ ព្រំដែន​គោក​សរុប​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ចម្ងាយ ១.១៣៧​គីឡូម៉ែត្រ​។ ពោលគឺ​ប្រទេស​ទាំងពីរ បានសម្រេច ការងារ​បោះបង្គោល​កំណ​ត់​ព្រំដែន បាន​ចំនួន ៨៤​ភាគរយ​គិត​ចាប់ពី​ឆ្នាំ​២០០៥ មកដល់​ត្រឹម​ខែតុលា ឆ្នាំ​២០១៩​។​
​ ​
​ទោះបីជា​កន្លងមក និង​ដល់ពេលនេះ មានការ​លើកឡើង​ពី​ក្រុមប្រឆាំង​មួយចំនួន ដែល​យក​បញ្ហា​ព្រំដែន​ដើម្បី​វាយ ប្រហារ​រាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ ក៏​សមិទ្ធផល​ខណ្ឌសីមា​ព្រំដែន ដែល​សម្រេចបាន ១.០៤២ គីឡូម៉ែត្រ ត្រូវជា ៨៤​ភាគរយ​នេះ នឹង​មិនអាច​កែប្រែបាន​ឡើយ​នៅពេល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសន្ធិសញ្ញា ដែលជា​ឯកសារ​ច្បាប់ នាពេលនេះ​។​
​ ​
​ភាគី​ទាំងពីរ ក៏បាន​ប្រកាសថា នឹង​ខិតខំ​ដោះស្រាយ​ចំណុច​ព្រំដែន​សេសសល់ ១៦​ភាគរយ​តាម​ផែនទី​ចម្លង​ថ្មី​ពីប្រទេស​បារាំង នាពេលខាងមុខ​ដ៏​ខ្លី ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ពិសេស​បញ្ចប់​ប្រធានបទ​ព្រំដែន ដែល​ក្រុម​បក្សប្រឆាំង បាន​យកទៅ​ឃោសនា វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា ថា​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ដោយសារ តែ​ការបោះបង្គោល កំណត់ព្រំដែន នាពេលនេះ​។​
​ ​
​យ៉ាងណាក៏ដោយ ចូរ​កុំភ្លេចថា ការងារ​បោះបង្គោល​កំណ​ត់​ព្រំដែន​គោក ក្នុង​រយៈពេល ១៤​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០០៥ គឺធ្វើឡើង​ដោយ​ការចរចា និង​ធ្វើការ​ដ៏​ស្វិតស្វាញ​។ ពោលគឺ​មិនមែន​កម្ពុជា ចេះតែ​យល់ព្រម​តាម​អ្វីដែល​វៀតណាម បានសម្រេច​ដូច​មតិ​ប្រឆាំង បានលើកឡើង​នោះឡើយ​។
​ ​
​ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា បានធ្វើ​កំណត់​ទូត​ជា​បន្តបន្ទាប់ តវ៉ា​ទៅកាន់ វៀតណាម ដែល​បាន​បោះបង្គោល​ព្រំដែន ជា​ឯកតោភាគី នៅតាម​តំបន់ ដែល​មិនទាន់​ឯកភាពគ្នា​។ ក្នុងនោះ មាន​ទាំង​នៅ​ខេត្តមណ្ឌលគិរី រតនគិរី និង​នៅ​ខេត្តតាកែវ ជាដើម​។ នៅ​តំបន់​ព្រំដែន​សមុទ្រ ក្បែរ​កោះសេះ​ដែល​ជិត​នឹងកោះត្រល់ ក៏​កម្ពុជា​បានទាមទារ​ឱ្យ​វៀតណាម ដកយក​បង្គោល​ព្រំដែនចេញ​វិញ​ដែរ​។ នេះ​បើតាម​កំណត់​ការទូត ចុះ​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០១៨​។​
​ ​
​ចាប់តាំងពី​សម័យ​ដើម​និង​បន្ត​ដល់​សម័យ​អាណានិគម​បារាំង​, កម្ពុជា មាន​សន្ធិសញ្ញា​ព្រំដែនតែ​ជាមួយ​ប្រទេស​ថៃ ប៉ុណ្ណោះ​។ បើទោះបី​ជាមាន​កិច្ចព្រមព្រៀង​ព្រំដែន​ហើយក៏​ដោយ ក៏​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​មិនត្រូវ​បាន​ដោះស្រាយ​នោះដែរ​។ ជាក់ស្តែង ជម្លោះព្រំដែន បង្ក​ជា​សង្គ្រាម ក៏បាន​កើតឡើង​រវាង​កម្ពុជានិង​ថៃ នា​ខែកក្កដា ឆ្នាំ​២០០៨ នៅ​ព្រំដែន​ប្រាសាទព្រះវិហារ​។​
​ ​
​ចំណែក​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ក៏ដូចជា រវាង​កម្ពុជា និង​ឡាវ កន្លងមក ក៏​មិនទាន់មាន​សន្ធិសញ្ញាពេញលេញ ដើម្បី​កំណត់​បង្គោល​ព្រំដែន​ឲ្យ​បានច្បាស់លាស់​នោះទេ​។​
​ ​
​ដូច្នេះ​ឆ្លងកាត់​ការចរចា និង​ធ្វើ​ការងារ​បោះបង្គោល​កំណ​ត់​ព្រំដែន​ដ៏​ស្វិតស្វាញ​រយៈពេល ១៤​ឆ្នាំ ទើបតែ​សម្រេចបាន ៨៤​ភាគរយ ដែល​ប្រមុខ​ដឹកនាំ​កម្ពុជា​-​វៀតណាម បាន​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់ នាពេលនេះ គឺជា​សមិទ្ធផល ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​នេះ​ជាស​ច្ចធម៌​ប្រ​វត្ត​សាស្ត្រ​ដែល​មិនអាច​ប្រកែក​។​ជា​សមិទ្ធិ​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ស្វិតស្វាញ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​។​ជាការ​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ខណៈដែល​កម្ពុជា​ពុំ​ធ្លាប់ មាន​ទាល់តែសោះ​ពីមុនមក​។​ពិតណាស់ មាន​សន្ធិសញ្ញា​ដែលមាន​ទទួលស្គាល់​រវាង​ប្រទេស​វា​ប្រសើរ​ជាង​ទាំង​សងខាង​ពុំមាន​អ្វី​ទាល់តែសោះ​នៅក្នុង​ដៃ​៕ ដោយៈ ម៉េង​ឆៃ​/Ha