សម័យ​ហ្វេ​ស​ប៊ុ​ក កុំ​ចេះតែ​ហ៊ាន​! អ្វីៗ​ក៏​គួរតែ​ប្រុងប្រយ័ត្ន​

517
ចែករម្លែក
  • 3
    Shares

មានរឿង​រ៉ាវ​ដ៏​គួរ​ហួសចិត្ត​មួយ​បាន​កើតឡើង​។​កាលពី​ថ្ងៃ​ចូលឆ្នាំ​សកល ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ នារី​ស្រស់ស្អាត​ម្នាក់ បាន​ស្គាល់​បុរស​ម្នាក់ តាម​ហ្វេ​ស​ប៊ុ​ក ហើយ​បុរស​នោះ បាន​លួងលោម និង​ណាត់គ្នា ចូល​ផ្ទះសំណាក់​។

​ប៉ុន្តែ​រឿង​ដែល​គួរ​ស្រក់​ទឹកភ្នែក​គឺ​នៅពេល​នារី​រូបនោះ​មកដល់​តាម​ការ​ណាត់ ពេល​បើកទ្វារ​ចូល​បន្ទប់​នោះ ស្រាប់តែ​ជនសង្ស័យ ច្របាច់​កនាង រួច​យក​កាំបិត​ភ្ជង់ ប្លន់​យក​គ្រឿងអលង្ការ ទូរស័ព្ទ និង​លុយ​មួយចំនួន សរុប​ជាង ៣.០០០ ដុល្លារ រួចហើយ​បុរស​នោះ បានគេច​ខ្លួន​បាត់ស្រមោល​។ នេះ​បើតាម​ស្ត្រី ដែល​អះអាងថា ជា​ជនរងគ្រោះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៦​ល្ងាច ថ្ងៃ​អង្គារ ទី​១ ខែមករា ឆ្នាំ​២០១៩ នៅផ្ទះ​សំណាក់​បៃតង ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​បន្ទប់​លេខ​០២ ស្ថិតនៅ​ភូមិ អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ ​
ស្ត្រី​ដែល​អះអាងថា ជា​ជនរងគ្រោះ មាន​អាយុ ២៤​ឆ្នាំ ជា​អ្នកលក់​ឥ​វ៉ាន់ តាម​អន​ឡាញ ស្នាក់នៅ ផ្ទះជួល ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​បុរស​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​ស្គាល់គ្នា​តាម​អន​ឡាញ​ដោយ​ឆាត​សា​សងសម្តី​តែប៉ុណ្ណោះ​។​

​សម្ភារៈ ដែល​បាត់បង់ ត្រូវបាន​នារី​រងគ្រោះ រៀបរាប់ថា មាន​ទូរស័ព្ទ​អាយ​ហ្វូ​ន មួយគ្រឿង ខ្សែក​មួយ​ខ្សែ ខ្សែដៃ​មួយ​ខ្សែ ចិញ្ចៀនពេជ្រ​មួយ​វង់ ប្រាក់​ដុល្លារ​ចំនួន ២០០​ដុល្លារ​។ សរុប​ជា​ទឹកប្រាក់​ជាង ៣.០០០​ដុល្លារ​។​

​នារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​បាន​ស្គាល់​ជនសង្ស័យ តាម​ហ្វេ​ស​ប៊ុ​ក អស់​រយៈពេល​ជិត​មួយខែ​មកហើយ​។ បុរស​នោះ បាន​ឆាត​មក​នាង បបួល​ដើរលេង ជា​ញឹកញាប់ តែ​នាង​មិន​ព្រមទៅ​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ណាត់​នាង ឲ្យ​មកជួប​គ្នា នៅផ្ទះ​សំណាក់​ខាងលើ​ដោយបាន​ប្រាប់​នាង​ថា មកជួប​ខ្លួនៗ​ឲ្យ​លុយ​ចំនួន ១០០​ដុល្លារ​។​

​ស្ត្រី​ដដែល​នេះ​បាន​បន្ថែមថា ពេល​នាង​មកដល់​បន្ទប់​ផ្ទះសំណាក់ ដែល​បាន​ណាត់ នាង​បាន​រុញ​ទ្វារ​ចូលទៅ ស្រាប់តែ​ជនសង្ស័យ បាន​ចាប់​ច្របាច់​កនាង ហើយ​យក​កូន កាំបិត​ស្នៀត​ភ្ជង់ ប្លន់ យក​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់ បើ​ហ៊ាន​ស្រែក​។ ពេលនោះ ជនរងគ្រោះ​ភ័យ​ពេក មិន​ហ៊ាន​ស្រែក ក៏​បណ្ដោយ​ឲ្យ​ជនសង្ស័យ យក​ទ្រព្យសម្បត្តិ​នាង រួច​បុរស​នោះ ចេញមកក្រៅ ឡើង​ជិះ​ម៉ូតូ​កង់​បី គេចខ្លួន ទៅ​បាត់​តែម្ដង​។​
​ ​
​បើសិនជា​ករណីនេះ​ជាការ​ពិត ដូច​ការរៀបចំ​រាប់​របស់​ស្ត្រី​រងគ្រោះ​ខាងលើ​មែន​នោះ គឺជា​រឿង​ចម្លែក ដែល​ធម្មតា នៅផ្ទះ​សំណាក់ តែងតែមាន​អ្នកយាម ហើយ​នៅ ពេល​បុរស​នោះ ចេញពី​បន្ទប់ គឺ​ស្ត្រី​រងគ្រោះ អាច​ស្រែក​ឲ្យ​គេ​ជួយ​បាន​។​

​នេះ​ជា​ពិសោធន៍​មួយ​សម្រាប់​បងប្អូន​នារី​ទាំងឡាយ​ដែល​និយម​នឹង​ហ្វេ​ស​ប៊ុ​ក​។​ពិតណាស់​បើ​គ្រាន់តែ​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក មិនទាន់​ដែល​ជួប​មុខ​ហើយក៏​មិន​ស្គាល់ឈ្មោះ បុរស​នោះ​ផង មិនគួរ​ហ៊ាន​ប្រថុយ​មកជួប​គេ​នៅ​បន្ទប់​ផ្ទះសំណាក់​នោះឡើយ​។ មិត្ត​នារី​ទាំងឡាយ​គួរ​ប្រយ័ត្ន​ចំពោះ​ទំនាក់ទំនង​មួយបែប​នេះ​។​
​ ​
ករណី​ដូចនេះ ក៏​ធ្លាប់​កើតមាន​កន្លងមក​ជាច្រើន​រួចមកហើយ ជាពិសេស​ក្នុងសម័យ ហ្វេ​ស​ប៊ុ​ក​នេះ ការ​ស្គាល់គ្នា ឈានដល់​ស្រឡាញ់​លឿន ហើយក៏​ឆាប់​ជឿទុកចិត្ត​គ្នា រហូតដល់​ស្ត្រី​បុរស យុវជន​យុវតី​ខ្លះ ហ៊ាន​ដល់​ថតរូប​អាក្រាត​ផ្ញើរ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ពេលខ្លះ ក៏​កើតមាន​បញ្ហា ដោយសារតែ​ខាង​ប្រុស មានគំនិត​មិនល្អ យក​រូបអាក្រាត​នោះ ទៅ​គំរាម​ស្ត្រី​រងគ្រោះ ដើម្បី​បានរួម​ភេទ ហើយ​ជម្រិត​ទារលុយ​ក៏មាន​រហូតដល់​ស្ត្រី រងគ្រោះ និង​ក្រុមគ្រួសារ​ប្តឹង​ប៉ូលិស​ចាប់​ខាង​ប្រុស​ជា​ញឹកញាប់​។​
​ ​
ដូចគ្នានេះ​ក៏មាន​ជនខិលខូច បង្កើត​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដាក់​រូប​ស្រី​ស្អាត ហើយ​បោក បញ្ឆោត​បុរសៗ និង​ស្ត្រី​មួយចំនួន ជា​អ្នកមាន …​ទាក់ទង​ក្នុងន័យ​ស្នេហា ហើយ​ផ្ញើ រូបអាក្រាត​ឲ្យ​។ តែ​ជនល្មើស ដែល​ប្រើ​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​នោះបាន​យក​រូបអាក្រាត របស់​បុរសៗ​ទាំងនោះ ទៅ​ជំរិត​ទារប្រាក់ ដែល​បង្កើតជា​បទល្មើស អស់ប្រាក់​ជាច្រើន រហូត​ឈានដល់​ការចាប់ខ្លួន​ជនខិលខូច​នោះ​ជាច្រើន​នាក់​។​
​ ​
សរុបមក​ក្នុង​យុគសម័យ​ទំនើប សម័យ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ការទាក់ទង​ប្រុស​ស្រី ក្នុងន័យ ស្នេហា ឆាប់រហ័ស​ណាស់​។ តែ​ក៏​រងគ្រោះ​ណាស់ដែរ បើសិនជា​បុរស ឬ​ស្ត្រី​នោះ ឆាប់​ជឿទុកចិត្ត ហើយ​ហ៊ាន​រហូតដល់​ណាត់ជួប​នៅផ្ទះ​សំណាក់ សណ្ឋាគារ ឬក៏​កន្លែង​ស្ងាត់​ណាមួយ ទាំង​មិនដែល​ជួបគ្នា ហើយ​ទាំង​មិន​ស្គាល់​ចិត្តថ្លើម​គ្នា​។

រីឯ​ការផ្ញើ​រូបអាក្រាត​ឲ្យ​គ្នា​ទៅវិញទៅមក ក៏​ជា​គ្រោះថ្នាក់​មួយ​ផងដែរ បើសិនជា ដៃគូ​នោះ មិន​ស្មោះត្រង់ ឬក៏​ជា​អ្នក​មានបំណង​អាក្រក់​អ្វី​ណា​នោះ ហើយ​បើសិនជា ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​ជនខិលខូច​លួច​ចូល ហ៊ែ​ក​(Hack) ក៏​រឹតតែ​គ្រោះថ្នាក់​ទៅទៀត​។ អស់ទាំង​ទ្រព្យសម្បត្តិ និង​អស់ទាំង​កិត្តិយស កេរ្តិ៍ឈ្មោះ​។ ដូច្នេះ​បុរស​ស្ត្រី​ពិសេស​យុវជន យុវតី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​កុំ​ឲ្យ​រឿង​ដដែលៗ​នេះ​កើត​ឡើងលើ​ខ្លួន អ្នក​ឡើយ​៕ ដោយ​: ម៉េង​ឆៃ​