សម្ដេចព្រះរៀម​ន​រោ​ត្ដម បុប្ផា​ទេវីៈ​ឪពុក​ខ្ញុំ​លើកឡើងថា ក្រៅពី​ប្រទេស​ចិន គ្មាន​ប្រទេស​ណា​ស្រឡាញ់​កម្ពុជា​និង​ជួយ​គាំទ្រ​យើង​ដោយ​សុទ្ធចិត្ត​ទេ​

14600
ចែករម្លែក
សម្ដេចព្រះរៀម​ន​រោ​ត្ដម បុប្ផា​ទេវីៈ​ឪពុក​ខ្ញុំ​លើកឡើងថា ក្រៅពី​ប្រទេស​ចិន គ្មាន​ប្រទេស​ណា​ស្រឡាញ់​កម្ពុជា​និង​ជួយ​គាំទ្រ​យើង​ដោយ​សុទ្ធចិត្ត​ទេ​

ភ្នំពេញៈ​កាលពី​ថ្ងៃទី​៦ ខែកញ្ញា​វេលា​ម៉ោង​៩​ព្រឹក​សម្តេចព្រះរៀម​ន​រោ​ត្ដម បុប្ផា​ទេវី ដែលជា​បុត្រី​ច្បង​នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះ​បរម​រតន​កោដ្ឋ​បានទទួល​ធ្វើ​បទ​សម្ភាស​ជាមួយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG) និង​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​នៅ​ព្រះរាជដំណាក់​របស់​ព្រះអង្គ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ បទសម្ភាសន៍​និង​ចំណាប់អារម្មណ៍​របស់​ស​ម្ដេច​ព្រះរៀម​មាន​ខ្លឹមសារ​ដូចតទៅ​៖
សំណួរ​ទី​១. តើ​សម្ដេចព្រះរៀម​បាន​យាង​ព្រះរាជដំណើរ​ទៅ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​ណា​? តើ​កាលនោះ​ប្រទេសជាតិ​មាន​សភាពការណ៍​ដូចម្ដេច​ដែរ​បានជា​ធ្វើឱ្យ​សម្ដេចព្រះរៀម​និង​រាជវង្សានុវង្ស​យាង​ព្រះរាជដំណើរ​ទៅកាន់​ប្រទេស​ចិន​?
​សម្ដេចព្រះរៀមៈ ខ្ញុំ​មាន​កិត្តិយស​និង​សប្បាយរីករាយ​ណាស​ដែល​បាន​ដង្ហែ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម​សីហនុ អតីតព្រះមហាក្សត្រ​កម្ពុ​ជា ស្តេចយាង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៥៨​ជា​លើកដំបូង​ចំពោះ​រូបខ្ញុំ​។​ពេល​នោះដែរ​ព្រះករុណា​ព្រះបាទ នរោត្តម​សីហនុ​ក៏​លោក​សព្វព្រះរាជហឫទ័យ​ដឹកនាំ​យើងខ្ញុំ​ជា​ក្រុម​សិល្បករ​របាំ​ព្រះ​រាជ្យទ្រព្យ​ទៅ​សម្តែង​ជូន​ថ្នាក់ដឹកនាំ​ធំៗ​មានដូចជា លោក​ឯកឧត្តម​ប្រធានាធិបតី ម៉ៅ​សេទុង និង​ឯកឧត្តម ជូ អេ​ន​ឡាយ​ជាដើម​។ គ្រានោះ​ជា​មោទនភាព​ដែល​ខ្ញុំ​បាន​ដង្ហែ​ព្រះករុណា​ទស្សនកិច្ច​ជា​លើកដំបូង​ហើយក៏​យើង​មាន​កិត្តិយស​បាន​ម្តែ​ងរ​បាំ​ព្រះរាជ​ទ្រព្យ​ជូន​ថ្នាក់ដឹកនាំ​នៅពេល​នោះដែរ​។

​សម្ដេចព្រះរៀម​ន​រោ​ត្ដម បុប្ផា​ទេវី​ពេលធ្វើ​បទ​សម្ភាស​


សំណួរ​ទី​២. មុននេះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា គឺ​នៅ​ឆ្នាំ​១៩៥៨ ព្រះអង្គ​បាន​អម​ព្រះរាជដំណើរ​ព្រះករុណា​សម្ដេចព្រះ​នរោត្តម សីហនុ យាង​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ទូលបង្គំ​ចង់​សួរថា តើ​ចិន​និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ដូចម្ដេចខ្លះ​ក្នុង​ឆ្នាំ​នោះ ទើបបានជា​សម្តេចឪ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​លើក​ទី​១?
សម្តេចព្រះរៀមៈ ក្រោយពី​កម្ពុជា​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហនុ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅបាន​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​១៩៥៦ ។​ដូច្នេះហើយ​សម្តេចព្រះ​នរោត្តម សីហនុ ក៏បាន​ជួប​ជាមួយ លោក ជូ អេ​ន​ឡាយ នាយករដ្ឋមន្ត្រី​ប្រទេស​ចិន​ជា​លើកដំបូង ហើយ​ចាប់ពីពេលនោះ​មក​ក៏មាន​ទំនាក់ទំនង​គ្នា​ជា​រៀង​រហូតមក​។​


​សំណួរ​ទី​៣. ទូលបង្គំ​ធ្លាប់​បានឃើញ​ឯកសារ​ជាច្រើន ដែល​បង្ហាញថា​ពេល​មាន​ព្រះរាជដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន សម្ដេចព្រះរាម​បាន​ដឹកនាំ​សិល្បករ​សិល្បការិនី​ខ្មែរ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ជូន​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ចិន ទូលបង្គំ​ចង់​សួរថា តើ​មាន​របាំ​អ្វីខ្លះ​ដែល​បាន​សម្តែង​នាពេលនោះ​?
​សម្តេចព្រះរៀមៈ ពេលនោះ​ខ្ញុំ​ទើបតែ​អាយុ​១៥​ឆ្នាំ​។ អ៊ីចឹង​ខ្ញុំ​បាន​ជួប​និង​ផ្លាស់ប្តូរ​គ្នា​តាម​ព្រះរាជហឫទ័យ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ ឱ្យ​ខ្ញុំ​ហាត់​របាំ​ចិន​ពី​ក្រុម​សិល្បៈ​ចិន ហើយ​កាលនោះ​មាន​ក្រុម​សិល្បៈ​គេ​ហៅថា​ក្រុម​បូព៌ា ហើយ​ខ្ញុំ​បាន​ជួប​អ្នកគ្រូ ចាំង ជីន គាត់​នៅ​ក្មេង​វ័យ​ដែរ​អាយុ​ប្រហែល​ខ្ញុំ​ដែរ ហើយ​នៅពេលនេះ​អ្នកគ្រូ​បាន​ហាត់​របាំ​ខ្មែរ​យើង មាន​ព្រះ​រាជ្យទ្រព្យ របាំ​អប្សរា​ខ្មែរ ហើយ​ខ្ញុំ​ក៏បាន​ហាត់​របាំ​បេះ​តែ របាំ​ឈូករ័ត្ន របាំ​ក្ងោក និង​របាំ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់មក​។ អ៊ីចឹង​យើង​មាន​ទំនាក់ទំនង​ល្អ​ចាប់តាំងពី​ឆ្នាំ​១៩៥៨ មក​។​


​សំណួរ​ទី​៤. នៅ​ចុងឆ្នាំ​១៩៧០ សម្តេចឪ​និង​ព្រះរាជ​វង្សា​នុ​ង្ស​ខ្មែរ​មួយចំនួន​បាន​គង់នៅ​ប្រទេស ចិន តើ​ក្នុងអំឡុង​គង់នៅ​ប្រទេស​ចិន​មាន​ព្រឹត្តិការណ៍​ណាមួយ​ដែល​ធ្វើឱ្យ​សម្តេចព្រះរៀម​ចងចាំ​មិនអាច​បំភ្លេច​រហូតមក​ដល់ពេលនេះ​?
​សម្ដេចព្រះរៀមៈ ចា៎​! ជំនាន់​នោះ​ប្រទេស​ចិន​លោក​បាន​ជួយ​ទទួល​ឱ្យ​ព្រះរាជវង្សានុវង្ស​ខ្មែរ​យើង​ដែល លន់ នល់ បានធ្វើ​រដ្ឋប្រហា​ទៅ​ហ្នឹង គឺមាន​រាជវង្សានុវង្ស​ខ្មែរ​មួយចំនួន​ដូចជា មាន​ខ្ញុំ​ដង្ហែ​ជីដូន​ខ្ញុំ គឺ​ព្រះមហាក្សត្រី​យា​នី​ស៊ីសុវត្ថិ​មុនី​វង្ស​កុស​មៈ​នារីរ័ត្ន​សេរី​វ​ឌ្ឍ​នា​។ មហាមិត្ត​ចិន​បាន​ចរចា​ជាមួយ​សហរដ្ឋ​អាម៉េរិក​ឱ្យ​បញ្ជា​ទៅ​លោក លន់ នល់ ព្រម​ថ្វាយ​ជីដូន​ខ្ញុំ​និង​ព្រះរាជវង្សានុវង្ស​ខ្មែរ​មួយចំនួន​ហ្នឹង​បាន​ចេញទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩៧៣​។ យើងខ្ញុំ​ក៏បាន​មានភ័ព្វ​សំណាង​ដែល​ប្រទេស​ចិន​លោក​ទទួល​ឱ្យ​ស្នាក់នៅ ដោយ​ថ្វាយ​ព្រះរាជដំណាក់ សម្រាប់​គង់នៅ​ផងដែរ​។ សព្វថ្ងៃ​ព្រះករុណា​គង់នៅ​ទីនេះ នាំគ្នា​នៅ​ជុំគ្នា​នៅទីនេះ​ទៅ ហើយ​ជាពិសេស​ជីដូន​ខ្ញុំ សម្តេចព្រះ​មហាក្សត្រី​យា​នី​ស៊ីសុវត្ថិ​មុនី​វង្ស​កុស​មៈ លោក​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េកាំង​ហ្នឹង​នៅ​ឆ្នាំ​១៩៧៥​។ ជំនាន់​នោះ​យើង​មិនទាន់បាន​និវត្តន៍​មកកាន់​ប្រទេស​នៅឡើយ​ទេ​។ អ៊ីចឹងទៅ​យើង​ធ្វើបុណ្យ​ថ្វាយ​លោក​នៅ​ប្រទេស​ចិន ធ្វើបុណ្យ​ដូច​ប្រពៃណី​ខ្មែរ​អ៊ីចឹង មាន​ធ្វើ​មេរុ ថ្វាយ​ព្រះ​ភ្លើង ដូច​ប្រពៃណី​ខ្មែរ​យើង​អ៊ីចឹង ធ្វើឱ្យ​ខ្ញុំ​មានការ​ដឹងគុណ​ណាស់ ចំពោះ​ប្រទេស​ចិន ដែល​លោក​មិន​គ្រាន់តែ​ទទួល​រាក់ទាក់​ដល់​ព្រះរាជវង្សានុវង្ស​យើងខ្ញុំ​ទាំងអស់គ្នា​នោះទេ ប៉ុន្តែ​ជីដូន​ខ្ញុំ​លោក​ធ្វើបុណ្យ​ថ្វាយ​ឱ្យ​សម​ដូចជា​លោក​សុគត​នៅ​ស្រុក​ខ្មែរ​ធ្វើបុណ្យ​ថ្វាយ​លោក​អ៊ីចឹង ចា៎ មិនឱ្យ​ខុស​អី​ទេ​។ ខ្ញុំ​សូម​អគុណ​ប្រទេស​ចិន អរគុណ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ទាំងអស់​ដែល​លោក​មេត្តា​រៀបចំ​ធ្វើ​ដោយ​សមរម្យ​ថ្វាយ​តាម​ខ្មែរ​ទាំងអស់​។​

​សម្ដេចព្រះរៀម​ន​រោ​ត្ដម បុប្ផា​ទេវី​ពេលធ្វើ​បទ​សម្ភាស​


​សំណួរ​ទី​៥. កាលនោះ​សម្តេចព្រះរៀម​ជា​សិល្បការិនី​មួយរូប​ក្នុង​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ និង​ជា​ឆ្នាំ​ដែល​ស្ថានភាព​ប្រទេសជាតិ​ជួប​ការលំបាក​ទាំង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា ណាមួយ​ព្រះជន្ម​ព្រះអង្គ​ក៏​ក្មេង ហើយក៏​ជា​សិល្បការិនី​ផង តើ​អ្វីដែល​ធ្វើឱ្យ​ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​សប្បាយរីករាយ​បំផុត​ជាមួយ​សិល្បករ​សិល្បការ​នី​ប្រទេស​ចិន​ទេ​?
សម្ដេចព្រះរៀមៈ ខ្ញុំ​នៅចាំ​អនុស្សាវរីយ៍​មួយ​មិន​ភ្លេច​ទេ​ព្រោះ​កាល​ជំនាន់​នោះ ប្រទេស​ចិន​ទើប​ទទួលបាន​ឯករាជ្យ ហើយ​ប្រទេស​កម្ពុជា​ក៏​ទើបបាន​ឯករាជ្យ​ដូចគ្នា​ប្រហែលៗ​គ្នា​។ អ៊ីចឹង​ហើយ​យើង​មានការ​ខ្វះខាត​ច្រើន​ដែរ​។​យើង​ខំ​កសាង​ប្រទេស​យើង​បន្តិច​ម្តងៗ​ទៅ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ក៏​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​និង​ចិន​រឹងមាំ​ណាស់​ហេតុអ្វី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​រោ​ត្ត​ម​សីហនុ ស្តេចយាង​ទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​ចាប់តាំងពី​ឆ្នាំ​១៩៥៨​ទៅ ហើយ​ក្រោយមក​ស្តេចយាង​ទៅ​ញឹកញាប់​ណាស់ ចា៎ សឹងតែ​រាល់​ឆ្នាំ​ដែរ​។ ហើយ​ក្រុម​សិល្បៈ​ខ្មែរ​យើង​ក៏​អ៊ីចឹង ដែល​ខ្ញុំ​ដឹកនាំ​ផង ខ្ញុំ​សម្តែង​ផង ខ្ញុំ​អ្នករាំ​ផង គឺថា​បាន​ទៅ​ញឹកញាប់​ណាស់ បាន​ទៅ​សម្តែង​នៅតាម​ខេត្ត​ប្រទេស​ចិន​ធំ​ណាស់ គឺ​យើង​ទៅ​ម្តង​។ យើង​សម្តែង​ពីរ​បី​ខេត្ត​អ៊ីចឹងទៅ ហើយ​លើ​ក្រោយ​ទៀត​យើង​សម្តែង​នៅ​ខេត្ត​ផ្សេងទៀត​។ យើង​ទៅ​ផ្សព្វផ្សាយ​សិល្បៈ ជាពិសេស​របាំ​ព្រះរាជ​ទ្រព្យ យើង​ទៅតាម​ខេត្ត ទោះជា​យ៉ាងណា ក៏​រដ្ឋាភិបាល​ចិន​លោក​ថ្នាក់ថ្នម​យើង​ណាស់​។ លោក​ឱ្យ​រថភ្លើង​ដាច់ដោយឡែក​មួយ​ជា​ពិស​សេស ឱ្យទៅ​គណៈប្រតិភូ​សិល្បៈ​ខ្មែរ មិនមែន​ឱ្យទៅ​ជិះ​ជាមួយ​អ្នកធ្វើដំណើរ​ផ្សេងទៀត​ទេ​ចា៎​។ រថភ្លើង​ហ្នឹង​ដឹក​តែ គណៈប្រតិភូ​សិល្បៈ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​ទៅតាម​ខេត្ត​ទេ​។ អ៊ីចឹង​អនុស្សាវរីយ៍​លើក​ទី​១​ហ្នឹង នៅចាំ​រហូត​ទាល់​ឥឡូវ ជា​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត ហើយ​ពេល​នោះដែរ​គណៈប្រតិភូ​សិល្បៈ​ចិន​ក៏​គេ​មានមក​ស្រុក​ខ្មែរ​ដែរ​ដូចជា​ក្រុម​សិល្បៈ​ខេត្ត​ប៊ូ​ហាន់​ជាដើម គេ​មក​ញឹកញាប់​ដែរ​។

​សម្ដេចព្រះរៀម​ន​រោ​ត្ដម បុប្ផា​ទេវី​ពេលធ្វើ​បទ​សម្ភាស​


សំណួរ​ទី​៦. ក្រៅពី​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ប៉េកាំង តើ​សម្ដេចព្រះរៀម​មានបាន​ស​ម្ដែ​ង​នៅតាម​បណ្ដា​ខេត្ត​ផ្សេងទៀត​ទេ​?
សម្ដេចព្រះរៀមៈ ចា៎​មាន ដូចជា​សម្តែង​នៅ​សៀង​ហៃ គួ​វ​ចូ​វ និង​ខេត្ត​ច្រើន​ទៀត ខ្ញុំ​ចាំ​មិន​អស់​ទេ ប៉ុន្តែ​ចាំ​ច្បាស់​ជាងគេ នៅ​ខេត្ត​ហា​ប៊ី​ន ជា​ខេត្ត​ទល់ដែន​ប្រទេស​រុស្ស៊ី​។​
​សំណួរ​ទី​៧. នៅពេលដែល​សម្តេចព្រះរាម​ដឹកនាំ​ក្រុម​សិល្បៈ​សម្តែង​នៅ​ប៉េកាំង និង​ខេត្ត​ផ្សេងៗ តើ​ប្រជាជន​ចិន​ទៅ​ទស្សនា​ក្នុង​បរិយាកាស​យ៉ាងណាដែរ ព្រះរៀម​នៅចាំ​បានទេ​?
​សម្ដេចព្រះរៀមៈ រាល់ពេល​ចេញទៅ​ម្តែ​ង​នៅតាម​ខេត្ត ក្រុង ផ្សេងៗ គឺថា​សម្រាប់​ខេត្ត​មួយ យើង​សម្តែង​ជូន​ពីរដង ឬក៏​ពីរ​យប់ ពីរ​ពេល ហើយ​ប្រជាជន​ចិន​មក​មើល​ពេញៗ​រោង មិន​ដែលមាន​ពាក់កណ្តាល​រោង​ទេ ហើយ​ពេល​ទៅ​ខេត្ត​ម្តងៗ​មាន​ប្រជាជន​ចិន​និង​និស្សិត​ចិន​ជាច្រើន​មក​ទទួល​បក់​បាច់ផ្កា ទទួល រាក់ទាក់​យើង​ខ្លាំងណាស់​។​
​សំណួរ​ទី​៨.​ក្នុងអំឡុងពេល​ដង្ហែ​សម្តេចឪ​ទៅ​ក្រុង​ប៉េកាំង​ជំនាន់​នោះ តើ​សម្តេចព្រះរាម​មាន​ដែល ឃើញ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​ចូលរួម​ជួយ​ការងារ​សិល្បៈ​ដែរឬទេ​?

​សម្ដេចព្រះរៀមៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ទ្រង់​នៅ​សម្តែង​សិល្បៈ​តែទ្រង់​ចូលរួម​សម្តែង​ជាមួយ​សិល្បករ​សិល្បៈការ​នី​ចិន ផ្នែក​របាំ​បា​ឡេ រឿង​នាង​សក់ និង​សិល្បៈ​រួមគ្នា​បែប​ស្នេហា​ជាដើម​។​


សំណួរ​ទី​៩. សម្តេចឪ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន តើ​សម្តេចព្រះរាម​បាន​ចងចាំ​នូវ​ព្រឹត្តិការណ៍​ណាមួយ​នៅពេល​សម្តេចឪ​ទ្រង់​គង់នៅ​ប្រទេស​ចិន​នាពេល​នោះទេ​?
សម្តេចព្រះរៀមៈខ្ញុំ​ចាំ​ថា​ពេល​ដង្ហែ​សម្តេចឪ​ទៅ​ប្រទេស​ចិន​គឺ​ព្រះអង្គ​ទ្រង់​បាន​ទៅ​ជួប ពិភាក្សា​ការងារ និង​សំណេះសំណាល​ជាមួយ លោក ជូ អេ​ន​ឡាយ នាយករដ្ឋមន្ត្រី​ចិន​និង​លោកជំទាវ នៅផ្ទះ​របស់លោក នៅក្នុង​បរិវេណ​ធៀន​អាន​មីន​។ លោកនាយក​រដ្ឋមន្ត្រី​ចិន បានទទួល​រាក់ទាក់​ខ្ញុំ លោកឪពុក​ខ្ញុំ និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនីនាថ សីហនុ ព្រមទាំង​ព្រះរាជបុត្រ​ដែលមាន​ពួក​ខ្ញុំ​ជា​កូនៗ ដោយ​លោកជំទាវ តេង យី​ង​ឆាវ បាន​ហៅ​ពួក​ខ្ញុំ​មក​ជិត​ដោយ​លោកជំទាវ​ចាត់ទុក​ពួក​ខ្ញុំ ដូចជា​កូនបង្កើត​របស់លោក​ជំទាវ​អ៊ីចឹង​។​


សំណួរ​ទី​១០.​តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​បង្ហាញថា ក្នុង​ពិធី​អបអរ​សារ​ទរ​បុណ្យ​ជាតិចិន ពេលនោះ​សម្តេចឪ​ទ្រង់​ក៏បាន​ស្តេចយាង​ជា​អធិបតី​ក្នុង​ពិធី​នោះ​ជាមួយ​លោក​ប្រមុខរដ្ឋ ម៉ៅ សេទុង និង​លោក ជូ អេ​ន​ឡាយ និង​ថ្នាក់ដឹកនាំ​ចិន​ជាច្រើន​នៅ​វិមាន​ធៀន​អាន​មិន​ដែរ ដើម្បី ទស្សនាការ​សម្តែង​រប​ស់​កងទ័ព​និង​សិល្បៈ ព្រមទាំង​ការបាញ់​កាំជ្រួច​ផងដែរ​។ ពេលនោះ​សម្តេចព្រះរៀម​ក៏​ឃើញ​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។​តើ​សម្តេចព្រះរៀម​បាន​ចងចាំ​ពី​ព្រឹត្តិការណ៍​នោះដែរ​ឬទេ ?
សម្ដេចព្រះរៀមៈ ខ្ញុំ​ចាំ​ច្បាស់​ណាស់ ពីព្រោះ​ពួក​ខ្ញុំ​នៅ​តូចៗ អាយុប្រមាណ​១៥ ឬ​១៦​ឆ្នាំ ប៉ុន្តែ​លោក​ប្រធានាធិបតី​ម៉ៅ​សេទុង និង​លោកនាយក​រដ្ឋមន្ត្រី ជូ អេង​ឡាយ មាន​ក្តីមេត្តា​ណាស់ ដោយបាន​អនុញ្ញាតឱ្យ​ពួកយើងខ្ញុំ​ជា​ក្មេងៗ​ហ្នឹង ឡើង​ទៅលើ​ធៀន​អាន​មិន​ដែរ​។ ប៉ុន្តែ​គ្រាន់តែ​ថា​មិនបាន​ឈរ​ខាងមុខ​ទេ​ដោយ​ឈរ​នៅ​ឆ្ងាយ ប៉ុន្តែ​បាន​ឡើង​ធៀន​អាន​មិន ហើយ​យប់​ឡើង​បានឃើញ​ការអុជ​កាំជ្រួច​ជុំវិញ​ទីក្រុង​ប៉េកាំង​ជាដើម កាលនោះ​បាន​ទៅ​ពេលព្រឹក​ផង​ល្ងាច​ផង ព្រោះថា​ជាធម្មតា​ក្មេងៗ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឡើងលើ​ធៀន​អាន​មិន​ទេ មានតែ​ពួក​បងប្អូន​ខ្ញុំ​បី​បួន​នាក់​នេះ​ទេ​ដែល​បាន​ឡើង​នោះ​។​
​ប្រទេស​ចិន​និង​ប្រជាជន​ចិន​បានចាត់ទុក​សម្តេចឪ​ជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​។


​សំណួរ​ទី​១១. តើ​សម្តេចព្រះរៀម​អាច​វាយតម្លៃ​បាន​ដូចម្ដេច​ដែរ​ចំពោះ​ទឹកចិត្ត​របស់​សម្តេចឪ​ចំពោះ​ប្រទេស​ចិន​?
​សម្ដេចព្រះរៀមៈ យោបល់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់ឃើញថា សម្តេចឪ​បានចាត់ទុក​លោក ជូ អេ​ន​ឡាយ​ដូចជា​បងប្រុស​របស់លោក​អ៊ីចឹង ពីព្រោះ​ឯកឧត្តម ជូ អេ​ន​ឡាយ មិន​ត្រឹមតែ​ជា​អ្នកតស៊ូ​រំដោះប្រទេស​ជាតិ​ជាមួយ​លោក​ប្រធាន​រដ្ឋ ម៉ៅ សេទុង ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ជា​មនុស្ស​ទៀងទាត់ ច្បាស់លាស់​ណាស់ ពេល​មានការ​លំបាក​គឺ​យើង​អាច​ពឹង​ពាក់បាន ហើយ​សម្តេចឪ​ក៏​លោក​បាន​ជួយ​វិញ​ដែរ ដោយ​សម្តេច​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ប្រទេស​ចិន​នៅ​អង្គការសហប្រជាជាតិ​ទៀតផង​។​


សំណួរ​ទី​១២. សម្តេចឪ​តែងតែមាន​ព្រះបន្ទូល​ថា ចាត់ទុក​ប្រទេស​ចិន​ជា​ស្រុកកំណើត​ទី​២​របស់​ព្រះអង្គ​។ ប៉ុន្តែ​មានការ​យល់ឃើញ​ខ្លះ​ថា​នោះ​ជា​បញ្ហា​នៅពេលដែល​ចាត់ទុក​ប្រទេស​ផ្សេង​ជា​ស្រុកកំណើត​ទី​២​របស់ខ្លួន តើ​សម្ដេចព្រះរៀម​យល់ឃើញ​យ៉ាងណាដែរ​?
​សម្ដេចព្រះរៀមៈ យើង​មានការ​ពិសោធ​ជាក់ស្តែង​ហើយ ឃើញថា​ប្រទេស​កម្ពុជា​យើង​ការពិបាក ឬក៏​ប្រទេសជាតិ​ជួបប្រទះ​នឹង​គ្រោះថ្នាក់​អ្វីមួយ​នោះ ប្រទេស​ចិន​មិនដែល​បោះបង់ចោល​យើង​ទេ​។ ចិន​តែងតែ​ជួយ​គាំទ្រ​យើង​ជានិច្ច​។ ដូច្នេះ​បានជា​ឪពុក​ខ្ញុំ​លើកឡើងថា ក្រៅពី​ប្រទេស​ចិន​នោះ គ្មាន​ប្រទេស​ណា​ស្រឡាញ់​កម្ពុជា​ស្មោះ​ហើយ​ជួយ​គាំទ្រ​យើង​ដោយ​សុទ្ធចិត្ត​ទេ​។​


​សំណួរ​ទី​១៣.​នៅពេល​សម្តេចព្រះរៀម​យាង​ទៅ​ប្រទេស​ចិន​ដំបូង តើ​មានការ​សង្កេតឃើញ​ជីវភាព​ប្រជាជន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សម័យ​នោះ​យ៉ាងដូចម្ដេច​ដែរ​? ហើយ​បើ​ប្រៀប​ធៀ​ម​មកដល់​សម័យ​បច្ចុប្បន្ន​ខុសប្លែកគ្នា​យ៉ាងដូចម្ដេច​ដែរ​?
​សម្ដេចព្រះរៀមៈ ចំពោះ​ខ្ញុំ​កាលពី​ជាង​៥០​ឆ្នាំមុន ដែល​ខ្ញុំ​បានធ្វើ​ដំណើរ​ជា​លើកដំបូង គឺ​គេ​រស់នៅ​គ្មាន​ផ្ទះ​ខ្ពស់ៗ​ដូច​សព្វថ្ងៃនេះ​ទេ​។ តែ​គេ​រស់​តាមបែប​របស់គេ​ម្យ៉ាង​។ កាលនោះ​ខ្ញុំ​បាន​ដង្ហែ​សម្តេចឪ​ជានិច្ច​ដោយ​តាមរយៈ​ការសម្តែង​សិល្បៈ​របាំ​ព្រះរាជ​ទ្រព្យ ហើយ​មកដល់​សព្វថ្ងៃ​ប្រទេស​ណា​ក៏​គេ​អភិវឌ្ឍន៍​ជឿនលឿន​ដែរ​។ ប៉ុន្តែ​រហូតមកដល់​ការដឹកនាំ​របស់​ឯកឧត្តម ស៊ី ជីន​ភីង សព្វថ្ងៃនេះ គ្មាន​អ្នកណា​ល្អ​ដូច​គាត់​ទេ បើទោះបី​ចិន​មាន​ប្រជាជន​ច្រើន ប្រទេស​ធំ​ក៏ដោយ​។​


សំណួរ​ទី​១៤. ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ស៊ី ជីន​ភីង ដែល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ នាពេល​កន្លងមក តើ​វា​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ផ្សេងៗ​ទៀត​ដូចម្ដេច​ដែរ​?
សម្តេចព្រះរៀមៈ គោលដៅ​របស់​ឯកឧត្តម ស៊ី ជីន​ភីង លោក​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ​នេះ គឺ​ល្អ​របស់លោក​ណាស់ គោលដៅ​បង្រួបបង្រួម​នៅក្នុង​តំបន់​អាស៊ី​ក្តី ជាយ​អ៊ឺរ៉ុប​បន្តិច​ក្តី​គឺ​ធ្វើ​នេះ​ដើម្បី​ទំនាក់ទំនង​គ្នា​ក្នុង​ផ្នែក​សេដ្ឋកិច្ច សិល្បៈ វប្បធម៌ និង វិស័យ​ផ្សេងទៀត​។ នេះ​ជា​គំនិត​ដ៏​វិសេសវិសាល​ណាស់​ដែល​លោក​មានគំនិត​ធ្វើ​នេះ​។


សំណួរ​ទី​១៥.​ក្នុងអំឡុងពេល​សម្តេច​ព្រះរៀម​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា តើ​មានការ​ផ្លាស់​ប្អូ​រ​ផ្នែក​វប្បធម៌​រវាង​ប្រទេស​ចិន​និង​កម្ពុជា​យ៉ាងណាខ្លះ​ដែរ​?
សម្ដេចព្រះរៀមៈ ចាប់ពី​ឆ្នាំ​១៩៩៣ ក្រោយពេល​បោះឆ្នោត​រួចហើយ រហូតមកដល់​ឆ្នាំ​១៩៩៩ ហើយពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៥ ខ្ញុំ​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គឺ​ភាគី​ចិន​និង​កម្ពុជា​បានធ្វើការ​ប្លា​ស់​ប្អូ​រ​ទស្សនកិច្ច​ទៅវិញទៅមក បន្ទាប់ពី​មានការ​អាក់ខាន​ដោយសារ​សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា​។ យើង​មានការ​ផ្លាស់ប្តូរ​ការសម្តែង​សិល្បៈ​ចិន​កម្ពុជា​ជាដើម​។ ហើយ​នៅ​ឆ្នាំ​២០០០ ភាគី​ចិន​បាន​ជួយ​ជួសជុល​សាល​មហោស្រព​ចតុម្មុខ និង​បំពាក់​គ្រឿង សម្ភារៈ​មួយចំនួន​ផងដែរ​ដើម្បី​ងាយស្រួល​ក្នុងការ​សម្តែង​សិល្បៈ​ផ្សេងៗ​។​


សំណួរ​ទី​១៦. នៅពេលដែល​សម្តេចព្រះរៀម​ដឹកនាំ​ក្រុម​សិល្បៈ​ខ្មែរ​ទៅ​សម្តែង​នៅ​ប្រទេស​ចិន​ថ្មីៗ​នេះ តើ​សម្តេចព្រះរៀម​មាន​មាន​ចំណាប់អារម្មណ៍​យ៉ាងណាដែរ​?
​សម្ដេចព្រះរៀមៈ គឺ​ទឹកចិត្ត​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​មិនមាន​ការប្រែប្រួល​ទេ គឺ​នៅតែ​គាំទ្រ​សិល្បៈ​ខ្មែរ និង​គណៈប្រតិភូ​ខ្មែរ​ដូចជា​ទម្លាប់​ពីមុនមក​ដដែល ពោលគឺ​បាន​នាំ​ក្រុម​របាំ​ខ្មែរ​ឱ្យ​ដើរ​ទស្សនា​នៅ​មហាកំពែង​ចិន និង​រៀបចំ​ពិធីជប់លៀង​ឱ្យ​ជាដើម​។ ខ្ញុំ​អគុណ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​ដែល​បាន​ជួយ​សម្រួល​លើ​ទំនាក់ទំនង​នេះ​។​


សំណួរ​ទី​១៧. ថ្ងៃទី​១ ខែតុលា ជា​ថ្ងៃបុណ្យ​ជាតិ​របស់​ចិន​។ ហើយ​គិត​មកដល់​ឆ្នាំនេះ​គឺជា​ខួប​គម្រប់ ៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន តើ​សម្តេចព្រះរាម​មាន​ព្រះបន្ទូល​អ្វី​ដើម្បី​ចូលរួម​អបអរសាទរ និង​ជូនពរ​ដល់​ប្រជាជន​ចិន​ទេ​?
​សម្ដេចព្រះរៀមៈ ខ្ញុំ​សូម​បួងសួង​ឱ្យ​ប្រទេស​ចិន​កាន់តែ​រីកចម្រើន ខ្ញុំ​ជឿជាក់ថា​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង ប្រទេស​ចិន​នឹង​កាន់តែ​វិវឌ្ឍន៍​ទៅមុខ​ខ្លាំង​ជានិច្ច​។ ជាមួយគ្នានេះ​ខ្ញុំ​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន​សូម​ជួបតែ​សេចក្តីសុខ​រហូត​៕សរន