សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីសុគត

543
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សម្ដេច រាជ បុត្រី ព្រះ រៀម នរោត្តម បុប្ផា ទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម ៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ៕B/