សម្ដេច​ក្រឡាហោម​សខេង​ដុះក្អែល​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​ដែល​ប្រើ​កម្លាំងយោធា​អនុវត្ត​ដីកា​

571
ចែករម្លែក
  • 1.3K
    Shares

ដោយៈ​មុនី​រ័ត្ន​ភ្នំពេញៈ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​រិះគន់​ទៅលើ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​ដែល​បាន​យក​កម្លាំងយោធា​ទៅ​អនុវត្ត​សាលដីកា និង​មាន​ការប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ នៅក្នុង​ជម្លោះដីធ្លី​មួយ​នៅ​នៅ​ភូមិ​គគីរ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។

​សម្តេច​ក្រឡាហោម​សខេង​បាន​ថ្លែង​រិះគន់​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​សម្តេច​ក្រឡាហោម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃមុន​ទៅ​ដោះស្រាយ​រឿង​ដី ចង់​និយាយថា​យើង​អ្នកច្បាប់​អ្នករដ្ឋបាល​ផង​អ្នកច្បាប់​ផង​។​

​យើង​ត្រូវ​ដឹង​គាត់​ទៅយក​កម្លាំង​អនុវត្ត​ច្បាប់​នគរបាល​និង​ប៉េអឹម​គឺ​ត្រូវ​ហើយ​។​ប៉ុន្តែ​គាត់​ទៅយក​កម្លាំងយោធា​ខុស​ហើយ​គេ​មិន​យក​កម្លាំងយោធា​ទៅ​អនុវត្ត​ដីកា​រឿង​កើត​នៅ​ខេត្តក្រចេះ​និង​នៅ​ខេត្ត​ព្រះសីហនុ​មានន័យថា​យើង​រដ្ឋបាលខេត្ត​ប៉ុនណា​ណី​អត់​ដឹង​ច្បាប់​ប្រយ័ត្ន​ដល់​ខេត្ត​ផ្សេងទៀត​។

​មន្ត្រី​អនុវត្ត​ច្បាប់​វា​មានតែ​នគរបាល​កងរាជអាវុធហត្ថ​ព្រះរាជអាជ្ញា​ហើយ​រឿង​វា​មិនទាន់​ត្រូវធ្វើ​ផង​។​វា​មិនទាន់​ចាំបាច់​ត្រូវធ្វើ​ខានមិនបាន​ផង​។​ខ្ញុំ​និយាយ​ច្រើនដង​ហើយ គ្រាន់តែ​ខ្ញុំ​លើក​មក​និយាយ​ទៀត ថាបើ​ធ្វើទៅ​យើង​មិន​ធ្វើ​ខុស ប៉ុន្តែ​ដល់​យើង​ទៅធ្វើ ធ្វើ​ខុសច្បាប់ អា​នឹង​ក៏បាន​តែ​ខុស​ទៀត​”​។​

​សម្តេច​ក្រឡាហោម​សខេង​បាន​បញ្ជាក់ថា​ក្នុង​ស្ថានការណ៍​ឥឡូវនេះ​ធ្វើបែបនេះ​អត់​បានទេ​។​ទៅមុខ​នេះ​ក៏​រិត​តែ​មិនបាន​ទៀតហើយ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើលមុខមើលក្រោយ​។​យក​កម្លាំងយោធា​អនុវត្ត​សាលដីកា គឺ​ខុសច្បាប់​។ មន្ត្រី​អនុវត្ត​ច្បាប់​មានតែ​នគរបាល និង​កងរាជអាវុធហត្ថ និង​ព្រះរាជអាជ្ញា ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ឈរលើ​ច្បាប់​”​។​

​គួរ​រំលឹក​ផងដែរ​ថា​ទាក់ទង​ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស​នៅក្នុង​ជម្លោះដីធ្លី​នៅ​ភូមិ​គគីរ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​កន្លងទៅ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើ​របាយការណ៍​ជូន​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រួចហើយ​។​

​លោក​យន្ត​មីន​អភិបាលខេត្ត​ព្រះសីហនុ​បានបញ្ជាក់​នៅក្នុង​របាយ​ការណ៍​នោះ​ថា​មាន​កម្លាំង​សមត្ថកិច្ច​ខ្លះ​បាន​បាញ់​ឡើងលើ​ជាការ​គំរាម​។​តែ​មិនមែនជា​ការបាញ់​ដោយ​ចេតនា​ឬ​មានការ​បញ្ជា​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ​។ ចំពោះ​ជនរងគ្រោះ​ដោយ​គ្រាប់កាំភ្លើង សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ក ព្រោះ​សង្ស័យថា មាន​ជន​ទី​៣ បង្កប់​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​។​

​យោងតាម​របាយការណ៍​ដដែល​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​លោក​ផៃ​ប៊ុន​វណ្ណៈ​អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​តាម​លិខិត​បង្គាប់ការ​លេខ ០០៦/១៩ លបក ចុះ​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ​២០១៩​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​មាន​៖ កម្លាំង​អាវុធហត្ថ​ចំនួន ១០០​នាក់​។ កម្លាំងយោធា​ចំនួន ១០០​នាក់ កម្លាំង​នគរបាល​ចំនួន ១០០​នាក់​។

មន្ត្រីរដ្ឋបាល​ខេត្ត​ស្រុក និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចំនួន ២០​នាក់ តាម​សំណើសុំ​លេខ ១៣៩ អ​.​យ​.​ក​/១០ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​សហការ​អនុវត្ត​សាលដីកា​លេខ​៣៤៨“​ឈ​”​ចុះ​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ក្រោម​ការដឹកនាំ​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា សៀង សុខ ព្រះរាជអាជ្ញារង ហួត វិចិត្រ និង​ព្រះរាជអាជ្ញា កៀង សុ​ន្ធ​រោ​៕S/​