សម្ដេច​ក្រឡាហោម​: “​ក្រសួងមហាផ្ទៃ​កំពុង​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់ ចំពោះ​អ្នក​ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​”

862
ចែករម្លែក

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ មុនី​រ័ត្ន​)​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ថា ក្រសួងមហាផ្ទៃ​កំពុងតែ​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់ ចំពោះ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិកា​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ទាក់ទង​ការស្នើ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ប​ចំការ​បោះឆ្នោត ស្នើសុំ​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់ ចំពោះ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិកា​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​ខាង​ជំនាញ​មិនទាន់​ឲ្យ​មក​សម្តេច​នៅឡើយ​ទេ​។ មើល​នៅក្នុង​ច្បាប់បោះឆ្នោត មាននិយាយ​អំពី​ទោសទណ្ឌ ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ “​ជំនាញ​មិនទាន់​ឲ្យ​ខ្ញុំ​ទេ យើង​មើល​នៅត្រង់​ច្បាប់បោះឆ្នោត​គេ​មាននិយាយ​អាហ្នឹង គេ​មាននិយាយ​ពី​ទោសទណ្ឌ​អ្នក​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​”​។​

​ទាក់ទង​សំណួរ​អ្នកកាសែត​សួរ​អំពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​មួយ​ដែល​ច្បាប់​បាន​រំលាយ​ហើយ ក្រសួង​នឹង​ពិនិត្យមើល​ទិដ្ឋភាព​យ៉ាងណា ដើម្បី​ឲ្យ​សមស្រប ព្រោះ​មិនអាច​ថា ទៅប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​យ៉ាងម៉េច​បើ​គណបក្ស​នឹង​រំលាយ​ហើយ​។ “​ខ្ញុំ​គិតថា គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​មួយ​ដែល​ច្បាប់​បាន​រំលាយ​ហើយ អីចឹង​ហើយ​យើង​នឹង​ពិនិត្យមើល​ទិដ្ឋភាព​យ៉ាងណា​ដើម្បី​ឲ្យ​សមស្រប មិនអាច​ថា ទៅប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​ម៉េច​បើ​គណបក្ស​នឹងរ​រំលាយ​ហើយ​”​។​

​យោងតាម​ច្បាប់បោះឆ្នោត​ត្រង់​មាត្រា​១៤២ បាន​ចែងថា ត្រូវ​ផាកពិន័យ​ជា​ប្រាក់​៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​៖ រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​រារាំង​មិន​ឲ្យ​ចុះឈ្មោះ​ប្រជា​ពល​ល​រដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត​។ រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​…​។​

​លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ បានដាក់​លិខិត​ស្នើសុំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​នៅក្នុង​លិខិត លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថា នាពេល​ថ្មីៗ​នេះ មានការ​អំពាវនាវ​ក៏ដូចជា​ជម្រុញ​ឲ្យ​មាន​ការចែក​ខិតប័ណ្ណ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិកា​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​ចាត់ទុកថា ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​ក្លែងក្លាយ​។ គ​.​ជ​.​ប ចាត់ទុកថា ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិកា​ក្នុងការ​បោះឆ្នោត គឺជា​សកម្មភាព​រារ​ងាំ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត និង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ន​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ ដូច​មានចែង​ក្នុង​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទាក់ទង​ការអំពាវនាវ​របស់លោក​សម រង្ស៊ី មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ត្រូវបាន​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ថា ការឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការឃោសនា​តាមរបៀប​បំបែកបំបាក់​ជាតិ ឬក៏​ការឃោសនា​ផ្សព្វផ្សាយ​ណាមួយ​ដែល​បង្ហាញ​អំពី​ភាពផ្តាច់មុខ​ខាង​នយោបាយ​ថា ទាល់​តែមាន​គណបក្ស​នេះ បាន​អាច​បោះឆ្នោត​បាន ទាល់​តែមាន​គណបក្ស​នោះបាន​អាច​បោះឆ្នោត​បាន នេះ​គឺជា​ទង្វើ​ផ្ទុយ​ច្បាប់ ដើរ​ច្រាស់​ជាមួយនឹង​ច្បាប់ ដើរ​ច្រាស់​ជាមួយ​ចរន្ត​សង្គម ដែល​គណបក្សនយោបាយ​ចំនួន​២០ ជឿជាក់​លើ​ការបោះឆ្នោត​បាន​ចុះឈ្មោះ ហើយ​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ បាន​ត្រៀមលក្ខណៈ​នៅក្នុង​ការបោះឆ្នោត នេះ​គឺជា​ភាពផ្តាច់មុខ​មួយ​ដែល​មិនមែនជា​ធាតុពិត​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​សកលលោក​ចង់បា​ន​នោះទេ​។ លទ្ធិប្រជាធិបតេយ្យ គឺ​មិនមាន​ភាពផ្តាច់មុខ​ខាង​គណបក្សនយោបាយ​ណាមួយ​ទេ​។​

​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​បញ្ជាក់ថា “​ចាត់វិធានការ​បែបណា ក្រសួងមហាផ្ទៃ និង​គ​.​ជ​.​ប កំពុងតែ​សិក្សា​ផ្លូវច្បាប់​។ យើង​ក៏​ចង់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ​។ ប៉ុន្តែ​សម្រាប់​គ​.​ជ​.​ប ធាតុពិត​ទៅ​មិន​ចង់​មាន​ថា ឲ្យ​តែមាន​ការបោះឆ្នោត មាន​ការដាក់ទោសទណ្ឌ​ដល់​អ្នកនេះ ដល់​អ្នកនោះ ពីព្រោះ​តែ​រឿង​បោះឆ្នោត​ទេ​។ គ​.​ជ​.​ប មាន​បេះដូង​ទូលាយ ប៉ុន្តែ​អ្វីដែល​ធ្វើឡើង​ដោយ​មធ្យោបាយ​ទុច្ចរិត​ផ្សេងៗ គ​.​ជ​.​ប ក៏ត្រូវ​តែមាន​ការចាត់​ចែង​រៀបចំ ហើយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។ ក្នុងនោះ​ការសហការ​ជាមួយ​ក្រសួងមហាផ្ទៃ គឺជា​សកម្មភាព​សំខាន់រ​របស់​យើង​”​។​

​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​រីករាយ​នឹង​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​កិច្ចសហប្រតិបត្តិការ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ទាន់ពេលវេលា​។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ​មាន​វិធាន​ការអប់រំ គឺ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ណា ឬ​ទប់ស្កាត់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។ ហើយ​ក្នុងករណី​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ទើប យើង​ធ្វើ​វិធានការ​ផ្លូវច្បាប់​។​

​សូមជម្រាបថា ការស្នើ​ឲ្យ​មាន​វិធានការ​ច្បាប់​នេះ គឺ​បន្ទាប់​ព​លោក​សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត និង​គ្រោង​បោះ​ខិតប័ណ្ណ​ចែក​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះដែ​ម​ទៀតផង​៕ ល​