សម្ដេច​ក្រឡាហោម ផ្ដល់ប្រាក់​លើកទឹកចិត្ត ដល់​អ្នក​បាន​មេដាយ​

272
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៨ តុលា នេះ លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​នាំយក​ថវិកា លើកទឹកចិត្ត របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ផ្ដល់ជូន​ដល់​កីឡាករ កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ដែល​បាន​មេដាយ ក្នុងការ​ប្រកួត​ជើងឯក យុវជន​អាស៊ី និង​និស្សិត សាកលវិទ្យាល័យ​អាស៊ី កន្លងមក នា​ប្រទេស​ហ្វីលីពីន​។

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង បាន​ឲ្យ​ដឹងថា ការប្រកួត​ទាំង ២ ព្រឹត្តិការណ៍​នេះ ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន ដោយមាន​ប្រទេស ចំនួន ១៣ ចូលរួម​។ នេះ​ជា​លើកដំបូង​ហើយ ដែល​កីឡាករ កីឡាការិនី សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​សម្រាប់​ការប្រកួត សូ​ហ្វ​តិ​ន្នី​ស​អាស៊ី​កម្ពុជា ដណ្ដើមបាន​មេដាយសំរិទ្ធ ១​គ្រឿង គឺ​កីឡាករ កាន់ សោ​ភ័​ណ្ឌ ។ ចំពោះ​ការប្រកួត​ដណ្ដើម ជើងឯក​យុវជន​អាស៊ី​កម្ពុជា ដណ្ដើមបាន​មេដាយសំរិទ្ធ ចំនួន ៣ គ្រឿង ។​

ទិដ្ឋភាព​ប្រគល់​ប្រាក់​លើកទឹកចិត្ត​

​មេដាយសំរិទ្ធ​ទាំង ៣ គ្រឿង​នោះ គឺ​បាន​លើ​វិញ្ញាសា​ឯកត្តជន ដែល​រកបាន​ដោយ​កីឡាករ សាយ សុចិ​ត្រា ។ មួយគ្រឿង​ទៀត បាន​លើ​វិញ្ញាសា​វាយ​គូ​យុវជន ដែល​រកបាន​ដោយ កីឡាករ សំ ចាន់​កាប៊ីន និង​កីឡាករ សាយ សុចិ​ត្រា ។ មេដាយសំរិទ្ធ​ទី ៣ រកបាន​លើ​វិញ្ញាសា​វាយ​ក្រុមយុវជន ដែល​មួយក្រុម​មាន ៦ នាក់​។​

​សម្រាប់​អ្នក​បាន​មេដាយសំរិទ្ធ សម្ដេច​ក្រឡាហោម ផ្ដល់ប្រាក់​លើកទឹកចិត្ត ក្នុង​ម្នាក់ៗ ៣០០ ដុល្លារ វិញ្ញាសា​វាយ​ក្រុម ៦ នាក់ បាន ៩០០ ដុល្លារ ចំពោះ​អ្នក​ដែល​មិនបាន​មេដាយ បានផ្ដល់​ប្រាក់​ឩ​ប​ត្ថ​ម្ភ​ម្នាក់ៗ ១០០ ដុល្លារ​ដែរ ៕

ទិដ្ឋភាព​ប្រគល់​ប្រាក់​លើកទឹកចិត្ត​