សម្ដេច​ក្រឡាហោម អំពាវនាវ​ឱ្យ​អ្នកបើកបរ​ទាំងឡាយ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យ​ខ្ជាប់ខ្ជួន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម

221

(​ភ្នំពេញ​) ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្ដីអំពាវនាវ​មួយ​ស្ដីពី «​ការទប់ស្កាត់​ចរាចរណ៍​គ្រោះថ្នាក់​ផ្លូវគោក​»​ក្នុងឱកាស​​ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី​ចិន​-​វៀតណាម នៅ​ពាក់កណ្តាល​ខែកុម្ភៈ ខាងមុខនេះ​។​

​តាមរយៈ​សេចក្ដីអំពាវនាវ​នេះ សម្ដេច​ក្រឡាហោម​បាន​លើកឡើងថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានកត់សម្គាល់​​ឃើញ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក តែងមាន​កំណើន​ខ្ពស់​នៅ​រាល់​ឱកាស​ពិធីបុណ្យ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​បាន​បណ្ដាល​ឲ្យ​មានកំ​​ណើ​ន​ជនរងគ្រោះ ជា​អតិបរមា​និង​មានការ​ខូចខាត​ទ្រព្យសម្បត្ដិ​ជាច្រើន​។​

​សម្ដេច​បន្ថែមថា “​ភាគច្រើន​នៃ​គ្រោះថ្នាក់​នេះ បណ្ដាលមកពី​ការបើកបរ​យានយន្ដ​មិន​គោរព​ច្បាប់ ឬ​ធ្វេសប្រហែស​ដូចជា​បើកបរ​លើស​​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង មិន​គោរព​សិទ្ធិ​អាទិភាព មិន​ពាក់មួក​សុវត្ថិភាព ការ​វ៉ា​ជែង​ប្រថុយប្រថាន ការដឹកនាំ​ទំនិញ ឫ​អ្នកដំណើរ​លើស​កំណត់​ជាដើម​”​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់ សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ ត្រូវ​បើកបរ​ដោយ​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រួមមាន ៖​ទី​១.​ត្រូវ​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​ជិះ​ទោចក្រយានយន្ដ​, ទី​២.​ត្រូវ​បើកបរ​តាម​ល្បឿន​កំណត់​, ទី​៣.​ត្រូវ​បើកបរ​មិន​ស្ថិតក្នុង​ស្ថាន​​ភាពស្រវឹង ទី​៤.​ត្រូវគោរព​សិទ្ធិ​អាទិភាព​, ទី​៥.​ត្រូវ​វ៉ា​ជែង​ក្នុងស្ថានភាព​សុវត្ថិភាព​, ទី​៦.​ត្រូវ​ដឹកទំនិញ ឬ​អ្នកដំណើរ​តាមច្បាប់​កំណត់​ជាដើម និង​ទី​៧.​ព្រមទាំង​ត្រូវ​បើកបរ ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច និង​ប្រកបដោយ​សីលធម៌ យោគយល់​អា​ធ្យា​ស្រ័យ​៕​ដោយ​៖​វិបុល​/sn