សម្ដេច​តេ​ជោ​បញ្ជា​ឧបនាយករដ្ឋមន្ដ្រី​និង​រដ្ឋមន្ដ្រី​២​រូប​ទៀត​ហាម​មិន​ឱ្យមាន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ

954
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​កោះកុង​៖​ថ្លែង​ចេញពី​ខេត្តកោះកុង​សម្ដេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឱ្យ​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង​,​។ លោក​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ដោយ​មិនត្រូវ​ឱ្យមាន​ការបង្ហូរ​ទឹក​កខ្វក់ ចូលក្នុង​សមុទ្រ​ជាដាច់ខាត​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​គូសបញ្ជាក់​ឱ្យ​ខិតខំ​ការពារ​ឆ្នេរ​ការពារ​ព្រៃ​ការពារ​បរិស្ថាន​ធម្មជាតិ និង​ខិតខំ​ព​ន្លឿ​ន​ការកសាង​កន្លែង​ចម្រោះ​ទឹក​កខ្វក់​ដោយ​មុនដំបូង​គឺ​ត្រូវខិតខំ​ព​ន្លឿ​ន​នៅ​ខេត្ត​ព្រះសីហនុ​។​ការដាក់​បទបញ្ជា​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​ក្នុងឱកាស​សម្ដេច​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ជុំ​ទី​២​ក្រោម​ប្រធានបទ​«​ឆ្នេរ​ស្អាត​ពលរដ្ឋ​រមណីយ​»។​អមដោយ​ពាក្យស្លោក​«​អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​» ដែល​ប្រព្រឹត្តទៅ​នៅក្នុង​ខេត្តកោះកុង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ចំណុច​នេះ​ដែល ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា​ត្រូវ​បន្ដ​ភាពម៉ឺងម៉ាត់​ជាមួយនឹង​លោក​ថោង​ខុន​ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ជាមួយនឹង​បណ្ដា​ខេត្ត​ដែលជា​ប់​ពាក់ព័ន្ធ​»​។​
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​បន្ដថា «​ខ្ញុំ​បានទទួល​របាយការណ៍​ពី​លោក​ជា សុផារ៉ា ហើយ​អំពី​ទុន​នានា​បន្ថែម​ដើម្បី​ធ្វើ​លូបង្ហូរទឹក​នៅឯ​ខេត្ត​ព្រះសីហនុ ត្រូវខិតខំ​ជំរុញ​ការអនុវត្ត​គម្រោង​នេះ ។​ក៏ប៉ុន្ដែ​ខ្ញុំ​គិតថា​គម្រោង​បែបនេះ គ្រាន់តែ​ជា​បណ្ដោះអាសន្ន​ទេ តែ​យើង​ត្រូវធ្វើ​គម្រោង​ធំ​ជាង​នេះ ដើម្បី​ធានាថា​ទឹក​កខ្វក់​ទាំងអស់ មិន​ត្រូវបាន​បង្ហូរ​ចូលទៅក្នុង​សមុទ្រ​នៅពេល​អនាគត​»​។​

​បន្ថែម​ពីនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​សង្កត់ធ្ងន់ថា ត្រូវ​រក្សា​ឱ្យបាន​សមុទ្រ​បៃតង និង​កិត្តិ​នា​ជា​តារា​រះ​នៅ​ភាគ​និរតី​និង​លើកទឹកចិត្ត​ឱ្យមាន​ការអភិវឌ្ឍ​បែប​អេកូ​ទេសចរណ៍​ដូច​តារា​សាគរ ។​ដោយ​មិនមាន​ការកាប់បំផ្លាញ​ព្រៃឈើ​ហើយ​អេកូ​ទេសចរណ៍​មិន​តម្រូវ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​នោះទេ​។​តែ​វា​បានទទួល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នេះ​ច្រើនជាង​វិស័យ​កសិកម្ម​និង​ការពារ​ព្រៃ​បាន​ថែម​ទៀតផង​។​

​សូមជម្រាបថា​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​៤​កន្លែង​នឹង​សាងសង់ឡើង​នៅតាម​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បញ្ចៀស​ការបង្ហូរ​ទឹក​ក​ខ្វក់ ទៅក្នុង​សមុទ្រ​។ អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​៤​ទីតាំង ដោយ​ទី​១៖ នៅ​ឆ្នេរ​ឯករាជ្យ​, ទី​២៖ នៅ​អូរ​ចន្លោះ​ក្រុមហ៊ុន​សុខា​, ទី​៣៖ នៅ​អូរ​សំអាត និង​ទី​៤៖ នៅ​ឆ្នេរ​អូរ​ឈើទាល ព្រមទាំង​ការរៀបចំ​បណ្តាញ​លូ​ប្រវែង​៩១៩​ម៉ែត្រ​។​

​លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ចុះ​សិក្សា​និង​វិភាគ​ទីតាំង​ផ្ទាល់​ដោយបាន​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​អ្នកពាក់ព័ន្ធ​។​បានរៀបចំ​ប្លង់​ស្ថានីយ​ប្លង់​បណ្តាញ​ប្រព័ន្ធ​ទុយោ​បូមទឹក​កខ្វក់​និង​លូ​បេតុង​មុខកាត់​១​ម៉ែត្រ​ព្រមទាំង​បានរៀបចំ​ឯកសារ​បច្ចេក​ទេស​លម្អិត​ដើម្បី​ធានា​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​រលូន​។​

​ជាមួយ​ការសម្រេច​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ ម្ចាស់​សណ្ឋាគារ និង​សំណង់​ខ្នាត​ធំ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានរួម​ចំណែក​ជា​ថវិកា​សរុប ចំនួន​៣.១០០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​ផងដែរ​៕S/​

#