សម្ដេច​តេ​ជោ​ប្រកាស​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បញ្ជូនមក​កម្ពុ​ជា​វិញ តែ​ត្រូវ​ព្យាបាល​ជំងឺ​ឲ្យ​ហើយ​សិន​ ​ ​

3977

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស ថា​អាមេរិក​កំពុង​ពិចារណា​បញ្ជូន​ពលរដ្ឋ​​ខ្មែរ​ដែល​ទៅ​រស់នៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ តែ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ទទួលយក​។​
​ ​
​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “…​មុននេះ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​សម្តេច​ក្រឡាហោម លើ​បញ្ហា​ប្រជាពលរដ្ឋ​ខ្មែរ នៅ​សហរដ្ឋអាមេរិក​…​កម្ពុជា អាមេរិក​យើង​មាន​កិច្ច​​ព្រមព្រៀង​ស្តីពី​ការបញ្ជូន​ពលរដ្ឋ​កម្ពុជា ដែលមាន​ទោស​ត្រឡប់មក​កម្ពុជា​វិញ​…​ហើយ​ថ្មីៗ​ចុងក្រោយ​នេះ មានការ​ចង់​បញ្ជូន​ពលរដ្ឋ​កម្ពុជា ដែលមាន​ទោស​ត្រឡប់មកវិញ ប៉ុន្តែ​យើង​បាន​គិតពី​សុខទុក្ខ​របស់​អ្នក​ទាំងនោះ ដោយ​ស្នើ​ឲ្យ​អាមេរិក ពិនិត្យ​និង​ព្យាបាល​អ្នក​ទាំងឡាយ ដែលមាន​ជំងឺ​ជាមុនសិន​… ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ ធ្វើការ​ចរចា​ជាមួយ​អាមេរិក លើ​បញ្ហា​នេះ​ឡើងវិញ​…​ឥឡូវនេះ អាមេរិក​ដល់​ខ្លួន​ចេញពី​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ទៅទៀត​…​តាមរយៈ​នេះ ស្នើ​ឲ្យ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជូន​សារ​នេះ ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា សូម​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ កម្ពុជា អាមេរិក និង​សូម​ឲ្យ​អាមេរិក ផ្តល់​ការផ្គត់ផ្គង់​និង​ការឧបត្ថម្ភ​ខ្លះ ដល់​អ្នក​ទាំងនោះ​…”​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​យ៉ាង​មហោឡារិក​ក្នុងការ​ទទួល​ជនភៀសខ្លួន​របស់​ពល​រដ្ឋ​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ឲ្យ​ត្រឡប់មកវិញ ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​វេទនា​នៅ​សហរដ្ឋអាមេរិក​នោះឡើយ​។​
​ ​
​ជាមួយគ្នានេះ សម្ដេច​ក៏បាន​អំពាវនាវ ដល់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​បន្ត​ប្រថុយប្រថាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ធ្វើការ​ជាមួយ​អាមេរិក ដើម្បី​ធានាថា ពលរដ្ឋ​ខ្មែរ​រស់នៅ​មិន​ស្របច្បាប់​នៅ​អាមេរិក​មិនត្រូវ​បាន​​បញ្ជូនទៅ​នៅតាម​កោះ​ដទៃ ដែលមាន​ទុក្ខវេទនា​ខ្លាំង​នោះទេ​៕​ដោយៈ​វិបុល​/sn