សម្ដេច​តេ​ជោ​ផ្ដាំ​ទៅ​មន្ដ្រី​ដែល​ពូកែ​សុំ​យោបល់​ឲ្យ​ធ្វើ​ខ្លួនឯង​ទៅ

475

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ក្នុងឱកាស​អញ្ជើញ ប្រគល់​វិញ្ញាបនបត្រ ដល់​សិស្សសាលា ភូមិន្ទ​រដ្ឋបាល​ថា មាន​មន្ត្រី​ខ្លះ​ពូកែ​តែ​សុំ​យោបល់ តែ​មិន​ព្រមធ្វើ​ខ្លួនឯង ខ្លះ​គ្រាន់តែ​ជា​របាយការណ៍ តែ​ក៏​មកសុំ​មតិ​ណែនាំ​។​

​សម្តេច​បន្តថា “​ណែនាំ​ស្អី ម៉េច​ក៏​មិន​ព្រម​…​ស្អី​ក៏​សុំ​យោបល់​មិនបាច់ ចឹ​ង​ចាំ​មាន​ក្រសួង​ទេ ចឹ​ង​នាយករដ្ឋមន្ត្រី​ម្នាក់ឯង​ធ្វើបាន​ហើយ​…”​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ថ្លែងថា “…​មន្ត្រី​ជា​អ្នកបម្រើ​ប្រជាជន​មិនមែន​ចៅហ្វាយនាយ​ប្រជាពលរដ្ឋ​ទេ ស្ថានភាព​នេះ​ដែល​តែងតែ​ដាស់តឿន​ឲ្យ​មន្ត្រី​ទាំងអស់​ធ្វើការ​ដោយ​ភាពស្មោះត្រង់​។​ត្រូវធ្វើ​ម៉េច​ឲ្យ​ចៅហ្វាយនាយ​ពេញចិត្ត​…​ទ្រឹស្ដី​នេះ​មិនមែន​ទ្រឹស្ដី​ដាច់ដោយឡែក របស់​មន្ត្រី​នោះទេ តែ​ក្រុមហ៊ុន​មួយចំនួន​ក៏​គេ​អនុវត្ត​អីចឹង​ដែរ​…”​។​

​សម្ដេច​ក៏បាន​លើកឡើង​ចំពោះ​អ្នកនយោបាយ​មួយចំនួន ដែល​បានតែ​និយាយ តែ​មិន​អាចធ្វើ​ថា “​អ្នកខ្លះ​ចូលចិត្ត​និយាយ​ពិ​រោះ និង​ឲ្យ​ពលរដ្ឋ​ចាប់អារម្មណ៍ ខណៈ​ខ្លួន​គ្មាន​សមត្ថភាព​…​ដូច​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក ត្រូវការ​លុយ​ពង្រឹង​យោធា​ដោយ​មិន​កាត់​ពន្ធ តែ​សុខចិត្ត កាត់​ជំនួយ នៅ​បណ្តា​ប្រទេស​មួយចំនួន​…”​។​

​សម្ដេច​តេ​ជោ ក៏បាន​បន្ដ​ដែរ​ថា “…​រឿង​ប្ដី​សក្តិ​បី ប្រពន្ធ​សក្តិ​៤ កូន​សក្តិ​៥​នេះ ជា​រឿង​ដែល​ខ្ញុំ​ស្អប់​ណាស់ ពាក្យ​ខ្មែរ​សំណាប​យោង​ដី ស្រី​យោង​ប្រុស មាន​ភរិយា​ជួយ​កិច្ចការ​ប្ដី ក្នុង​កិច្ចការ​មនុស្សធម៌​មិនមែន​លូកលាន់ កិច្ចការ​ប្ដី​មិនមែន​ត្រី​មួយ​ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​នោះទេ​។ ខ្ញុំ​លើកយក​រឿង​មួ​យមក​និយាយ ឌួង ឆាយ ដែលជា​កូន ឌួង ងៀប បានក្លាយ​ទៅជា​អ្នក​មនុស្សធម៌​មួយរូប ប៉ុន្តែ​រឿង​ប្រវត្តិ ឌួង ឆាយ មិនតូច​តាច​ទេ ខ្ញុំ​បាន​ទូរ​សព្ទ​ទៅ ឌួង ងៀប ឲ្យ​កូន​ចូលមក​ដោះស្រាយ តាមផ្លូវ​ច្បាប់ និង​ទី​២​លាក់​កូន​ទៅ ឥឡូវ ងៀប អរគុណ​ខ្ញុំ អ្នកធ្វើ​ខុសត្រូវ​ដាក់ទោស តាមច្បាប់​ដើម្បី​យុត្តិធម៌ ឥឡូវនេះ ឌួង ឆាយ ក្លាយទៅជា​អ្នកធ្វើ​កិច្ចការងារ​មនុស្សធម៌​ដ៏​ល្អ យើង​មិនត្រូវ​ទម្រើសកូន​ទេ​”​។​

​សម្ដេច​បន្ថែមថា “…​ព្រះករុណា​ខ្ញុំ សុំ​ផ្ដាំ​ពាក្យ​ខ្មែរ​មានន័យ​ជួនណា​ស់ ទទួលខុសត្រូវ​បានន័យថា ទទួល​ទាំង​ខុស​ទាំង​ត្រូវ កុំ​ស្រ​វ៉ា​យក​ត្រូវ អា​ខុស​ច្រានចោល​នោះទេ ត្រូវ​ទទួល​អស់​លើ​លោក​នេះ​គ្មាន អ្នកណា​ល្អឥតខ្ចោះ​ទេ​…​តែ​យើង​ត្រូវ​មើល ខុស​ច្រើនជាង ឬ​ត្រូវ​ច្រើនជាង យើង​ត្រូវ​ហ៊ាន​ប្រឈម ជាមួយ​កិច្ចការ​នោះ កុំ​គិតថា​ជោគជ័យ​ជា​របស់​យើង​អា​មិន​ជោគជ័យ​ទម្លាក់​ឲ្យ​គេ​ខ្ញុំ​យក​ឱកាស​នេះ​…”៕

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ក្នុងឱកាស​អញ្ជើញ ប្រគល់​វិញ្ញាបនបត្រ ដល់​សិស្សសាលា ភូមិន្ទ​រដ្ឋបាល​