សម្ដេច​តេ​ជោ​ព្រមាន​ដក​មេ​គុក​ព្រៃ​ស ដែល​បណ្ដោយ​ឲ្យ មា​ជ សុវណ្ណារ៉ា ប្រើ​ទូរស័ព្ទ​នៅក្នុង​គុក​

1150
ចែករម្លែក

 

​ដោយៈតារារិទ្ធ,មុនីរ័ត្ន/ភ្នំពេញ​៖​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​អនុរក្ស​គុក​ព្រៃ​ស ធ្វើការ​ហូត​ទូរស័ព្ទ​ពី​ទណ្ឌិត មា​ជ សុវណ្ណារ៉ា និង យក​ទូរស័ព្ទ​នោះ​ទៅធ្វើ​ការស្រាវជ្រាវ តើ​មានការ​ទាក់​ទង់​ទៅកាន់​អ្នកណាខ្លះ​? ។ បន្ទាប់ ទណ្ឌិត មា​ជ សុវណ្ណារ៉ា បាន​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លើយឆ្លង និង ផ្ញើរ​សារ​នយោបាយ​ចេញពី​ក្នុង​គុក​មក​ក្រុមប្រឆាំង​នៅ​ខាងក្រៅ ។

សម្តេច​តេ​ជោ​បាន​បញ្ជា​ទៅកាន់ លោក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាល ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប នា​ព្រឹក​ថ្ងៃទី​២៧ ខែ មីនា​នេះ ។ សម្តេច​បាន​បញ្ជា​ទៅ​លោក​អគ្គ​ស្នងការរង ឲ្យ​ដក​ទូរស័ព្ទ​ពី​ទណ្ឌិត​រូបនេះ​ក្នុង​រយៈ ពេល​មួយ​ម៉ោង និង ត្រូវ​ស្រាវជ្រាវ​មើល​អនុរក្ស​នៅ​ទីនោះ​ថា​មូលហេតុ​អ្វី​បានជា​ផ្តល់​ទូរស័ព្ទ​ឲ្យ​ទណ្ឌិត​ប្រើប្រាស់​បាន​ដោយ​សេ​រូ​បែបនេះ ។

សម្តេច​​បានធ្វើការ​ស្តីបន្ទោស​ប្រធាន​ពន្ធនាគារ​ដែល​បណ្តោយ​ឲ្យ​ទណ្ឌិត អាច​និយាយ​សារ​នយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាល​ដោយ​សេរី​ចេញពី​ក្នុង​គុក ។ ជាមួយគ្នានេះ​សម្តេច​ក៏បាន​ព្រមាន​ដក​មេ​ពន្ធនាគារ និង មេប៉ូលីស ទាំងអស់​ចេញពី​តំណែង​ផងដែរ ប្រសិនបើ​ករណីនេះ​មិនត្រូវ​បាន​ដោះស្រាយ និង នៅតែ​បណ្តោយ​ឲ្យ​មាន​បញ្ហា​បែបនេះ​កើតឡើង​ទៀត ។​

គួរ​បញ្ជាក់ថា​ទណ្ឌិត មា​ជ សុវណ្ណារ៉ា ដែលមាន​សញ្ជាតិ​ខ្មែរ​-​អាមេរិក ត្រូវបាន​កាត់ទោស​២០​ឆ្នាំ ពីបទ​ដឹកនាំ​កុបកម្ម​និង​អំពើ​ចូលរួម​ចលនា​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៤ ៕​L/MN

#